កីឡាជាតិ
ជាតិ
ប្រទេស៨ ជំទាស់សំណើវៀតណាម ដែលសុំពន្យារពេលរៀបចំស៊ីហ្គេម ២០២១ 10, Jun 2021 , 10:07 am
× ភ្នំពេញ៖ ប្រទេស៨ ក្នុងចំណោមរដ្ឋ១១ នៃការប្រកួតស៊ីហ្គេម បានជំទាស់សំណើវៀតណាម ដែលសុំពន្យារពេលរៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ។ ការសុំពន្យារពេលរៀបចំស៊ីហ្គេមរបស់ម្ចាស់ផ្ទះវៀតណាមនេះ ក្រោមហេតុផលថា ស្ថានភាពវិបត្តិជំងឺកូវីដ-១៩ កំពុងរាតត្បាតក្នុងប្រទេស ក៏ដូចជាបន្តរីករាលដាលជាសកលនៅឡើយ ។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា សំណើរបស់វៀតណាមនេះ មិនទាន់សម្រេចជាផ្លូវការនៅឡើយទេ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់គណៈអចិន្ត្រៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី៩ មិថុនា។ នោះក៏ព្រោះតែមានប្រទេសខ្លះ បដិសេធសំណើសុំពន្យារពេលរៀបចំស៊ីហ្គេមរបស់ម្ចាស់ផ្ទះវៀតណាម ។
ប្រទេសដែលបោះឆ្នោតបដិសេធសំណើវៀតណាមនោះ រួមមាន ព្រុយណេ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន សិង្ហបុរី កម្ពុជា និងទីម័រ។ ចំណែកប្រទេសដែលយល់ស្របនោះ មាន មីយ៉ាន៉ម៉ា និងវៀតណាម ខណៈឡាវ អនុប្បវាទ។
ដ្បិតមានការបដិសេធលើសំណើវៀតណាម ពេលនេះក្តី តែវាក៏នៅសល់កិច្ចប្រជុំសម្រេចចុងក្រោយ នា២សប្ដាហ៍ខាងមុខទៀតដែរ។ នេះបើតាមលោក វ៉ាត់ ចំរើន ដែលបានបន្ថែមថា សមាជិកទាំងអស់ បានស្នើឱ្យគណៈកម្មការរៀបចំការប្រកួតស៊ីហ្គេមវៀតណាម ពិភាក្សាគ្នាជាមួយរដ្ឋាភិបាលវៀតណាមឡើងវិញ នូវសេណារីយ៉ូ ចំនួន៣ រួមមានទី១ វៀតណាមត្រូវរក្សាកាលបរិច្ឆេទរៀបចំការប្រកួតស៊ីហ្គេម ២០២១ ដដែល។ ទី២ វៀតណាម អាចលើកពេលរៀបចំទៅអំឡុងពេលខែឧសភា ឬមិថុនា ឆ្នាំ២០២២ និងចុងក្រោយ វៀតណាម អាចពន្យាពេលរៀបចំការប្រកួតស៊ីហ្គេមនេះ ដោយលើកទៅរៀបចំនៅឆ្នាំ២០២៥ ឬ២០២៧វិញ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមតេឡេក្រាម នៅថ្ងៃទី១០ មិថុនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍រូបនេះ បានបញ្ជាក់ដូច្នេះថា៖«ហើយសេណារីយ៉ូទាំង៣នេះ វៀតណាមនឹងរៀបចំឆ្លើយតបដល់ប្រទេសទាំងអស់នៅក្នុងកិច្ចប្រជុំ២សប្ដាហ៍ទៀត នៅថ្ងៃទី២៤ ខែមិថុនានេះ »។
បើតាមលោក វ៉ាត់ ចំរើន ការសុំពន្យារពេលរៀបចំស៊ីហ្គេមរបស់វៀតណាមនេះ វាមិនប៉ះពាល់ដល់កម្ពុជា ក្នុងការរៀបចំស៊ីហ្គេមនោះទេ។ «ពីព្រោះប្រទេសជាសមាជិកស៊ីហ្គេមទាំងអស់ គែគាំទ្រលើកទឹកចិត្តកម្ពុជាឱ្យរក្សាលំនឹង និងភាពនឹងន។ ហើយពួកគេផ្ដល់កម្លាំងចិត្តថា គេរង់ចាំជួយកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេមឆ្នាំ២០២៣ ដដែល ដោយគ្មានប្រែប្រួលទេ ព្រោះវាជាការសម្រេចរួចហើយ របស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដែលមើលឃើញវឌ្ឍនភាពល្អរបសខ់កម្ពុជា។ អ៊ីចឹងហើយ កម្ពុជាអត់មានផលប៉ះពាល់(ដោយសារការសុំពន្យារពេលរបស់វៀតណាម)ទេ»។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន។
ការសុំពន្យារពេលរៀបចំស៊ីហ្គេមរបស់ម្ចាស់ផ្ទះវៀតណាមនេះ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ កំពុងរាតត្បាតក្នុងប្រទេស ក៏ដូចជាបន្តរីករាលដាលជាសកលនៅឡើយ ។ បើតាមគម្រោងវៀតណាម ត្រូវរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ដែលនឹងធ្វើឡើងពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។
កន្លងមក វៀតណាម ដែលជាម្ចាស់ផ្ទះស៊ីហ្គេម ២០២១នេះ បានកំណត់បង្ហាញប្រភេទកីឡា ដាក់ឲ្យបណ្តាប្រទេសក្នុងអាស៊ានចំនួន១១ ចូលរួមប្រកួតប្រជែងលើ៤០ប្រភេទកីឡា និងមានវិញ្ញាសាសរុប៥២៦៕
© រក្សាសិទ្ធិដោយ thmeythmey.com