កីឡាអន្តរជាតិ
អន្តរជាតិ
De Bruyne និង Foden ឈ្នះពានកីឡាករឆ្នើម PFA រៀងៗខ្លួនប្រចាំឆ្នាំ ២០២១
07, Jun 2021 , 5:29 pm        
រូបភាព
Kevin de Bruyne ខ្សែបម្រើក្រុម Manchester City ឈ្នះពានកីឡាករឆ្នើមប្រចាំរដូវកាល PFA Player of the Year របស់សហព័ន្ធកីឡាករបាល់ទាត់អាជីពអង់គ្លេស (PFA) ពីរឆ្នាំជាប់ៗគ្នា។ មិត្តរួមក្រុម Phil Foden ជាប់ជាកីឡាករវ័យក្មេងឆ្នើម PFA Young Player ប្រចាំរដូវកាល២០២០-២០២១។

 De Bruyne ទទួលបានសំឡេងគាំទ្រលើសមិត្តរួមក្រុម Foden, Ruben Dias និង Ilkay Gundogan ក៏ដូចជា Bruno Fernandes ខ្សែបម្រើ Manchester United និង Harry Kane ខ្សែប្រយុទ្ធ Spursដើម្បីក្លាយជាម្ចាស់ពាន PFA Player of the Year ឆ្នាំ២០២១ នេះ។
 
ខ្សែបម្រើអន្តរជាតិប៊ែលហ្ស៊ិក វ័យ២៩ឆ្នាំរូបនេះ ដែលជួយ Man City ឈ្នះជើងឯក Premier League ជាលើកទី៣ ក្នុងរយៈពេល ៤ឆ្នាំ បានក្លាយជាកីឡាករទី៣បន្ទាប់ពី Thierry Henry អតីតកីឡាករ Arsenal និង Cristiano Ronaldo អតីតខ្សែប្រយុទ្ធឆ្នើម Manchester United ដែលឈ្នះ PFA ពីររដូវកាលជាប់គ្នា។
 
De Bruyne ដើរតួរនាទីយ៉ាងសំខាន់ក្នុងការជួយក្រុមលោក Pep Guardiola ឈ្នះលីគកំពូលអង់គ្លេស និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League។ De Bruyne រកបាន៦គ្រាប់ និងបញ្ជូនបាល់ឱ្យដៃគូសម្រេចទី១២លើក រដូវកាល ២០២០-២១។


 
ដោយឡែក Foden វ័យ២១ឆ្នាំ ដែលលេងឱ្យមេឃខៀវគ្រប់ការប្រកួតរដូវកាលកន្លងទៅបានឈ្នះពានកីឡាករយុវជនឆ្នើម PFA Young Player។ Foden បង្ហាញទម្រង់លេងដ៏អស្ចារ្យ រហូតលោក Gareth Southgate កោះហៅចូលជម្រើសជាតិអង់គ្លេសសម្រាប់យុទ្ធនាការ Euro ឆ្នាំ ២០២០។ Foden ប្រជែងឈ្នះមិត្តរួមជាតិអង់គ្លេស Trent Alexander-Arnold, Mason Mount, Declan Rice, Bukayo Saka និង Mason Greenwood សម្រាប់ពានកីឡាករឆ្នើមនេះ។
 
សម្រាប់ផ្នែកកីឡាការិនីវិញ Fran Kirby ខ្សែប្រយុទ្ធក្រុម Chelsea បានឈ្នះពាន Women’s Player of the Year ខណៈកីឡាការិនី Lauren Hemp របស់ Man City ឈ្នះពាន Women’s Young Player of the Year។
 
១១នាក់ល្អបំផុតសម្រាប់ក្រុមបុរស់នៅ ជើងឯក Premier League មាន
 
- អ្នកចាំទី៖ Ederson (Man City)
 
- ខ្សែការពារ៖ Cancelo, Stones, Dias របស់ Man City និង Show (Man Utd)
 
- ខ្សែបម្រើ៖ De Bruyne, Gundogan (Man City) និង Fernandes (Man Utd)
 
- ខ្សែប្រយុទ្ធ៖ Salah (Liverpool), Kane (Spurs) និង Son (Spurs)


 

Tag:
 PFA Player of the Year
  Kevin de Bruyne
© រក្សាសិទ្ធិដោយ thmeythmey.com