កីឡាអន្តរជាតិ
អន្តរជាតិ
វៀតណាមជាក្រុមតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលអាចបន្តប្រកួតប្រជែងវគ្គជម្រុះ World Cup 12, Jun 2021 , 9:29 pm
វៀតណាមកំពុងឈរលើកំពូលតារាងពូល G ដែលមានលទ្ធភាពខ្ពស់ឈានទៅជុំទីបី World Cup។ រូបថត AFC
× វៀតណាមកំពុងឈរលេខ១បណ្តោះអាសន្នពូល G នៃវគ្គជម្រុះ World Cup ជុំទីពីរប្រចាំតំបន់អាស៊ី ហើយជាក្រុមតែមួយគត់ពីតំបន់អាស៊ាន ដែលអាចឈានឆ្ពោះទៅវគ្គបន្តនៃពានរង្វាន់ពិភពលោកនេះ ខណៈ ថៃ ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា សិង្ហបុរី ឥណ្ឌូណេស៊ី និងកម្ពុជា បានហាលអាវ ប៉ុន្តែនៅសល់ការប្រកួតជម្រុះ Asian Cup។ ប៉ុន្តែគិតក្នុងក្របខណ្ឌសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) អូស្ត្រាលី មានកៅអីរួចទៅហើយទៅកាន់វគ្គបន្ត។
វៀតណាមនៅសល់ការប្រកួតចុងក្រោយក្នុងពូល G ជាមួយម្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រួម ដោយលទ្ធផលឈ្នះ ឬត្រឹមស្មើ នឹងនាំឲ្យពួកគេក្លាយជាក្រុមតែមួយគត់ប្រចាំតំបន់អាស៊ានដែលបានឈានចូលទៅវគ្គជម្រុះជុំទី៣ FIFA World Cup 2022 និងជុំចុងក្រោយ AFC Asian Cup 2023។
បច្ចុប្បន្នវៀតណាមមាន១៧ពិន្ទុ រីឯអេមីរ៉ាតអារ៉ាប់រួមមាន១៥ពិន្ទុ។ ថៃស្ថិតនៅលេខ៣ អស់ឱកាសទៅកាន់វគ្គបន្តនៃព្រឹត្តិការណ៍ World Cup ហើយ ប៉ុន្តែពួកគេត្រូវលេងនៅវគ្គជម្រុះជុំទី៣ Asian Cup វិញ។ ម៉ាឡេស៊ីដែលស្ថិតក្នុងពូល G ដូចគ្នាផងដែរនោះស្ថិតនៅលេខ៤បណ្តោះអាសន្ន ខណៈឥណ្ឌូណេស៊ី លេខ៥ដែលធ្លាក់ទៅលេងវគ្គ Play-off Asian Cup។
រីឯក្រុមផ្សេងទៀតនៅក្នុងតំបន់ មាន ហ្វីលីពីន ដែលលេងនៅវគ្គជម្រុះជុំទី៣ Asian Cup ក្នុងនាមជាក្រុមលេខ៣ពូល A, កម្ពុជាលេខ៥ពូល C ត្រូវលេងវគ្គ Play-off, សិង្ហបុរី បច្ចុប្បន្នស្ថិតនៅលេខ៤ពូល D និងមីយ៉ាន់ម៉ា ស្ថិតនៅលេខ៥ពូល F ជាបណ្តោះអាសន្ន នៅមុនជំនួបបង្គ្រប់កិច្ច World Cup។
រហូតមកដល់ពេលនេះ ក្រុមដែលត្រូវឈានទៅកាន់វគ្គជម្រុះជុំទីបីនៃព្រឹត្តិការណ៍ World Cup ជាមួយម្ចាស់ផ្ទះកាតា មាន ស៊ីរី អូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូង។ កម្ពុជាត្រូវមានបេសកកម្មប្រកួតវគ្គ Play-off ជម្រុះជុំទី៣ ជាមួយក្រុមលំដាប់ទាបផ្សេងទៀតដែលពេលនេះ មានឥណ្ឌូណេស៊ី ណេប៉ាល់ ស្រីលង្កា ហ្គាម និងឆាយនីសតៃប៉ិ៕
© រក្សាសិទ្ធិដោយ thmeythmey.com