COVID-19
អន្តរជាតិ
តើកូវីដ-១៩ បង្រៀនឲ្យមនុស្សប្រើជីវិតរស់នៅបានប្រសើរជាងមុនយ៉ាងដូចម្តេច?
07, Jun 2021 , 8:29 am        
រូបភាព
រូបភាព  CNBC
រូបភាព CNBC
ក្រោយការរីករាលដាលជំងឺកូវីដ-១៩ ឈានដល់ទីបញ្ចប់ ជីវិតមនុស្សគ្រប់គ្នានឹងត្រលប់ទៅរកភាពប្រក្រតីវិញ ហើយវាក៏អាចនឹងប្រសើរជាងមុនទៀតផង។ តើការរស់នៅនឹងមានការផ្លាស់ប្តូរយ៉ាងណាខ្លះដែលមានភាពប្រសើរជាងមុននោះ?

ថ្វីត្បិតថា ជំងឺរាតត្បាត កូវីដ-១៩ បានធ្វើឱ្យមនុស្ស ជួបការលំបាកយ៉ាងខ្លាំងជាពិសេសកែប្រែទម្លាប់រស់នៅប្រចាំថ្ងៃ វាបានផ្តល់ឱ្យមនុស្សរាល់គ្នានូវបទពិសោធន៍ថ្មីសម្រាប់ការអភិវឌ្ឍជីវិតក្នុងពេលអនាគត។ តាមការចុះផ្សាយរបស់ទូរទស្សន៍ CNN ចំនុចវិជ្ជមាននោះគឺ ក្រោយឆ្លងកាត់ពេលវេលាដ៏លំបាក ក្នុងបរិបទកូវីដ-១៩ មនុស្សនឹងយល់ដឹងពីតម្លៃនៃពេលវេលា តម្លៃនៃសុខភាពរាងកាយ និងផ្លូវចិត្ត ក៏ដូចជាអំពើសប្បុរសធម៌ក្នុងជីវិតរស់នៅប្រចាំថ្ងៃជាដើមផង។ ខាងក្រោមនេះជាចំណុចសំខាន់ៗមួយចំនួន៖ 

១. កាន់តែមានភាពជិតស្និទ្ធក្នុងគ្រួសារ និងចេះធ្វើការបត់បែនតាមកាលៈទេសៈ
ដោយសារការរាតត្បាតជំងឺកូវីដ-១៩ សាលារៀន និងកន្លែងធ្វើការមួយចំនួនត្រូវបានបិទ ដែលតម្រូវឱ្យកុមារនិងមនុស្សពេញវ័យរៀន នឹងធ្វើការពីផ្ទះ។ ដំបូងវាជារឿងពិបាក តែយូរៗទៅមនុស្សអាចសម្របខ្លួនបាន ហើយយល់ថាការធ្វើការនិងរៀនពីផ្ទះបានធ្វើឱ្យទំនាក់ទំនងក្នុងគ្រួសាររវាងឪពុកម្តាយនិងកូនកាន់តែជិតស្និទ្ធ។ ពួកគេអាចមើលកូនៗ របស់ខ្លួនរៀន ក្នុងពេលបំពេញការងារ និងអាចមានពេលនៅជិតគ្នាបានច្រើនជាងមុន។ 

២. ចាប់ផ្តើមយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្
 
ជំងឺកូវីដ-១៩ បានជះឥទ្ធិពលដល់មនុស្សម្នាក់ៗតាមរបៀបខុសៗគ្នា ដែលភាគច្រើន គឺបញ្ហាផ្លូវចិត្ត ដូចជាការធុញថប់អារម្មណ៍ ឬបាក់ទឹកចិត្ត។ ដូចនេះ ការយកចិត្តទុកដាក់ លើសុខភាពផ្លូវចិត្តខ្លួនឯងគឺជារឿងសំខាន់បំផុតដើម្បីឆ្លងកាត់ដំណាក់កាលលំបាកនេះ។ ការយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តបានធ្វើឱ្យយើងស្គាល់ខ្លួនឯងកាន់តែច្បាស់ និងដឹងថាត្រូវអភិវឌ្ឍខ្លួនបែបណាបន្ថែមនៅពេលអនាគត។ 

៣. មានលទ្ធភាពចេះសម្របខ្លួនទៅតាមកាលៈទេសៈ
ក្នុងរយៈពេលបិទខ្ទប់ មនុស្សម្នាត្រូវបង្ខំឱ្យនៅតែក្នុងផ្ទះ ដែលវាជារឿងពិបាកព្រោះមិនអាច ចេញទៅធ្វើការងារខាងក្រៅបាន។ ប៉ុន្តែភាពលំបាកនេះបានបង្រៀនឱ្យមនុស្សរកឃើញ គំនិតច្នៃប្រឌិតថ្មី និងមានឱកាសរៀនជំនាញថ្មីជាដើម។ អ្នកខ្លះបានកែប្រែពីការលក់ ក្នុងហាងទៅជាលក់តាមប្រព័ន្ធអនឡាញ ហើយខ្លះទៀតបានផ្លាស់ប្តូរអាជីពខ្លួនទៅធ្វើអ្វី ដែលជាជំនាញបន្ទាប់បន្សំនិងចំណង់ចំណូលចិត្តខ្លួនជំនួសវិញដើម្បីប្រាក់ចំណូល។
 
៤. កាន់តែយល់ដឹងពីតម្លៃនៃអំពើសប្បុរស និងការជួួយគ្នាទៅវិញទៅមក
 
ក្នុងស្ថានភាពដ៏លំបាកនៃការរាតត្បាតជំងឺកូវីដ-១៩ បានធ្វើឱ្យមនុស្សមើលឃើញពីតម្លៃ នៃការលះបង់របស់ក្រុមគ្រូពេទ្យជាច្រើន ក៏ដូចជាការចែករំលែកចំណីអាហារ សម្ភារផ្សេងៗដល់អ្នកខ្វះខាតក្នុងគ្រាអាសន្ននេះ។ ជាក់ស្តែងដូចជាការចែកចាយវ៉ាក់សាំង ទៅឱ្យប្រទេសផ្សេងៗក្នុងសកលលោក និងការផ្តល់ជំនួយជាសម្ភារវេជ្ជសាស្រ្តនានា ទៅកាន់ប្រទេសដែលខ្វះខាតជាដើម។ មនុស្សភាគច្រើននឹងចងចាំក្នុងចិត្តសកម្មភាពសប្បុរសធម៌ទាំងនេះ បើទោះជាជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com