អន្តរជាតិ
ប្រទេស G7 ឈានដល់ការព្រមព្រៀងយកពន្ធជាសាកលលើក្រុមហ៊ុនធំៗ
06, Jun 2021 , 11:59 am        
រូបភាព
ក្រុមប្រទេសអ្នកមានទាំង៧ (G7) នៅថ្ងៃទី៥ ខែមិថុនា បានឈានដល់កិច្ចព្រមព្រៀងមួយលើការយកពន្ធរួមគ្នាយ៉ាងតិច១៥ភាគរយលើក្រុមហ៊ុនធំៗរបស់ពិភពលោក។ ការសម្រេចចិត្តនេះ ក្លាយជាការបោះជំហានដ៏សំខាន់មួយក្នុងការកែទម្រង់ប្រព័ន្ធពន្ធអន្តរជាតិ ដែលមានចន្លោះប្រហោងរហូតទុកឱ្យក្រុមហ៊ុនធំៗដូចជា Facebook និង Google ជាដើម អាចគេចវេសពីការបង់ពន្ធ ឬបង់តិចតួច ទោះមានចំណូលរាប់រយលានដុល្លារក្ដី។
 
ការយកពន្ធរួមគ្នាលើក្រុមហ៊ុនអន្តរជាតិធំៗ ជារបៀបវារៈមួយក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) ។ កិច្ចប្រជុំពីរថ្ងៃនេះ ជាជំនួបទល់មុខលើកដំបូងក្រោយការផ្ទុះជំងឺកូវីដ-១៩ មក។ អង់គ្លេស ដែលជាប្រធានឆ្លាស់វេនរបស់ G7 ដឹកនាំកិច្ចប្រជុំនេះ។
 
ក្នុងសេចក្ដីថ្លែងការណ៍ក្រោយកិច្ចប្រជុំ រដ្ឋមន្រ្តី G7 មកពីបារាំង អង់គ្លេស អាល្លឺម៉ង់ ជប៉ុន កាណាដា អ៊ីតាលី និងអាមេរិក បានប្ដេជ្ញាចិត្តអនុវត្តការយកពន្ធរួមជាសាកលលើក្រុមហ៊ុនពហុជាតិយ៉ាងតិច១៥ភាគរយ ដោយអត្រានេះអាចប្រែប្រួលតាមប្រទេស។ ការឯកភាពរបស់ G7 នឹងបើកផ្លូវដល់ការចរចាស៊ីជម្រៅដើម្បីសម្រេចឱ្យបានកិច្ចព្រមព្រៀងអន្តជាតិមួយលើការយកពន្ធរួមគ្នានេះនាកិច្ចប្រជុំប្រទេសរីកចម្រើនទាំង២០ (G20) នៅខែកក្កដាខាងមុខ។
 
Facebook, Google និង Amazon សុទ្ធសឹងជាគោលដៅរបស់គម្រោងយកពន្ធរួមគ្នាជាសាកលនេះ។ កន្លងទៅ ក្រុមហ៊ុនទាំងនេះ ដែលរកចំណូលបានរាប់រយលានដុល្លារក្នុងមួយៗឆ្នាំ អាចកេងចំណេញពីការមិនបង់ពន្ធ ឬបង់ពន្ធទាប ដោយដាក់ទីស្នាក់ការប្រតិបត្តិការរបស់ពួកគេនៅប្រទេសដែលអនុគ្រោះដល់ការយកពន្ធ ឬមានអត្រាពន្ធទាប ទោះបើជាពួកគេរកស៊ីនៅប្រទេសផ្សេងក្ដី។ 
 
បារាំង និងអាមេរិក ជាប្រទេសចេញមុខខ្លាំងជាងគេលើការជំរុញយកពន្ធលើក្រុមហ៊ុនអន្តរជាតិទាំងនេះ។ គម្រោងនេះ ទទួលបានភ្លើងបៃតងពីប្រធានាធិបតីអាមេរិក ចូ បៃឌិន ផ្ទាល់ ដោយចង់កំណត់អត្រាពន្ធទាបបំផុត១៥ភាគរយ។ 
 
រដ្ឋមន្រ្តីរតនាគារអាមេរិក Yanet Allen និយាយថា គម្រោងយកពន្ធអប្បរមា១៥ភាគរយនេះ ជាការបញ្ចប់យុទ្ធនាការយកពន្ធលើក្រុមហ៊ុន។ ចំណែករដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស Rishi Sunak ដែលដឹកនាំកិច្ចប្រជុំនេះ អះអាងថា ការព្រមព្រៀងរបស់ G7 នឹងជួយធ្វើឱ្យប្រសើរឡើងប្រព័ន្ធពិភពលោកក្នុងយុគសម័យឌីជីថល៕

Tag:
 G7
© រក្សាសិទ្ធិដោយ thmeythmey.com