COVID-19
អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិប្រចាំសប្តាហ៍
06, Jun 2021 , 7:59 pm        
រូបភាព
ក្នុងសប្តាហ៍ថ្មីនេះ អង្គការសុខភាពពិភពលោក បានប្រើប្រាស់ភាសាក្រិកជំនួសឱ្យកូរ៉ូណាវីរុសបំប្លែងខ្លួនថ្មី ដើម្បីបញ្ចៀសការរើសអើង។ មិនតែប៉ុណ្ណោះ អង្គការអន្តរជាតិមួយនេះ បានអនុម័តវ៉ាក់សាំងក្រុមហ៊ុន Sinovac ជាបន្ទាន់ផងដែរ។
 
ខាងក្រោមនេះ គឺជាព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ៖
 
ថ្ងៃទី៣១ ខែឧសភា
 
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល បានទាមទារការបកស្រាយពីអាមេរិក និងដាណឺម៉ាក ក្រោយបែកធ្លាយរឿងចារកិច្ចអាមេរិកលួចយកការណ៍ពីមេដឹកនាំ និងអ្នកនយោបាយនៅតំបន់អឺរ៉ុបរាប់ទាំងលោកស្រី មឺហ្គែល ផង។ 
 
អង្គការសុខភាពពិភពលោក (WHO) សម្រេចប្រើប្រាស់ភាសាក្រិកដើម្បីដាក់ឈ្មោះឱ្យវីរុសកូវីដ-១៩ បំប្លែងខ្លួនដែលរកឃើញដំបូងនៅអង់គ្លេស ប្រេស៊ីល អាហ្វ្រិកខាងត្បូង និងឥណ្ឌា។ វីរុសទាំងបួនទម្រង់នេះ ឆ្លងលឿនរហ័ស និងបង្កគ្រោះថ្នាក់ជាងវីរុសទម្រង់ដើមដែលផ្ទុះឡើងដំបូងនៅចិន។
 
ថ្ងៃទី១ ខែមិថុនា
 
អង្គការសុខភាពពិភពលោក (WHO) បានសម្រេចដាក់វ៉ាក់សាំងចិន Sinovac របស់ចិនជាប្រភេទវ៉ាក់សាំងប្រើប្រាស់បន្ទាន់ជាផ្លូវការ។
 
ក្រសួងការបរទេសម៉ាឡេស៊ី បានបញ្ជាក់ថា ខ្លួននឹងកោះហៅ អគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសខ្លួនឱ្យមកពន្យល់ពី យន្តហោះយោធាចំនួន ១៦គ្រឿង ដែលបានហោះចូល ក្នុងដែនអាកាសរបស់ខ្លួន។

ថ្ងៃទី២ ខែមិថុនា
 
ប្រទេសជាសមាជិកកិច្ចព្រមព្រៀងទូលំទូលាយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក(CPTPP) យល់ព្រមជាផ្លូវការឱ្យចក្រភពអង់គ្លេសចាប់ផ្តើមដំណើរការចូលរួមក្នុងកិច្ចព្រមព្រៀងនេះ។ 
 
អង្គការសុខភាពពិភពលោក (WHO) បានព្រមានពីតម្រូវការផ្នែកសុខាភិបាលយ៉ាងខ្លាំង នៅក្នុងតំបន់ប៉ាឡេស្ទីន។ បើតាមអង្គការ WHO ប្រជាជនប៉ាឡេស្ទីនស្ទើរតែ ២០ម៉ឺននាក់ កំពុងត្រូវការជំនួយសុខាភិបាល ស្របពេលមណ្ឌលសុខាភិបាលជាច្រើនកន្លែង ត្រូវបានបំផ្លាញក្នុងការប្រយុទ្ធគ្នានាពេលកន្លងមក។
 
ថ្ងៃទី៣ ខែមិថុនា
 
សហភាពអឺរ៉ុប នឹងដាក់ទណ្ឌកម្មបន្ថែមទៀតលើរបបសឹកមីយ៉ាន់ម៉ា និងអាជីវកម្មពាក់ព័ន្ធយោធា ក្នុងពេលឆាប់ៗខាងមុន ដើម្បីឆ្លើយតបនឹងការបង្រ្កាបលើអ្នកតវ៉ា។ លោក Josep Borrell ប្រធានកិច្ចការការបរទេសអឺរ៉ុប បានលើកឡើងបែបនេះ។ 
 
ប្រធានាធិបតីអាមេរិក ចូ បៃដិន បានបង្ហាញពីផែនការផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៨០លានដូសទៅកាន់បណ្តាប្រទេសលើពិភពលោក។ ៧៥ភាគរយនៃជំនួយនេះ នឹងត្រូវផ្តល់តាមយន្តការ COVAX ។

ថ្ងៃទី៤ ខែមិថុនា
 
វៀតណាម បានប្រកាសការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន Sinopharm ស្របពេលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងស្វះស្វែងរកវ៉ាក់សាំងចាក់ឱ្យបានគ្រាប់គ្រាន់សម្រាប់ប្រជាជនរបស់ខ្លួន។
 
ក្រសួងសុខាភិបាលថៃ បានទទួលវ៉ាក់សាំងក្រុមហ៊ុន AstraZeneca ដែលត្រូវបានផលិតនៅក្នុងស្រុកជាលើកដំបូង។ ក្នុងជំហានទីមួយនេះ ថៃទទួលបាន ១,៨លានដូស ក្នុងចំណោម ៦លានដូស ដែលថៃត្រូវទទួលបានក្នុងខែនេះ។
 
ថ្ងៃទី៥ ខែមិថុនា 
 
ក្រុមប្រទេសអ្នកមានទាំង៧ (G7) បានឈានដល់កិច្ចព្រមព្រៀងមួយលើការយកពន្ធរួមគ្នាយ៉ាងតិច១៥ភាគរយលើក្រុមហ៊ុនធំៗរបស់ពិភពលោក។ ការសម្រេចចិត្តនេះ ក្លាយជាការបោះជំហានដ៏សំខាន់មួយក្នុងការកែទម្រង់ប្រព័ន្ធពន្ធអន្តរជាតិ ដែលមានចន្លោះប្រហោងរហូតទុកឱ្យក្រុមហ៊ុនធំៗដូចជា Facebook និង Google ជាដើម អាចគេចវេសពីការបង់ពន្ធ ឬបង់តិចតួច ទោះមានចំណូលរាប់រយលានដុល្លារក្ដី៕ 
 

Tag:
 បារាំង
  WHO
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com