កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ក្លិប PSG ថា ដាច់ខាតមិនលក់ Mbappe ទេ ខណៈ Neymar ក៏មិនចង់ត្រឡប់ទៅ Barca វិញដែរ
08, Jun 2021 , 8:29 am        
រូបភាព
ដោយ៖ជា យូគៀង

លោក Nassar Al-Khelaifi ដែលជាម្ចាស់ក្លិប Paris Saint Germain (PSG) បានចេញមកបកស្រាយជុំវិញរឿងរ៉ាវពាក្យចចាមអារាមដែលថា Kylian Mbappe អាចនឹងចាកចេញនារដូវក្តៅខាងមុខ ស្របពេលកីឡាករវ័យ២២ឆ្នាំរូបនេះ ជាក្លាយជាគោលដៅដ៏សំខាន់របស់ក្លិប Real Madrid។ លោក Al-Khelaifi បានបញ្ជាក់ច្បាស់ៗថា Paris Saint Germain មិនលក់ Mbappe ជាដាច់ខាត ហើយរូបគេនឹងនៅជាមួយ PSG បន្តទៀត។ ចំណែកNeymar |ក៏មិនចង់ត្រឡប់ទៅ Barca វិញដែរ។


មួយរយៈពេលចុងក្រោយនេះ គេឃើញមានពាក្យចចាមអារ៉ាមជាច្រើន អំពីកីឡាករខ្សែប្រយុទ្ធវ័យ២២ឆ្នាំ Kylian Mbappe ដែលត្រូវបានក្លិបអធិរាជស Real Madrid ចង់បានពីក្រុម Paris Saint Germain ។ កីឡាករវ័យ២២ឆ្នាំរូបនេះ នឹងត្រូវផុតកុងត្រាជាមួយក្លិបអ្នកមានបារាំងនៅក្នុងឆ្នាំ ២០២២ ខាងមុខ ហើយមកដល់ពេលនេះ មិនទាន់មានការចចារថ្មីណាមួយបានកើតឡើងរវាងក្លិប និងរូបគេឡើយ។
 
ជុំវិញរឿងរ៉ាវពាក្យចចាមអារាមរបស់ Mbappe ម្ចាស់ក្លិប PSG លោក Al-Khelaifi ក៏ចេញមុខបកស្រាយ ខណៈកីឡាករឆ្នើមរូបនេះកំពុងហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបារាំងសម្រាប់ការប្រកួតពានរង្វាន់ Euro ២០២០។
 
«ខ្ញុំនឹងបញ្ជាក់ឲ្យកាន់តែច្បាស់។» លោក Al-Khelaifi បានប្រាប់ទៅកាន់សារព័ត៌មាន L’Equipe រួចបន្តទៀតថា Mbappe នឹងនៅជាមួយ Paris ហើយ ពួកយើងនឹងមិនលក់រូបគេទៅឲ្យក្លិបណាមួយឡើយហើយរូបគេក៏មិនចាក់ចេញដោយគ្មានតម្លៃខ្លួននោះដែរ។ 
 
មហាសេដ្ឋីរូបនេះអះអាងថា Mbappe មានអ្វីគ្រប់យ៉ាងដែលរូបគេត្រូវការអស់ហើយជាមួយក្រុម Paris ដែលជាក្រុមខ្លាំងមួយ។ លោកក៏សង្ឃឹមថា ក្លិបនឹងឈានចូលដល់ការចចារគ្នាលើកុងត្រាថ្មីក្នុងពេលឆាប់ៗនេះជាមួយ Mbappe ។ 
 
