ជាតិ
សេដ្ឋកិច្ច
កម្ពុជា នឹងអនុម័តគោលនយោបាយបង្កើនការនាំចេញផលិតផលស្វាយចន្ទី នៅចុងឆ្នាំ២០២១
28, Jun 2021 , 9:59 pm        
រូបភាព
រូបតំណាង៖ កសិករ២នាក់ កំពុងប្រមូលផលគ្រាប់ចន្ទី។ ប្រភពរូប៖ KOSAL FARMS
រូបតំណាង៖ កសិករ២នាក់ កំពុងប្រមូលផលគ្រាប់ចន្ទី។ ប្រភពរូប៖ KOSAL FARMS
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម កំពុងរៀបចំសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ដើម្បីបង្កើនការដាំដុះ និងនាំចេញផលិតផលគ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែច្រើន។ គោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះ ទំនងជាអាចអនុម័តផ្លូវការ នាចុងឆ្នាំ២០២១។ នេះបើតាមលោក ប៉ែន សុវិជាតិ  អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។
 
លោកប៉ែន សុវិជាតិ បានបញ្ជាក់ថា បច្ចុប្បន្នការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្វាយចន្ទីនេះ កំពុងត្រូវការធាតុចូលជាច្រើន ពីបណ្តាក្រសួងឬស្ថាប័នពាក់ព័ន្ធនានា ពីវិស័យឯកជន ជាពិសេសពីសំណាក់ អ្នកដាំដុះ អ្នកកែច្នៃ អ្នកនាំចេញ។ 
 
លោក ប៉ែន សុវិជាតិ បានសរសេរប្រាប់សារព័ត៌មានThmeyThmey នារសៀលថ្ងៃទី២៨មិថុនា តាមប្រព័ន្ធទំនាក់ទំនងសង្គមតេលេក្រាមថា តាមរយៈគោលនយោបាយជាតិស្តីពីស្វាយចន្ទី នឹងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ នៅក្នុងតំបន់សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។ លើសពីនេះទៅទៀត វានឹងធ្វើឱ្យផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា មានសមត្ថភាពប្រកួតប្រជែង ទាំងទិន្នផល និងទាំងគុណភាព។
 
លោក ប៉ែន សុវិជាតិ បានបញ្ជាក់ដូច្នេះ៖ «ការអនុម័តនូវគោលនយោបាយជាតិស្វាយចន្ទីនេះ នឹងបន្ថែមនូវតម្លៃពេញលេញរបស់ស្វាយចន្ទី ចំពោះអ្នកដាំដុះ និងអ្នកកែច្នៃ លើការអនុវត្តខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី ព្រមទាំងបង្កើតឧត្តមភាពប្រកួតប្រជែង និងការធ្វើពិពិធកម្មទីផ្សារ ផងដែរ»។ 
 
ជាមួយគ្នានេះលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បាននិយាយថា គោលនយោបាយជាតិស្តីពីស្វាយចន្ទី ដែលក្រសួងពាណិជ្ជកម្មកំពុងរៀបចំឡើងនេះ នឹងជួយគាំទ្រដល់កសិករ និងភាគីពាក់ព័ន្ធ ក្នុងខែ្សច្រវាក់ផលិតកម្មស្វាយចន្ទី ឱ្យទទួលបាននូវចំណូលបន្ថែម។ 
 
បើតាមលោក ស៊ីឡុត នៅពេលដែលកម្ពុជាអនុម័តគោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះ នឹងទាក់ទាញវិនិយោគិននានា មកបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ខណៈកម្ពុជាបច្ចុប្បន្ន ជាប្រទេសឈរលំដាប់លេខមួយ នៃការផលិតគ្រាប់ស្វាយចន្ទីស្រស់ សម្រាប់នាំចេញ។ 
លោក ស៊ីឡុត បានបន្តនិយាយប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទនាថ្ងៃទី២៨មិថុនា ដូច្នេះ៖«កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានច្រើន។ ប្រសិនបើយើងមានរោងចក្រកែច្នៃ អាចឆ្លើយតបនូវចំនួននៃការផលិតគ្រាប់ស្រស់របស់កម្ពុជានោះ  នឹងធ្វើឱ្យពាក់ព័ន្ធនានានៅក្នុងវិស័យផលិតកម្មស្វាយចន្ទី ជាពិសេសប្រជាកសិកម្មនឹងទទួលតម្លៃបន្ថែម នឹងធ្វើឱ្យជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែប្រសើរ»។ 
 
