កីឡាអន្តរជាតិ
អន្តរជាតិ
Xavi ថា ត្រៀមខ្លួនរួចរាល់ជំនួសលោក Koeman នៅ Barca
11, Jun 2021 , 9:59 pm        
រូបភាព
ដោយ៖ជា យូគៀង 
Xavi Hernandez អតីតខ្សែបម្រើកំពូលមួយរូបរបស់ក្លិប Barcelona បានបង្ហើបច្បាស់ៗថា លោកពិតជាចង់ទៅដឹកនាំក្រុមចាស់ដែរធ្លាប់បានលេងកាលពីមុននេះណាស់។ ប៉ុន្តែអ្នកចាត់ការក្លិប Al Sadd រូបនេះបញ្ជាក់ថា លោកមិនទាន់ទទួលបានការទាក់ទងឱ្យទៅជំនួសលោក Ronald Koeman នៅឡើយ។

អតីតខ្សែបម្រើវ័យ៤៤ឆ្នាំនិងជាអ្នកចាត់ការក្លិប Al Sadd នាពេលបច្ចុប្បន្ន Xavi Hernandez ធ្លាប់បានបង្ហាញខ្លួនឲ្យក្លិបអ្នកមានបុណ្យចំនួន ៧៦៧ប្រកួតអំឡុងរូបលោកបានលេងឲ្យក្លិបនៅប្រទេសអសស្ប៉ាញមួយនេះ។ ទោះជាកំពុងដឹកនាំក្លិប Al Sadd ក្តី Xavi និយាយថា លោកត្រៀមខ្លួនទៅដឹកនាំអ្នកមានបុណ្យ ឬថែមទាំងក្រុមជម្រើសជាតិអេស្ប៉ាញផង។
 
«ឈ្មោះរបស់ខ្ញុំតែងតែស្ថិតនៅក្នុងទីផ្សារដោះដូររហូត។ ខ្ញុំបានចាប់ផ្តើមក្នុងនាមជាគ្រូបង្វឹករយៈពេលពីរឆ្នាំរួចហើយ។ ខ្ញុំក៏មានទំនាក់ទំនងល្អជាមួយលោក Joan Laporta។ Xavi បាននិយាយបែបនេះនៅក្នុងការធ្វើបទបង្ហាញមួយរបស់លោកនៅក្នុងទីក្រុង Barcelona ដោយសំដៅប្រធានក្លិប Barcelona សព្វថ្ងៃ។ 
 
សម្រាប់ការងារនៅ Al Sadd អតីតកីឡាករអេស្ប៉ាញរូបនេះបញ្ជាក់ថា នៅសល់ប្រហែលបីទៅបួនខែទៀត នឹងមិនមានកុងត្រាជាមួយក្លិបបន្តទៀតទេ។ ដូចនេះ Xavi នឹងក្លាយជាគ្រូបង្វឹកទំនេរម្នាក់។
 
«ថ្ងៃណាមួយខ្ញុំនឹងទៅដឹកនាំ [Barcelona] ។ ខ្ញុំមិនដឹងថាពេលណានោះទេ ប៉ុន្តែខ្ញុំតែងតែមានឈ្មោះក្នុងទីផ្សារដោះដូរ ហើយខ្ញុំក៏មិនប្រញាប់ឡើយ។» Xavi បន្ថែមបែបនេះ។
 
ដោយឡែកទាក់ទងទៅរឿងរបស់ខ្សែប្រយុទ្ធឆ្នើម Lionel Messi វិញ Xavi ក៏បានលើកឡើងដែរថា Messi នឹងនៅជាមួយក្លិបបន្តទៀតប៉ុន្តែអ្វីៗត្រូវពឹងផ្អែកលើការសម្រេចចិត្តរបស់រូបគេផ្ទាល់។ លោកបន្តថា Messi មានសិទ្ធិក្នុងការសម្រេចចិត្ត ហើយរូបគេក៏ជាកីឡាករដ៏ល្អម្នាក់សម្រាប់ប្រវត្តិសាស្រ្តក្លិបមួយទាំងមូល៕ 
 

Tag:
 Xavi Hernandez
© រក្សាសិទ្ធិដោយ thmeythmey.com