អន្តរជាតិ
ប្រមុខយោធាមីយ៉ាន់ម៉ាប្រាប់ប្រេសិតអាស៊ាន៖ ការបោះឆ្នោតធ្វើឡើងពេលស្ថានការណ៍ប្រក្រតី
05, Jun 2021 , 10:29 pm        
រូបភាព
ប្រមុខរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ជួបលោក Erywan Pehin Yusof រដ្ឋមន្រ្តីទីពីរក្រសួងការបរទេសព្រុយណេ។ រូបថត AFP
ប្រមុខរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ជួបលោក Erywan Pehin Yusof រដ្ឋមន្រ្តីទីពីរក្រសួងការបរទេសព្រុយណេ។ រូបថត AFP
ការបោះឆ្នោតថ្មីនៅមីយ៉ាន់ម៉ាដែលរៀបចំដោយយោធា ទំនងជាអាចកើតឡើងនៅពេលខ្លីខាងមុខឡើយ។ ប្រមុខរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ប្រាប់ប្រតិភូអាស៊ាននៅថ្ងៃទី៤ ខែមិថុនា ថា ការបោះឆ្នោត នឹងធ្វើឡើងនៅពេលស្ថានការណ៍វិលទៅរកភាពប្រក្រតីប៉ុណ្ណោះ។ លោក ក៏សារភាពថា របបសឹករបស់លោក នៅមិនទាន់អាចគ្រប់គ្រងសភាពការណ៍ក្នុងប្រទេសបានគ្រប់ជ្រុងជ្រោយនៅឡើយ។

មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានជួបជាមួយបេសកកម្មមួយក្រុមរបស់អាស៊ានដែលដឹកនាំដោយប្រមុខការទូតព្រុយណេ Erywan Pehin Yusof និងអគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមការងារព័ត៌មានរបស់រដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា។

បើតាមសេចក្ដីប្រកាសព័ត៌មាន ភាគីទាំងពីរ បានជជែកពីលទ្ធផលជំនួបមេដឹកនាំអាស៊ានលើបញ្ហាមីយ៉ាន់ម៉ានៅទីក្រុងហ្សាការតា ការអនុវត្តអនុសាសន៍របស់អាស៊ាន ក៏ដូចជាបញ្ហាវ៉ាក់សាំងផងដែរ។ ទាក់ទងស្ថានការណ៍នយោបាយវិញ លោក មីន អ៊ុងឡាំង ប្រាប់មន្ត្រីព្រុយណេ និងអាស៊ានថា ការបោះឆ្នោតនឹងធ្វើឡើងនៅពេលស្ថានការណ៍មីយ៉ាន់ម៉ា វិលត្រឡប់ទៅរកសភាពដើមវិញ។ ប្រមុខកងទ័ពមីយ៉ាន់ម៉ា មិនបានបញ្ជាក់លម្អិតពីរឿងនេះឡើយ។

កន្លងមក របបសឹកមីយ៉ាន់ម៉ាធ្លាប់ប្រកាសថា ការបោះឆ្នោតនឹងធ្វើឡើងអំឡុងពេលពីរឆ្នាំ។ ប៉ុន្តែក្រុមប្រឆាំងទាមទារឱ្យយោធាទទួលស្គាល់លទ្ធផលបោះឆ្នោតឆ្នាំ២០២០ ហើយប្រគល់អំណាចឱ្យរដ្ឋាភិបាលស៊ីវិលវិញ។

កាលពីជំនួបនៅអគ្គលេខាធិការដ្ឋានអាស៊ាន មេដឹកនាំអាស៊ានបានឯកភាពគ្នាលើចំណុច៥ ដើម្បីឈានទៅបញ្ចប់វិបត្តិនយោបាយក្នុងប្រទេសសមាជិកមួយនេះ។ ប៉ុន្តែរបបយោធាមីយ៉ាន់ម៉ា ហាក់មិនធ្វើតាមឡើយដូចជាការបញ្ឈប់អំពើហិង្សាជាបន្ទាន់ និងដំណើរទស្សនកិច្ចរបស់បេសកជនអាស៊ានជាដើម។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ហុងកុងកន្លងមក លោក មីន អ៊ុងឡាំង និយាយថា មីយ៉ាន់ម៉ាមិនទាន់អាចអនុវត្តតាមផែនការអាស៊ានឡើយ។

មកទល់ពេលនេះ អាស៊ាន ក៏មិនទាន់តែងតាំងបេសកជនពិសេសដែរ។ គេក៏មិនច្បាស់ថា ទស្សនកិច្ចលោក Yusof និងលោក Lim ដែលជួបមេដឹកនាំមីយ៉ាន់ម៉ាពេលនេះ ធ្វើឡើងក្នុងនាមជាបេសកជនពិសេសឬយ៉ាងណាឡើយ។

ក្រុមប្រឆាំងឯណោះវិញ ហាក់បោះបង់ក្ដីសង្ឃឹមលើអាស៊ានក្នុងការដើរតួនាទីសម្របសម្រួល។ អនុរដ្ឋមន្រ្តីការបរទេសនៃរដ្ឋាភិបាលស្រមោល លោក Moe Zaw Oo អះអាងថា រដ្ឋាភិបាលរួបរួមជាតិ មានទំនុកចិត្តតិចតួចលើអាស៊ាន៕
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com