អន្តរជាតិ
ថៃ បារម្ភពីហិង្សានៅមីយ៉ាន់ម៉ា និងចង់ឃើញការអនុវត្តអនុសាសន៍៥ចំណុចរបស់អាស៊ាន
06, Jun 2021 , 9:59 pm        
រូបភាព
រដ្ឋាភិបាលថៃ បារម្ភពីអំពើហិង្សានៅតាមតំបន់ជាច្រើននៅមីយ៉ាន់ម៉ា និងចង់ឃើញការអនុវត្តតាមអនុសាសន៍ដែលដាក់ចេញក្រោយជំនួបមេដឹកនាំអាស៊ាននាពេលកន្លងមក។ ក្រសួងការបរទេសថៃបញ្ជាក់បែបនេះនៅថ្ងៃទី៦ ខែមិថុនា។ ថៃដែលជាប្រទេសភូមិផងរបស់មីយ៉ាន់ម៉ា ក៏កំពុងធ្វើការក្រោយឆាកដើម្បីជួយបញ្ចប់វិបត្តិផ្ទៃក្នុងរបស់អ្នកខាងជិតខ្លួន។
 
«យើងតាមដានការវិវត្តនៅមីយ៉ាន់ម៉ាយ៉ាងជិតដិតជាមួយក្ដីបារម្ភ ពិសេសអំពើហិង្សានៅផ្នែកជាច្រើន។» លោក Tanee Sangrat អ្នកនាំពាក្យក្រសួងការបរទេសថៃលើកឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី៦ ខែមិថុនា។ ថៃស្នើឱ្យបញ្ចប់ជាបន្ទាន់អំពើហិង្សានៅមីយ៉ាន់ម៉ា ដោះលែងអ្នកជាប់ឃុំទាំងអស់ ហើយស្នើឱ្យមានការអនុវត្តជាក់លាក់អនុសាសន៍៥ចំណុចឱ្យបានលឿនតាមតែអាចធ្វើបាន។
 
ក្រោយរដ្ឋប្រហារខែកុម្ភៈមក ការតវ៉ាប្រឆាំងរបបយោធា បានកើតឡើងស្ទើរមិនលស់ថ្ងៃ ហើយក៏ឈានដល់អំពើហិង្សាទៀតផង ដោយកម្លាំងសន្តិសុខប្រើធម៌ក្ដៅលើអ្នកតវ៉ា។ ស្ថានភាពនៅមីយ៉ាន់ម៉ា ឈានដល់ដំណាក់មួយទៀត ក្រោយការបង្កើតកម្លាំងការពារប្រជាជនពីសំណាក់រដ្ឋាភិបាលស្រមោល ដែលរុញឱ្យមានអំពើហិង្សាប្រដាប់អាវុធនៅតំបន់នានា។ ក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយចំនួន ក៏គាំទ្រកម្លាំងទើបបង្កើតថ្មី ប្រឆាំងយោធាផងដែរ។ 
 
កន្លងមក ការបាញ់តទល់រវាងកម្លាំងរដ្ឋាភិបាល និងកម្លាំងរបស់ក្រុមជនជាតិភាគតិចការ៉េន ក៏រាលដាលដល់ព្រំដែនថៃ និងមីយ៉ាន់ម៉ា។ ថៃ ជាអ្នកជិតខាងមីយ៉ាន់ម៉ាមានព្រំដែនជាប់គ្នាវែងជាងគេ។ អំពើហិង្សាទ្រង់ទ្រាយធំណាមួយនៅមីយ៉ាន់ម៉ា នឹងក្លាយជារឿងឈឺក្បាលសម្រាប់ថៃ ពិសេសលំហូរជនភៀសខ្លួនតែម្ដង។ សូម្បីក្នុងស្ថានភាពបច្ចុប្បន្ន ប្រជាជនមីយ៉ាន់ម៉ា ចាប់ផ្ដើមភៀសខ្លួនចូលទឹកដីបណ្ដើរៗទៅហើយដែរ។
 
បើតាមលោក Sangrat រដ្ឋាភិបាល បានធ្វើការងារជាច្រើនដើម្បីបញ្ចប់ជម្លោះនៅមីយ៉ាន់ម៉ា តែមិនធ្វើជាសាធារណឡើយ។ លោកបន្តថា រដ្ឋាភិបាលថៃអនុវត្តតាមគោលនយោបាយស្ងៀមស្ងាត់មិនឈូរឆររវាងអ្នកជិតខាង ព្រោះមានប្រសិទ្ធភាព និងស្របតាមជំហរជាប្រពៃណីរបស់ថៃផង៕
 

Tag:
 ថៃ
  មីយ៉ាន់ម់ា
© រក្សាសិទ្ធិដោយ thmeythmey.com