COVID-19
ជាតិ
ខេត្តក្រចេះ មានករណីស្លាប់ដំបូងដោយសារកូវីដ-១៩ លើស្ត្រីវ័យ៥៧ឆ្នាំ
06, Jun 2021 , 11:18 am        
រូបភាព
ដោយ: ថ្មីៗ
ខេត្តក្រចេះ មានករណីអ្នកស្លាប់ ១នាក់ដំបូង ដោយសារជំងឺកូវីដ-១៩  ស្ត្រីវ័យ ៥៧ឆ្នាំ ដែលមានទីលំនៅក្នុងភូមិវត្ត ឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ។ ស្ត្រីរូបនេះ បានបាត់បង់ជីវិតនៅម៉ោង ១០ កន្លះព្រឹក ថ្ងៃទី៥ មិថុនា។ នេះបើតាមលោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ បន្ថែមពីលើសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ។
 
លោក ឈ្នាង សុវុត្ថា បញ្ជាក់ដូច្នេះ៖ «នេះគឺជាករណីដំបូងនៅខេត្តយើង(ក្រចេះ)»។ ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានឱ្យដឹងទៀតថា មកទល់ពេលនេះខេត្តក្រចេះ បានរកឃើញករណីឆ្លងសរុប ១៤នាក់ ក្នុងនោះ ៧នាក់បានជាសះស្បើយ និង៦នាក់ទៀតកំពុងបន្តព្យាបាល និងមាន១នាក់បានស្លាប់ដែលជាករណីដំបូងនៅក្នុងខេត្តនេះ។ 
 
បើតាមរដ្ឋបាលខេត្តក្រចេះ ស្ត្រីរូបនេះ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅម៉ោង ៣រសៀល ថ្ងៃទី ៤មិថុនា ជាមួយនឹងអាការឈឺដើមទ្រូងខ្លាំង និងពិបាកដកដង្ហើម។ ដោយមានការសង្ស័យ គ្រូពេទ្យ បានយកសំណាកធ្វើតេស្តរហស័យ ហើយបានរកឃើញថា គាត់មានវិជ្ជមានកូវីដ-១៩។ នេះបើតាមសេចក្តីជូនដំណឹងដដែល ដោយបានបន្តថា ស្ថានភាពរបស់អ្នកជំងឺមានសភាពធ្ងន់ ដោយសារមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ មិនអាចសង្គ្រោះបាន។ ក្រុមគ្រូពេទ្យសន្និដ្ឋានថា អ្នកជំងឺ បានបាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវបណ្តាលមកពីជំងឺកូវីដ-១៩។
 

Tag:
 ឈ្នាង សុវុត្ថា
© រក្សាសិទ្ធិដោយ thmeythmey.com