អន្តរជាតិ
ការសិក្សា៖ ទឹកកកសមុទ្រអាក់ទិកអាចមានកម្រាស់ស្ដើងជាងការរំពឹងទុកទ្វេដង
05, Jun 2021 , 9:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ៖ ជា ពេជ្រដាឡែន
 
ការសិក្សាថ្មីមួយក្រុមស្រាវជ្រាវនៃសាកលវិទ្យាល័យអង់គ្លេស University College London (UCL) បង្ហាញថា ទឹកកកនៅតាមតំបន់ឆ្នេរសមុទ្រអាក់ទិក អាចមានកម្រាស់ស្ដើងជាងកម្រាស់ទឹកកកដែលត្រូវបានគិតគូរក្នុងការសិក្សាមុនៗដល់ទៅពីរទៅដង។ ការរកឃើញនេះធ្វើឲ្យមានការព្រួយបារម្ភយ៉ាង ខ្លាំងអំពីការប្រែប្រួល អាកាសធាតុយ៉ាងឆាប់រហ័សលើពិភពលោក។
 
«យើងជឿជាក់ថា ការគណនាថ្មីរបស់ពួកយើង ជាជំហានទៅមុខដ៏សំខាន់មួយទាក់ទងនឹងការ បកស្រាយទិន្នន័យដែលយើងមានពីផ្កាយរណបដើម្បីទទួលបានទិន្នន័យត្រឹមត្រូវជាងនេះ»។ លោក Julienne Stroeve ជាសាស្ត្រាចារ្យសកលវិទ្យាល័យ UCL និងជាអ្នកស្រាវជ្រារួមក្នុងការសិក្សាលើកឡើងនេះ។ ការសិក្សាថ្មីមួយនេះ ត្រូវបានបោះពុម្ពផ្សាយលើទិនានុប្បវត្តិ The Cryosphere ។ 
 
ជាធម្មតា ការសិក្សាកម្រាស់ទឹកកក ត្រូវប៉ាន់ស្មានកម្រាស់ទឹកកកពីលើទឹកសមុទ្រ ប៉ុន្តែមធ្យោបាយ នេះងាយនឹងធ្វើឲ្យមានការវិនិច្ឆយខុសដោយសារតែព្រិលធ្លាក់ថ្មីធ្វើឱ្យទ្រង់ទ្រាយទឹកកកស្រុតចុះ ក្រោម។ លោក Robbie Mallett និស្សិតថ្នាក់បណ្ឌិតដែលដឹកនាំការសិក្សានេះ និយាយថា ការសិក្សា និងការគណនាកម្រាស់ទឹកកក ពេលមុនៗ បានប្រើប្រាស់ផែនទីកម្រាស់ព្រិលតាំងពី២០ ឆ្នាំមុន ឯណោះ។ ដោយសារទឹកកកប្ដូរទ្រង់ទ្រាយ ពីមួយឆ្នាំទៅមួយឆ្នាំ រីឯព្រិលមិនមានពេលគ្រប់គ្រាន់ដើម្បី រលាយចូលគ្នា មធ្យោបាយមួយនេះធ្វើឱ្យមានកំហុសក្នុងការវិនិច្ឆយកម្រាស់ទឹកកក។ 
 
ចំណែកការសិក្សាថ្មីរបស់ក្រុមស្រាវជ្រាវនៃសកលវិទ្យាល័យ UCL បានប្រើប្រាស់ផែនទីកម្រាស់ព្រិលថ្មី តាមប្រព័ន្ធផ្កាយរណបរបស់ ទីភ្នាក់ងារផ្កាយរណបអវកាសអ៉ឺរ៉ុបដោយកំណត់រយៈពេលនៃរលករ៉ាដា ផ្លាតពីទឹកកកទៅវិញ។ ការផ្លាតរលករ៉ាដា ជាវិធីសម្រាប់គណនាកម្រាស់ទឹកកកលើទឹកសមុទ្រ និង កម្រាស់ទឹកកកសរុប។ 
 
លើសពីនោះ ក្រុមស្រាវជ្រាវ ក៏បានគណនាកម្រាស់និងដង់ស៊ីតេព្រិលដោយបញ្ចូលកត្តាមួយចំនួនទៀតមានសីតុណ្ហភាពខ្យល់ កម្រិតព្រិលធ្លាក់ និងចលនាទឹកកក ដើម្បីតាមដានថា តើព្រិលកកុញ នៅលើទឹកកកមានកម្រាស់ប៉ុន្មាននៅពេលទឹកកករំកិលជុំវិញមហាសមុទ្រអាក់ទិក។ លទ្ធផលនេះរួម បញ្ចូលគ្នានឹងកម្រាស់ទឹកកក និងកម្រាស់ព្រិលអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រវាស់ស្ទង់អត្រារួមនៃការ ថយចុះកម្រាស់ទឹកកក ក៏ដូចជាភាពប្រែប្រួលរបស់ទឹកកកពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។
 
សូមបញ្ជាក់ថា ទឹកកកសមុទ្រអាក់ទិកកាន់តែមានកម្រាស់កាន់តែស្ដើងទៅៗពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះជាសញ្ញាបង្ហាញពីការកើនកំដៅភពផែនដី ដែលបង្កដោយការកើនឡើងការបញ្ចេញឧស្ម័នពីគ្រឿងម៉ាស៊ីនដែលដើរដោយប្រេង ឬធ្យូងថ្ម  ការកាប់បំផ្លាញព្រៃឈើ និងការបំពុលខ្យល់ផ្សេងៗដែលបង្កើតបានជាឧស្ម័នផ្ទះកញ្ចក់៕ 

© រក្សាសិទ្ធិដោយ thmeythmey.com