អន្តរជាតិ
ឥណ្ឌា បន្ធូរវិធានការបិទខ្ទប់ ខណៈករណីឆ្លងជំងឺកូវីដ-១៩ ថយចុះ
07, Jun 2021 , 10:52 am        
រូបភាព
ដោយ ចាន់ ស៊ីណា 
នៅថ្ងៃទី៦ មិថុនា ឥណ្ឌាបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ ថ្មីបន្ថែមទៀតចំនួនជាង១១ម៉ឺននាក់ ដែលជា កម្រិតទាបបំផុតក្នុងរយៈពេលពីរចុងក្រោយ។ ស្របពេលករណីឆ្លងបន្តធ្លាក់ចុះបែបនេះ ឥណ្ឌា ត្រៀមបន្ធូរបន្ថយវិធានការបិទខ្ទប់ផ្នែកខ្លះវិញ។


ជាមួយនឹងករណីឆ្លងថ្មីជាង១១ម៉ឺននាក់ដែលរាយការណ៍នៅថ្ងៃទី៦ ខែមិថុនា ឥណ្ឌា មានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ជាង២៨,៨លាននាក់ ដែលឈរលំដាប់ទីពីរបន្ទាប់ពីអាមេរិក។ ប្រទេសនេះ ក៏មានអ្នកស្លាប់៣៤៦.៧៥៩នាក់ផងដែរ។
 
ដោយឡែក រដ្ឋាភិបាលឥណ្ឌាគ្រោងនឹងបន្ធូរបន្ថយវិធានការបិទខ្ទប់ និងអនុញ្ញាតឱ្យដំណើរការអាជីវកម្មឡើងវិញនៅទីក្រុងញូវដែលី និងទីក្រុងដទៃនៅថ្ងៃទី៧ មិថុនានេះ។ រដ្ឋមហាសាស្ត្រា ដែលរងគ្រោះខ្លាំងដោយសាររលកឆ្លងទីពីរនេះ ក៏ត្រៀមបន្ធូរវិធានការរឹតត្បិតដ៏តឹងរ៉ឹងដែលអនុវត្តតាំងពីខែមេសាមក។ 
 
យ៉ាងណាមិញ ក្រុមអ្នកវិទ្យាសាស្ត្រក៏បានព្រមានពីរលកទី៣ ដែលអាចវាយប្រហារឥណ្ឌានៅចុងឆ្នាំប្រសិនបើប្រជាជនធ្វេសប្រហែស។ កុមារឥណ្ឌា នឹងរងគ្រោះខ្លាំងបើពិតជាមានរលកថ្មីនោះ។ 
ជាមួយគ្នានេះ រដ្ឋាភិបាលឥណ្ឌា ក៏បង្កើនល្បឿនផ្ដល់វ៉ាក់សាំងសម្រាប់ប្រជាជនទាំង១,៣ ពាន់លាននាក់។ ប៉ុន្តែការខ្វះខាតវ៉ាក់សាំង នៅតែជាបញ្ហា បើទោះជារដ្ឋាភិបាលឥណ្ឌាផ្ដល់ការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាកសាំងកាន់តែច្រើន និងចុះកិច្ចព្រមព្រៀងទិញរាប់រយលានដូសជាបន្តបន្ទាប់ក្ដី៕ 
 

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com