អន្តរជាតិ
អតីតមេដឹកនាំ១០០រូប សរសេរសំបុត្រស្នើប្រទេស G7 ផ្តល់លុយសម្រាប់ការចាក់វ៉ាក់សាំងសកល
07, Jun 2021 , 11:59 am        
រូបភាព
រូបថត AFP
រូបថត AFP
អតីតប្រធានាធិបតី នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសចំនួន ១០០នាក់មកពីប្រទេសនានាលើពិភពលោក បានជំរុញឱ្យក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) ចំណាយថវិកាជួយយុទ្ធនាការចាក់វ៉ាក់សាំងសកល ពិសេសនៅប្រទេសក្រីក្រ។ ការចាក់វ៉ាក់សាំង នឹងជួយបញ្ឈប់កូរ៉ូណាវីរុស ពីការបំប្លែងខ្លួន និងបង្កការគំរាមលើពិភពលោក។
 
ប្រសិនគ្មានការប្រែប្រួលទេ កិច្ចប្រជុំក្រុមប្រទេសអ្នកមានទាំង៧ នឹងត្រូវប្រារព្ធឡើងនៅភូមិឆ្នេរសមុទ្រ Carbis Bay ក្នុងតំបន់ Cornwall ប្រទេសអង់គ្លេស ដោយចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា។ មេដឹកនាំអាមេរិក ជាមួយមេដឹកនាំអង់គ្លេស បារាំង អឺល្លឺម៉ង់ អ៊ីតាលី កាណាដា និងជប៉ុន នឹងជួបទល់មុខគ្នាជាលើកដំបូង។
 
មុនកិច្ចប្រជុំខាងលើ អតីតមេដឹកនាំចំនួន ១០០នាក់ បានសរសេរលិខិតរួមគ្នាមួយច្បាប់ ដោយទទូចឱ្យក្រុមប្រទេសអ្នកមានទាំង៧ ជួយស្តារស្ថានការណ៍លើពិភពលោក ដែលកំពុងរងគ្រោះ ដោយសារការអុកឡុករបស់ជំងឺកូវីដ-១៩។ អតីតថ្នាក់ដឹកនាំទាំងនោះ អះអាងថា កិច្ចសហប្រតិបត្តិការសកល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ បានទទួលបរាជ័យរួចហើយនៅក្នុងឆ្នាំ ២០២០ ប៉ុន្តែឆ្នាំ២០២១ ជាដំណាក់កាលថ្មី ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
«ការគាំទ្រពីក្រុមប្រទេស G7 និង G20 ដែលជួយឱ្យវ៉ាក់សាំងបានទៅដល់ប្រទេសមានប្រាក់ចំណូលទាប និងចំណូលមធ្យម មិនមែនកាយវិការមនុស្សធម៌ឡើយ ប៉ុន្តែជាផលប្រយោជន៍យុទ្ធសាស្រ្តសម្រាប់ប្រទេសនីមួយៗ»។ លិខិតរបស់អតីតមេដឹកនាំ បានសង្កត់ធ្ងន់បែបនេះ។ 
 
លិខិត ដែលមានចុះហត្ថលេខាដោយ អតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក Gordon Brown និង លោក Tony Blair, អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន រួមទាំងអតីតមេដឹកនាំអាហ្រ្វិកចំនួន ១៥រូបផ្សេងទៀត បានបន្តលើកឡើងថា មេដឹកនាំ G7 និងមេដឹកនាំផ្សេងទៀត ដែលត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងកិច្ចប្រជុំនៅអង់គ្លេស គួរតែធានាក្នុងការផ្តល់ថវិការហូតដល់៣០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ និងត្រូវចំណាយរយៈពេល ២ឆ្នាំ ដើម្បីបញ្ឈប់ប្រយុទ្ធជាមួយជំងឺកូវីដ-១៩ ។ 
 
បើតាមលោកBrown អតីតនាយករដ្ឋមន្រ្តីអង់គ្លេស ការផ្តល់ហិរញ្ញវត្ថុពីសំណាក់ក្រុមប្រទេស G7 មិនមែនជាជំនួយមនុស្សធម៌ឡើយ ប៉ុន្តែគឺជាការការពារខ្លួន ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង ការបំប្លែងខ្លួនរបស់វីរុស ដែលគំរាមកំហែងមកលើពិភពលោក។ 
 
សំណើរបស់អតីតមេដឹកនាំនេះ ធ្វើឡើងស្របពេលជាមួយមូលនិធិជួយសង្រ្គោះកុមារ ដែលអំពាវនាវឱ្យក្រុមប្រទេសអ្នកមានទាំង ៧ បរិច្ចាគទឹកប្រាក់ចំនួន ៦៦ពាន់លានដុល្លារសម្រាប់វ៉ាក់សាំងបង្ការកូវីដ-១៩ ជាសកល។ មិនតែប៉ុណ្ណោះ ប្រជាជននៅអង់គ្លេស និងអាមេរិកចំនួន ៧៩ភាគរយ  ខណៈពេល បារាំងចំនួន ៦៣ភាគរយ នៅក្នុងការស្ទង់មតិមួយ បានគាំទ្រគោលនយោបាយការបរិច្ចាគថវិការលើវ៉ាក់សាំងជាសកលផងដែរ៕
 

Tag:
 G7
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com