ម្ចាស់ក្លិប PSG លោក Nassan Al-Khelaifi ក៏បាននិយាយប្រាប់ពីមូលហេតុដែលតារាឆ្នើម Neymar JR បន្តកុងត្រាជាមួយក្លិប ដោយបោះបង់ចោលគោលបំណងត្រឡប់ទៅ Barcelona វិញ បន្ទាប់ពីនិយាយបញ្ហាជុំវិញរឿងរ៉ាវរបស់ Kylian Mbappe រួច។ លោក Al-Khelaifi និយាយថា Barcelona ចង់បាន Neymar ត្រលប់ទៅប្រទេសអេស្ប៉ាញវិញ ប៉ុន្តែដោយសារក្លិបពួកគេជួបបញ្ហាហិរញ្ញវត្ថុ ហើយសាមីខ្លួន Neymar ផ្ទាល់ក៏មិនចង់ត្រលប់ទៅ Camp Nou វិញដែរ។


 
ក្លិប FC Barcelona បានត្រឹមតែខកបំណងក្រោយពីបានព្យាយាមហៅកីឡាករខ្សែប្រយុទ្ធឆ្នើម Neymar ឲ្យត្រលប់ទៅក្លិបចាស់វិញដើម្បីបានលេងជាមួយ Lionel Messi សារជាថ្មី ដោយសារតែ Paris Saint Germain បានបន្តកុងត្រាថ្មីដល់ Neymar រហូតដល់ឆ្នាំ ២០២៥ កាលពីពេលថ្មីនេះ។ បើទោះជាតារាឆ្នើម Neymar មានក្តីស្រមៃបានលេងជុំគ្នាជាមួយ Messi វិញក៏ដោយ តែរូបគេក៏បានបោះបង់ចោលការចង់ត្រលប់ទៅ Barcelona វិញជាមួយគ្នាដែរ។
 
ជុំវិញរឿងរ៉ាវរបស់ Neymar លោក Al-Khelaifi បាននិយាយប្រាប់ព័ត៌មាន L’Equipe ថា៖«Barcelona បានព្យាយាមយ៉ាងសំបាកក្នុងការចុះកុងត្រាយក Neymar ត្រលប់ទៅវិញ។ ពិតណាស់ក្លិបរបស់យើងបានបដិសេដលើសំណើរមួយនោះ។ ខ្ញុំគិតថាក្លិបរបស់ពួកគេកំពុងជួបបញ្ហាហិរញ្ញវត្ថុ ប៉ុន្តែវាមិនមែនជារឿងរបស់ពួកយើងឡើយ ហើយវាមិនមែនជារឿងសម្ងាត់អីនោះទេ។ Neymar គេមិនចង់ត្រលប់ទៅទីនោះវិញឡើយបើទោះជារូបគេមិនទាន់សម្របខ្លួនបានល្អច្រើននៅ PSG រឺទីក្រុងប៉ារីសបានប្រសើក៏ដោយ បើអ្នកហៅគាត់ត្រលប់ទៅវិញគាត់និងប្រាប់អ្នកវិញថាគាត់សប្បាយចិត្តជាមួយ PSG។»

ពេលបច្ចុប្បន្ននេះ  Mbappe កំពុងស្ថិតនៅជាមួយក្រុមជម្រើសជាតិបារាំងក្នុងការត្រៀមខ្លួនប្រកួតពានរង្វាន់ Euro 2020 នាពេលឆាប់ៗខាងមុខ។ ក្រុមជម្រើសជាតិបារាំងស្ថិតនៅក្នុងពូល F ដែលត្រូវប្រកួតប្រជែងជាមួយក្រុម ព័រទុយហ្គាល់ អាល្លឺម៉ង់ និងហុងគ្រី។ ចំណែក Neymar ក៏កំពុងស្ថិតនៅហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិប្រេស៊ីលក្នុងការត្រៀមខ្លួនប្រកួតពានរង្វាន់ Copa America 2020 ។ ប្រេស៊ីលស្ថិតនៅក្នុងពូល A ដែលនិងត្រូវប្រកួតប្រជែងជាមួយ កូឡុំប៊ី អេក្ចាឌ័រ ប៉េរ៊ូ  និងវ៉េណេហ្ស៊ូអេឡ៉ា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com