អន្តរជាតិ
ក្រុមអ្នកជំនាញអន្តរជាតិមួយក្រុម ទៅស្រីលង្កាដើម្បីទប់ស្កាត់ការធ្លាយប្រេងពីនាវាមួយគ្រឿង
05, Jun 2021 , 9:49 am        
រូបភាព
ដោយ៖ ឈួ ស៊ាវយីងជាវ
 
ក្រុមអ្នកជំនាញអន្តរជាតិ ត្រូវបានបញ្ជូនទៅកាន់ស្រីលង្កាដើម្បីជួយទប់ស្កាត់ការធ្លាយប្រេងពីនាវាដឹកកុងទីន័រ X-Press Pearl ដែលបានឆេះនៅក្នុងសមុទ្រដែលមានចម្ងាយ៨០គីឡូម៉ែត្រពីឆ្នេរសមុទ្រស្រីលង្កា។ នេះបើតាមការបញ្ជាក់របស់ប្រតិបត្តិករនាវានេះ។ គេបារម្ភថា ប្រេង និងសារធាតុគីមីក្នុងនាវា នឹងបង្កជាវិនាសកម្មបរិស្ថានដ៏អាក្រក់។

 
ក្រុមហ៊ុន X-Press Pearl ដែលជាម្ចាស់នាវានិយាយថា ក្រុមអ្នកតំណាងមកពីសហព័ន្ធម្ចាស់នាវាដឹកនាំប្រេងអន្តរជាតិ និងក្រុមអ្នកឆ្លើយតប កំពុងឃ្លាំមើលនាវា MV X-Press Pearl នៅឆ្នេរសមុទ្រ។ក្រុមទាំងពីរនេះកំពុងបន្តសហការជាមួយអាជ្ញាធរការពារបរិស្ថានសមុទ្រ (MEPA) និងកងទ័ពជើងទឹកស្រីលង្កា ដើម្បីបង្កើតផែនការដោះស្រាយនៅករណីលេចធ្លាយប្រេងខ្មៅ និងការបំពុលផ្សេងៗចេញពីខ្មោចនាវានេះ។
 
កាប៉ាល់ដែលបន្តឆាបឆេះអស់រយៈពេលជាង២សប្តាហ៍នេះ ត្រូវគេដឹងថា មានផ្ទុកកម្ទេចប្លាស្ទិក និងអាស៊ីតនីទ្រិចរហូតដល់២៨កុងទីន័រ។ ឆ្នេរសមុទ្រស្រីលង្កា កំពុងត្រូវគ្របដណ្តប់សុទ្ធតែកម្ទេចប្លាស្ទិក ដែលបង្កផលប៉ះពាល់ដល់ជីវចម្រុះក្នុងសមុទ្រ និងជីវភាពអ្នកនេសាទស្រីលង្កា។
 
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន X-Press Pearl លោក Shmuel Yoskoviz ចេញមុខសុំទោសដល់ស្រីលង្កាសម្រាប់គ្រោះមហន្តរាយដ៏អាក្រក់នេះ។«ខ្ញុំសូមសំដែងការសោកស្តាយ និងសុំទោសយ៉ាងខ្លាំងដល់ប្រជាជនស្រីលង្កាចំពោះព្រឹត្តិការណ៍អាក្រក់ ដែលបង្កផលប៉ះពាល់ដល់ជីវភាព និងបរិស្ថានរបស់ប្រទេសស្រីលង្កា»។ នេះបើតាមលោក Yoskoviz ទូរទស្សន៍ CNA ។
 
អ្នកនាំពាក្យកងទ័ពជើងទឹកស្រីលង្កា លោក Indika de Sliva បាននិយាយថា នៅថ្ងៃទី៤ ខែមិថុនាក្រុមអ្នកមុជទឹកបានទៅដល់នាវាដែលបានលិចនោះដើម្បីពិនិត្យនៅបាតនាវារកមើលការលេចធ្លាយណាមួយ។ ប៉ុន្តែបេសកកម្មនេះពុំអាចសម្រេចទេដោយសាររលកសមុទ្របោកបក់ខ្លាំង និងភាពមើលមិនច្បាស់ក្រោមទឹក។
 
ជាមួយគ្នាដែរ អាជ្ញាធរការពារបរិស្ថានសមុទ្រស្រីលង្កា បានដាក់នៅឧបករណ៍ច្រោះប្រេង និងសារធាតុធ្វើឱ្យប្រេងកក ប្រសិនបើនាវានេះលេចធ្លាយប្រេងរបស់ខ្លួនដែលមានចំណុះដល់ទៅ៣៥០តោន។
 
អាជ្ញាធរស្រីលង្កា ក៏ចាប់ឃាត់នាវិកចំនួន៣នាក់ ដែលម្នាក់ ជាជនជាតិឥណ្ឌា និង២នាក់ ជាជនជាតិរុស្សី និងដកហូតលិខិតឆ្លងដែនពួកគេផងដែរ៕
 

Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com