កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ីតាលីបើកឆាក Euro 2020 ជាមួយនឹងជ័យជម្នះ ៣-០ លើតួកគី
12, Jun 2021 , 7:59 am        
រូបភាព
ដោយ: រួបរួម
អ៊ីតាលី បង្ហាញការប្រកួតបើកឆាកព្រឹត្តិការណ៍ Euro 2020 ដ៏ទាក់ទាញនៅចំពោះមុខក្រុមអ្នកគាំទ្រខ្លួន ដោយបានយកឈ្នះតួកគី ៣-០ សម្រាប់ជំនួបដំបូងពូល A នាកីឡដ្ឋាន Olimpico ក្រុងរ៉ូម។
 
គ្រាប់បាល់ដំបូងកើតឡើងនៅនាទី៥៣ តែជាការភ្លាត់ស្នៀតចូលទីខ្លួនឯងរបស់ខ្សែការពារតួកគី Merih Demiral មុនពេលដែល Ciro Immobile និង Lorenzo Insigne បន្ថែមបានម្នាក់១គ្រាប់ជាបន្តបន្ទាប់ទៀត។
 
នេះជាលើកដំបូងសម្រាប់អ៊ីតាលី ដែលបានស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុង១ប្រកួតនាព្រឹត្តិការណ៍អឺរ៉ុប ហើយធ្វើឲ្យក្រុមរបស់លោក Roberto Manciini បន្តកំណត់ត្រាមិនទាន់ចាញ់ដល់២៨ប្រកួត បើគិតចាប់ចាំងពីខែកញ្ញា ឆ្នាំ២០១៨មក។

ជាមួយនឹងការរារាំងមិនឲ្យមានការស៊ុតបាល់បញ្ចូលទី ខ្សែការពារ Leonardo Spinazzola នៃក្លិប Roma បានក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួត (Star of the Match)។
ក្រោយការប្រកួត លោក Roberto Mancini បានលើកឡើងថា៖ «យើងលេងបានល្អ។ ធ្វើបានបែបនេះ នាការប្រកួតដំបូង មិនមែនជារឿងងាយស្រួលឡើយ ដោយយើងបានលេងជាមួយក្រុមល្អមួយ។ សំឡេងអ្នកគាំទ្របានជួយយើង។ ជាកម្លាំងចិត្តដែលនាំយើងបណ្តើរបាល់យ៉ាងឆាប់រហ័ស»។
 
ចំណែកលោក Senol Gunes គ្រូបង្វឹកជម្រើសជាតិតួកគីវិញ បាននិយាយថា៖ «យើងបានលេងជាមួយម្ចាស់ផ្ទះនាការប្រកួតបើកឆាក។ ពួកគេគ្រប់គ្រងបាល់ច្រើនជាងយើង ហើយមិនសូវមានខូច។ ពួកគេសស៊ាំនឹងទីលាន។ យើងមានការប្រកួត២ទៀត យើងត្រូវការឈ្នះទាំងពីរប្រកួត»៕
 

Tag:
 Euro2020
© រក្សាសិទ្ធិដោយ thmeythmey.com