ជាតិ
ពីនេះ ពីនោះ
អណ្ដើក និងកន្ធាយ៧៩ក្បាល ត្រូវបានជួយសង្គ្រោះពីការជួញដូរ រយៈពេល៥ខែ
05, Jun 2021 , 1:59 pm        
រូបភាព
រូបភាពផ្ដល់ដោយអ្នកនាង Claire BAKER-MUNTON ជាមន្ត្រីទំនាក់ទំនងនៃអង្គការសម្ពន្ធមិត្តសត្វព្រៃ។
រូបភាពផ្ដល់ដោយអ្នកនាង Claire BAKER-MUNTON ជាមន្ត្រីទំនាក់ទំនងនៃអង្គការសម្ពន្ធមិត្តសត្វព្រៃ។
ដោយ៖ ស៊ុល រ៉វី 
 
ភ្នំពេញ៖ ៥ខែ ឆ្នាំ២០២១នេះ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់(WRRT) នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ  បានសង្គ្រោះសត្វអណ្តើក និងកន្ធាយចំនួន៧៩ក្បាល ពីការជួញដូរខុសច្បាប់ ។ ប៉ុន្តែគួរឱ្យសោកស្តាយ ក្នុងចំណោមអណ្តើក និងកន្ធាយដែលបានសង្គ្រោះនោះមាន ៤៥ក្បាលបានស្លាប់ទៅហើយ។ ចំណែក៣៤ក្បាលទៀត ត្រូវបានលែងឱ្យរស់នៅក្នុងជម្រកធម្មជាតិវិញ។

 
អ្នកនាង Claire BAKER-MUNTON មន្ត្រីទំនាក់ទំនងនៃអង្គការសម្ពន្ធមិត្តសត្វព្រៃ ប្រាប់សារព័ត៌មាន Thmeythmey25 តាមប្រព័ន្ធតេឡេក្រាមថា ក្នុងចំណោមសត្វដែលត្រូវបានសង្គ្រោះនោះ មានសត្វអណ្ដើកសរុប ៦៦ក្បាល ដែលស្ថិតក្នុងប្រភេទខុសៗគ្នា រួមមានអណ្ដើកស្រែ, អណ្ដើក, អណ្ដើកព្រិច, អណ្ដើកទឹក, អណ្ដើកក្អែក និងអណ្ដើកសង្កល់។ ចំណែកកន្ធាយ៣ក្បាល គឺជាប្រភេទកន្ធាយអាស៊ី។ 
 
ដ្បិតតែត្រូវបានសង្គ្រោះពីការជួញដូរ ប៉ុន្តែមានអណ្តើក និងកន្ធាយ ៤៥ក្បាល បានបាត់បង់ជីវិត ។ នេះបើតាមការរៀបរាប់របស់អ្នកនាង Claire ដែលបន្តថា សត្វអណ្ដើក និងកន្ធាយ ដែលនៅរស់ ត្រូវបានលែងឱ្យរស់នៅក្នុងជម្រកធម្មជាតិ។ 
 
បើតាមមន្ត្រីទំនាក់ទំនង នៃអង្គការសម្ពន្ធមិត្តសត្វព្រៃរូបនេះ នៅប្រទេសកម្ពុជាមានប្រភេទសត្វអណ្ដើកចំនួន១៨ប្រភេទ ដោយ៥ប្រភេទ ជាសត្វអណ្ដើកទឹកប្រៃ និង១៣ប្រភេទជាសត្វអណ្ដើកទឹកសាប។ 
 
បច្ចុប្បន្នទាំងសត្វអណ្ដើក និងកន្ធាយ កំពុងរងការគំរាមកំហែង ដោយកត្តាចម្បងពីរគឺកង្វះទីជម្រក និងការធ្វើពាណិជ្ជកម្មខុសច្បាប់ ដែលរួមមានការយកស៊ុត-សាច់ ស្នូក និងឆ្អឹង សម្រាប់បរិភោគ ផលិតជាកាវ និងឱសថបុរាណជាដើម។ ដើម្បស្តារចំនួនសត្វអណ្តើក និងកន្ធាយនៅកម្ពុជាអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានអំពាវនាវឱ្យសាធារណជន ចូលរួមការពារសត្វអណ្ដើក និងកន្ធាយ តាមរយៈការមិនបរិភោគ និងរាយការណ៍ករណីល្មើស ប្រសិនពួកគេបានឃើញពីការធ្វើអាជីវកម្មសត្វព្រៃ។
 
សូមជម្រាបថា នៅក្នុងឆ្នាំ២០២០កន្លងទៅ ក្រុម WRRT បានសង្គ្រោះ និងរឹបអូសសត្វអណ្ដើក និងកន្ធាយចំនួន ២៦២ក្បាល  ពីដៃឈ្មួញ ដែលក្នុងចំណោមនោះ មាន ១៨១ក្បាល នៅមានជីវិត៕
 
រូបភាពផ្ដល់ដោយអ្នកនាង Claire BAKER-MUNTON ជាមន្ត្រីទំនាក់ទំនងនៃអង្គការសម្ពន្ធមិត្តសត្វព្រៃ។





Tag:
 អណ្ដើក
  កន្ធាយ
  ThmeyThmey25
  WRRT
  Wildlife Alliance
© រក្សាសិទ្ធិដោយ thmeythmey.com