សង្គមអន្តរជាតិ​
អន្តរជាតិ
ទង្វើល្អ! ឆ្នោត​រង្វាន់១លាន​ដុល្លារ យុវជនម្នាក់រើសបាន ហើយតាម​រកម្ចាស់ដើម​ដើម្បីឲ្យសន្លឹកឆ្នោត
06, Jun 2021 , 2:19 pm        
រូបភាព
ដោយ: ធីតា
កូន​ប្រុស​របស់ម្ចាស់ហាងមួយនៅរដ្ឋ Massachusetts សហរដ្ឋអាមេរិក បានប្រទះឃើញ​ឆ្នោតមួយសន្លឹក​ដែលមិន​ទាន់​កោស​សព្វគ្រប់។ ក្រោយ​ការ​ផ្ទៀងផ្ទាត់ នោះជាសន្លឹកឆ្នោត​ដែលត្រូវរង្វាន់​១លាន​ដុល្លារអាមេរិក។ តាម​ការផ្សាយ​របស់ AP យុវជននោះ ប្តូរចិត្តភ្លាមពី​គម្រោង​រក្សា​សន្លឹកឆ្នោត​សម្រាប់គ្រួសារទៅជាប្រឹងស្វែងរក​ម្ចាស់សន្លឹក​ឆ្នោត។
 
ករណីនេះ បាន​កើតឡើង​តាំងពីខែមីនា មកម្ល៉េះ។ ស្ត្រីឈ្មោះ Lea Rose Fiega បាន​អះអាងថា គាត់បាន​ចូលក្នុងហាង​ដើម្បីទិញឆ្នោតកោស «Diamond Millions»។ ដោយសារតែពេលនោះ គាត់ស្ថិតក្នុង​ស្ថានភាព​បន្ទាន់ពេក ក៏បាន​កោស​យ៉ាងប្រញាប់ប្រញាល់។
 
«បន្ទាន់ពេក ខ្ញុំ​បាន​កោសយ៉ាងលឿន ហើយគិតថា វា​ជាសន្លឹតឆ្នោតមិនត្រូវរង្វាន់ ខ្ញុំ​ក៏បោះ​វា​ចូល​តែម្តងទៅ»។ នេះជាការ​រៀបរាប់​របស់ម្ចាស់សន្លឹកឆ្នោតដែលត្រូវបាន​ដកស្រង់ដោយសារព័ត៌មាន Ouest-France។
 
ជាង១០ថ្ងៃក្រោយម្ចាស់ យុវជនឈ្មោះ Abhi Shah ដែលជាកូន​ប្រុសម្ចាស់ហាង បាន​ប្រទះឃើញ​សន្លឹកឆ្នោតនៅ​ក្នុងធុងសំរាម ហើយ​យក​វាទៅកោស​បង្ហើយ ទើបដឹងថា ជាសន្លឹក​ដែលត្រូវ​រង្វាន់​១លាន​ដុល្លារអាមេរិក។ 
 
«ភ្លាមៗ ខ្ញុំគិតថា នឹងមាន​ប្រាក់១លាន​ដុល្លារក្នុងដៃ។ ប៉ុន្តែក្រោយមក ខ្ញុំយល់ថា ធ្វើអំពើល្អវិញ​ទើប​ជា​រឿង​​ត្រឹមត្រូវ។ នេះជាការ​លើក​ឡើង​របស់យុវជនអាយុ​ជាង​៣០​ឆ្នាំ ដោយ​សម្រេច​ចិត្ត​តាម​រកអតិថិជន​ដែលបានទិញឆ្នោតនៅហាង​របស់ខ្លួន។
 
ទីបំផុត Abhi Shah បាន​រកឃើញ Lea Rose Fiega នៅកន្លែងធ្វើ​ការ ហើយ​ឪពុក​ម្តាយ​គេ​បានអះអាងថា ស្ត្រីរូបនោះ ពិតជាបានទៅទិញឆ្នោតនៅហាង​របស់ខ្លួន​ពិត​ប្រាកដមែន។ 
ក្រោយទទួលបាន​១លាន​ដុល្លារ Fiega ក៏បាន​បែងចែក​ប្រាក់រង្វាន់នេះទៅគ្រួសារ​របស់ Shah ផងដែរ។ ព្រមជាមួយគ្នា ម្ចាស់ហាង​ទទួលបានប្រាក់​លើក​ចិត្ត១០០០​០​ដុល្លារបន្ថែមទៀតពីក្រុមហ៊ុនឆ្នោត​រដ្ឋ Massachuetts៕
 




Tag:
 ឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com