កីឡាអន្តរជាតិ
អន្តរជាតិ
Visin អតីតយុវជន AC Milan សម្លាប់ខ្លួនឯង ក្រោយរងទុក្ខដោយការរើសអើង
07, Jun 2021 , 10:59 pm        
រូបភាព
អតីតកីឡាករយុវជនក្រុម AC Milan ម្នាក់សម្លាប់ខ្លួន ក្រោយទទួលរងការរើសអើងជាតិសាសន៍។ Seid Visin វ័យ២០ឆ្នាំ ត្រូវបានគេឃើញដេកស្លាប់នៅផ្ទះរបស់គេនៅតំបន់ Campania ប្រទេសអ៊ីតាលី ជាមួយសំបុត្រដែលរៀបរាប់ពីការរងទុក្ខរបស់ខ្លួន។


Visin កើតនៅអេត្យូពី ប៉ុន្តែបានផ្លាស់ទៅរស់នៅឯអ៊ីតាលី និងធ្លាប់លេងឱ្យក្រុមថ្នាលរបស់ AC Milan និង Benevento។ ទោះជាយ៉ាងណា យុវជនរូបនេះបានសម្រេចចិត្តបោះបង់អាជីពបាល់ទាត់ ដោយផ្តោតលើការសិក្សាកាលពីឆ្នាំ ២០១៦ ប៉ុន្តែបន្តលេងឱ្យក្រុមហ្វូតសាល Atletico Vitalica។
 
ក្លិប Atletico Vitalica បានប្រកាសពីមរណភាពដ៏គួរឱ្យសោកសៅរបស់ Visin ក្រោយរូបគេបានធ្វើអត្តឃាតនៅផ្ទះរបស់ខ្លួន។ នេះបើតាមការផ្សាយរបស់កាសែតអ៊ីតាលី Corriere ដែលបញ្ជាក់ថាមូលហេតុនៃការស្លាប់ បណ្តាលមកពីយុវជនវ័យ២០ឆ្នាំរូបនេះរងទុក្ខក្នុងជីវិតដោយសារការរើសអើងជាតិសាសន៍មកលើខ្លួន។
 
Visin បានសរសេរសំបុត្រមុនរូបគេស្លាប់ ហើយសំបុត្រត្រូវបានបង្ហាញអំឡុងពេលពិធីបុណ្យសពរបស់គេដែលធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។ នៅក្នុងលិខិតនោះ អតីតយុវជនក្រុម AC Milan រូបនេះ រៀបរាប់ពីការទទួលរងសម្ពាធជុំវិញខ្លួន តាមរយៈការរើសអើងដែលរូបគេចាត់ទុកជាទង្វើគួរឱ្យស្អប់ខ្ពើម និងគួរឱ្យខ្លាច។
 
សមាជិកក្រុម AC Milan មួយចំនួនដែលរួមមានអ្នកចាំទី Gianluigi Donnarumma ផងបានបង្ហាញការសោកស្តាយចំពោះដំណឹងដ៏សោកសៅនេះ។ អ្នកចាំទីក្រុមជម្រើសជាតិអ៊ីតាលី វ័យ២២ឆ្នាំរូបនេះ ប្រាប់កាសែត ANSA ថា៖«ខ្ញុំធ្លាប់រស់នៅជាមួយ Visin កាលនៅ AC Milan ជាមួយគ្នា។ ខ្ញុំមិនអាចភ្លេចស្នាមញញឹមរបស់គាត់ទេ។ មិនគួរឱ្យជឿដែលរឿងនេះកើតឡើង»៕
 

Tag:
 Seid Visin
  AC Milan
  រើសអើងជាតិសាសន៍
© រក្សាសិទ្ធិដោយ thmeythmey.com