កីឡាអន្តរជាតិ
អន្តរជាតិ
Foden មានតម្លៃខ្លួនថ្លៃជាងគេចំណោមកីឡាករនៅលីគអឺរ៉ុប ឯ Greenwood និង Rashford តាមពីក្រោយ
09, Jun 2021 , 8:29 am        
រូបភាព
កីឡាករអង់គ្លេស៣រូប រួមមាន Phil Foden, Mason Greenwood និង Marcus Rashford មានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងចំណោមកីឡាករប្រកបអាជីពនៅលីគកំពូលទាំង៥របស់អឺរ៉ុប។ នេះបើយោងតាមទិន្នន័យរបស់មន្ទីរស្រាវជ្រាវកីឡាបាល់ទាត់ CIES Football Observatory។

 
Foden ខ្សែបម្រើក្រុម Manchester City ឈរលើគេមានតម្លៃ ២៣១លានដុល្លារអាមេរិក តាមពីក្រោយដោយកីឡាករ Manchester United ពីររូប គឺ Greenwood តម្លៃ ២១៦លានដុល្លារ និង Rashford តម្លៃ ១៩៣លានដុល្លារ។
 
Erling Haaland របស់ Borussia Dortmund ស្ថិតនៅចំណាត់ថ្នាក់ទី៤ ជាមួយតម្លៃផ្ទេរ ១៨៩លានដុល្លារ ខណៈ Bruno Fernandes ខ្សែបម្រើឆ្នើមបិសាចក្រហម ឈរនៅលំដាប់ទី៥មានតម្លៃ ១៨៦លានដុល្លារ។
 
 CIES Football Observatory បានចាត់ថ្នាក់តម្លៃសម្រាប់កីឡាករខាងលើ ដោយយោងតាមកកត្តាអាយុតិច សេដ្ឋកិច្ចក្លិប និងទេពកោសល្យដ៏អស្ចារ្យរបស់ពួកគេសម្រាប់ក្រុមក្នុងការប្រកួតកន្លងមក។
 
Foden វ័យ២១ឆ្នាំ បានបញ្ចេញទម្រង់លេងលេចធ្លោ តាមរយៈការជួយក្រុមមេឃខៀវលើកពាន Premier League រដូវកាលកន្លងទៅ។ ខ្សែបម្រើអង់គ្លេសរូបនេះ ក៏រួមចំណែកសំខាន់ក្នុងការនាំក្រុមលោក Pep Guardiola ឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League បើទោះចាញ់ Chelsea ក្តី។
 
Greenwood វ័យ១៩ឆ្នាំ និង Rashford អាយុ២៣ឆ្នាំ ដើរតួសំខាន់ក្នុងការជួយ Man Utd បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ក្នុងតារាងលីគកំពូលអង់គ្លេស និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Europa League។ Greenwood រកបាន១២ គ្រាប់ ឯ Rashford សម្រេចទីបាន២១គ្រាប់ នៅគ្រប់ការប្រកួតទាំងអស់។
 
ដោយឡែក កីឡាករ៥រូបទៀតដែលស្ថិតក្នុងចំណោមកីឡាករថ្លៃជាងគេទាំង១០ រួមមានចំណាត់ថ្នាក់លេខ ៦ Frenkie de Jong របស់ Barcelona តម្លៃ១៦៨លានដុល្លារ លេខ៧ Pedri របស់ Barcelona តម្លៃ១៦១លានដុល្លារ លេខ៨ Alphonso Davies ខ្សែការពារ Bayern Munich តម្លៃ ១៥៩លានដុល្លារ លេខ៩ Joao Felix ខ្សែប្រយុទ្ធ Atletico Madrid តម្លៃ ១៥៥លានដុល្លារ និងលេខរៀងទី១០ កីឡាករ Mason Mount ខ្សែបម្រើ Chelsea តម្លៃ ១៥០លានដុល្លារ៕
 

Tag:
 CIES Football Observatory
© រក្សាសិទ្ធិដោយ thmeythmey.com