កន្លងមក កម្ពុជានាំចេញស្វាយចន្ទី សុទ្ធសឹងជាគ្រាប់ស្រស់ ដែលធ្វើឱ្យបាត់បង់នូវតម្លៃបន្ថែម ព្រោះតែគ្មានលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញ។ បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះ ទីផ្សារដែលនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជាធំជាងគេ គឺជាប្រទេសវៀតណាម ។ វៀតណាមជាប្រទេសធំលំដាប់លេខមួយ ក្នុងការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារពិភពលោក។ 
 
ពាក់ព័ន្ធនឹងការកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញនេះ  អ្នកស្រី អ៊ិន ឡៃហួត ដែលម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ ក្នុងខេត្តកំពង់ធំ ក៏កំពុងជំរុញផលិតកម្មខ្លួន ក្នុងការនាំចេញគ្រាប់ស្វាយចន្ទី ពាក់កណ្តាលសម្រេចទៅកាន់ទីផ្សារប្រទេសជប៉ុន ផងដែរ។ កាលពី១៣មិថុនា ឆ្នាំ២០២១ អ្នកស្រី អ៊ិន ឡៃហួត បាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ជាលើកទី២របស់ខ្លួន ទៅកាន់ប្រទេសជប៉ុន ក្នុងបរិមាណ ជាង៩តោនពាន់។ 
 
ម្នាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ រូបនេះ បានប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទ ថា៖«បច្ចុប្បន្ន ខ្ញុំកំពុងសិក្សាទីផ្សារ និងស្វែងរកថវិកាមួយចំនួនទៀត ក្នុងការពង្រីកខ្សែចង្វាក់ផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទីពី ១០តោនក្នុងមួយខែ ឱ្យបាន២០តោនក្នុងមួយខែ ដើម្បីត្រៀមឆ្លើយតបនឹងកំណើនតម្រូវការទីផ្សារ»។ 
 
រយៈពេល៥ខែដំបូងនៃឆ្នាំ២០២១មកនេះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីបានជាង៨០ម៉ឺនតោន។ ក្នុងនោះ វៀតណាម បាននាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា ដល់៧៩៥,០០៤តោន ដែលស្មើនឹង៩៩ភាគរយ នៃការនាំចេញគ្រាប់ស្វាយចន្ទីសរុប របស់កម្ពុជា។ ការនាំចូលគ្រាប់ស្វាយចន្ទីកម្ពុជាទៅវៀតណាមនេះ គឺជាប្រភេទគ្រាប់ស្រស់ ដោយមិនទាន់បានកែច្នៃទាំងអស់។ នេះបើយោងតួលេខរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 
 
បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីសរុបជាង៥០ម៉ឺនហិកតា ស្ថិតនៅក្នុងខេត្តចំនួន១០។ របាយការណ៍ពីខាងសមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញថា កំពង់ធំ មានផ្ទៃដីដុះដុះស្វាយចន្ទីច្រើនជាងគេ ដែលមានរហូតដល់៩០,៩៥៩ហិកតា។  បន្ទាប់មកខេត្តក្រចេះ មានផ្ទៃដាំដុះស្វាយចន្ទី ចំនួន៤៧,៨៥៨ហិកតា,  ខេត្តរតនគិរីមាន៣០,៤៥៩ហិកតា ,កំពង់ចាមមាន២៤,៣៦៤ហិកតា ,សៀមរាបមាន២២,៣០៥ហិកតា  ,ព្រះវិហារមាន១៦,៩៧១ហិកតា ,ស្ទឹងត្រែង មាន១៦,១៦៤ហិកតា  ,ត្បូងឃ្មុំ មាន៨ ៣៣៤ហិកតា ,មណ្ឌលគិរី មាន៥,៦៧៦ហិកតា និងខេត្តកំពង់ឆ្នាំង មានផ្ទៃដាំដុះគ្រាប់ស្វាយចន្ទី ចំនួន២,១២៣ហិកតា៕
 
 
 

Tag:
 ស្វាយចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com