អន្តរជាតិ
បរិភោគផ្លែប័រនឹងផ្តល់អត្ថប្រយោជន៍បែបណាខ្លះចំពោះសុខភាព?
06, Jun 2021 , 8:29 am        
រូបភាព
សព្វថ្ងៃនេះ ផ្លែប័រកំពុងក្លាយជាប្រភេទផ្លែឈើពេញនិយមមួយក្នុងចំណោមប្រជាជនខ្មែរ ដោយសារគេអាចចៃ្នជាអាហារសម្រាប់បរិភោគបានច្រើនបែប។ ថ្វីបើមានភាពពេញនិយមដូច្នេះក្តី វាប្រហែលជាមានមនុស្សមិនច្រើនទេដែលធ្លាប់បានដឹងពីអត្ថប្រយោជន៍នៃផ្លែឈើប្រភេទនេះសម្រាប់សុខភាព។ ដូច្នេះហើយ សារព័ត៌មានថ្មីៗសូមលើកយក អត្ថប្រយោជន៍ចំនួន ប្រាំយ៉ាងរបស់ផ្លែប័រមានដូចខាងក្រោមនេះ ដោយផ្អែកតាមអត្ថបទត្រូវបានចុះផ្សាយក្នុងទំព័រសុខភាពនៃទូរទស្សន៍CNN ៖

 
១. សម្បូរសារធាតុអូមេហ្កា ៣
 
ផ្លែប័រមានអាស៊ីតខ្លាញ់អូមេហ្គា-៣ ខ្ពស់។ វាជាប្រភេទអាស៊ីតខ្លាញ់ដែលល្អ ចំពោះសុខភាពយើង ព្រោះវាមានមុខងារជួយបញ្ចុះជាតិកូឡេស្តេរ៉ូលមិនល្អ (LDL) ក្នុងឈាម។  កូឡេស្តេរ៉ូលមិនល្អកម្រិតខ្ពស់អាចបង្កឱ្យដាច់សរសៃឈាម ឬគាំងបេះដូងផង។ នេះបើតាម មជ្ឈមណ្ឌលអាមេរិកសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង។ 
 
២. ផ្លែប័រជាប្រភពនៃសារធាតុ «ប៉ូតាស្យូម» 
 
ផ្លែប័រ ១០០ក្រាម មានផ្ទុកជាតិប៉ូតាស្យូមប្រមាណ ៤៨៥ មីលីក្រាម។ សាធាតុប្រភេទនេះមានមុខងារ ឲ្យប្រព័ន្ធប្រសាទដំណើរការបានល្អ និងជួយដល់ការផ្លាស់ប្តូរសារធាតុចិញ្ចឹមទៅក្នុងកោសិកា ក្នុងពេលដែលមានការបោសសម្អាតកាកសំណល់ចេញពីរាង្គកាយ។ លើពីនេះ ប៉ូតាស្យូមនៅក្នុងផ្លែប័រ ក៏មានតួនាទីបណ្តេញជាតិសូដ្យូមតាមទឹកនោម ដើម្បីការពារជំងឺលើសឈាមផងដែរ។ 
 
៣. សម្បូរសាធាតុខ្លាញ់ Monounsaturated 
 
Monounsaturated ជាម៉ូលេគុលខ្លាញ់ ដែលជួយបញ្ចុះជាតិកូឡេស្តេរ៉ូលមិនល្អ (LDL) ក្នុងឈាម ដែលបណ្តាលឱ្យត្បៀតសរសៃរឈាម។ ផ្លែប័រអាចមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយឱ្យឈាមរត់បានស្រួល។ 

៤. សម្បូរសារធាតុសរសៃ (Fiber) 
ផ្លែប័រ ១០០ក្រាម មានផ្ទុកជាតិសរសៃ Fiber ជិត ៧ក្រាមឯណោះ។ ជាតិសរសៃដែលមានក្នុងអាហារ និងផ្លែឈើមានអត្ថប្រយោជន៍ណាស់សម្រាប់សុខភាពជារួម។  ដូច្នេះហើយផ្លែប័រមិនត្រឹមតែល្អចំពោះសុខភាពប៉ុណ្ណោះទេ វាក៏ជាជម្រើសល្អសម្រាប់អ្នកចង់សម្រកទម្ងន់ដែរ។ 
 
៥. សម្បូរដោយវីតាមីន B9 
 
ផ្លែប័រសម្បូរទៅដោយវីតាមីន B9 ដែលសារធាតុនេះមានតួនាទីសំខាន់ក្នុងការជួយដល់ដំណើរការនៃ ខួរក្បាល។ ជាការពិត សាធាតុនេះមានគុណប្រយោជន៍ល្អបំផុតសម្រាប់ស្ត្រីដែលមានផ្ទៃពោះ។ វីតាមីន B9 អាចជួយការពារពិការភាពពីកំណើត ជាពិសេសជំងឺដែលប៉ះពាល់ដល់ខួរក្បាល និងឆ្អឹងខ្នងរបស់ទារកអំឡុងពេលមានផ្ទៃពោះដំបូង។ ដូច្នេះស្រ្តីមានផ្ទៃពោះគួរបរិភោគផ្លែប័រ ឱ្យបាន ៦០០មីក្រូក្រាមក្នុងមួយថ្ងៃជាការល្អ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com