អន្តរជាតិ
រថភ្លើងបុកគ្នានៅប៉ាគីស្ថាន បណ្ដាលឱ្យស្លាប់យ៉ាងហោចណាស់ ៣០នាក់
07, Jun 2021 , 2:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ឧបទ្ទវហេតុរថភ្លើងបុកគ្នា នៅប៉ាគីស្ថាន បានបង្កឱ្យមនុស្សយ៉ាងហោចណាស់ ៣០នាក់បាត់បង់ជីវិត និង៥០នាក់ផ្សេងទៀត រងរបួស។ នេះបើតាមការបញ្ជាក់របស់មន្រ្តីប៉ាគីស្ថាន នៅថ្ងៃទី៧ ខែមិថុនា។
 
រថភ្លើងចំនួនពីរខ្សែ បានប៉ះទង្គិចគ្នា នៅក្នុងខេត្ត Sindh ដែលស្ថិតនៅភាគខាងត្បូងប៉ាគីស្ថាន។ គ្រោះថ្នាក់នេះ បានកើតលើរថភ្លើងរបស់ក្រុមហ៊ុន Sir Syed Express ចេញពីក្រុង Lahore ឆ្ពោះទៅក្រុង Karachi ជាមួយរថភ្លើងរបស់ក្រុមហ៊ុន Millat Express។ បន្ទាប់ពីទង្គិចគ្នា ផ្នែកខ្លះនៃរថភ្លើង បានធ្លាក់ផ្លូវ និងក្រឡាប់។ 
 
តាមការបញ្ជាក់របស់ស្នងការរងក្រុង Ghotki លោក Usman Abdullah ហេតុការណ៍ខាងលើ បានធ្វើឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៣០នាក់ និង ៥០នាក់ផ្សេងទៀត រងរបួស។ យ៉ាងណាមិញ ពេលនេះ មន្រ្តីកំពុងព្យាយាមជួយសង្រ្គោះអ្នកជាប់ក្នុងរថភ្លើង បើទោះវាមានបញ្ហាលំបាក ដោយសារតែរថភ្លើងក្រឡាប់ក៏ដោយ។ 
 
ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក ស្នងការរងក្រុង Ghotki បានបន្ថែមថា ទូរថភ្លើងចំនួន ១៣ ទៅ ១៤ គឺធ្លាក់ផ្លូវ ខណៈទូរថភ្លើងចំនួន ៦ ទៅ៨ បានរងការបំផ្លាញយ៉ាងខ្លាំង។ 
 
បន្ទាប់ពីឧបទ្ទវហេតុខាងលើ អាជ្ញាធរប៉ាគីស្ថាន បានប្រកាសស្ថានភាពអាសន្នចំពោះមន្ទីរពេទ្យ នៅក្នុងក្រុង Ghotki, ក្រុង Dharki, ក្រុង Obaro និងក្រុង Mirpur Mathelo សម្រាប់ព្យាបាលអ្នករបួស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua។
 
សូមបញ្ជាក់ថា គ្រោះថ្នាក់លើរថភ្លើង តែងតែកើតមានជាញឹកញាប់នៅប៉ាគីស្ថាន ព្រោះរដ្ឋាភិបាល មិនសូវយកចិត្តទុកដាក់ លើការកែលម្អប្រព័ន្ធផ្លូវរថភ្លើង និងស្លាកសញ្ញា ដែលមានសភាចាស់ និងខ្វះគុណភាព៕  
 

Tag:
 រថភ្លើង
  ប៉ាគីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com