ជាតិ
និស្សិតពីDMC ២នាក់ ចុះកម្មសិក្សានៅសារព័ត៌មានថ្មីៗ រយៈពេល៦ខែ
30, Jun 2021 , 9:29 am        
រូបភាព
កញ្ញា ស៊ូ សុគន្ធា និង លោក  អ៊ុន វឌ្ឍនា ជានិស្សិតឆ្នាំទី២របស់សាលាDMC ដែលមកចុះកម្មសិក្សានៅសារព័ត៌មានថ្មីៗ។
កញ្ញា ស៊ូ សុគន្ធា និង លោក អ៊ុន វឌ្ឍនា ជានិស្សិតឆ្នាំទី២របស់សាលាDMC ដែលមកចុះកម្មសិក្សានៅសារព័ត៌មានថ្មីៗ។
ភ្នំពេញ៖   និស្សិតចំនួន២នាក់មកពីដេប៉ាតឺម៉ង់ប្រពន្ធ័ផ្សព្វផ្សាយ និងសារគមនាគមន៍(DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចុះកម្មសិក្សាក្នុងរយៈពេល៦ខែ នៅសារព័ត៌មានថ្មីៗ(ThmeyThmey.com) ដើម្បីបង្កើននូវជំនាញការសរសេរនិងរាយការណ៍ ក្នុងវិស័យសារព័ត៌មាន។ ការចុះកម្មសិក្សារបស់និស្សិតទាំង២រូបនេះ ចាប់ផ្តើមអនុវត្តពីថ្ងៃទី២៨មិថុនា រហូតដល់ដំណាច់ឆ្នាំ២០២១។
 
និស្សិត២នាក់ ដែលមកបំពេញកម្មសិក្សានៅសារព័ត៌មានថ្មីៗនោះ មានកញ្ញា ស៊ូ សុគន្ធា និងលោក  អ៊ុន វឌ្ឍនា។ បច្ចុប្បន្នអ្នកទាំង២ ជានិស្សិតឆ្នាំទី២ ដែលកំពុងសិក្សាលើជំនាញសារព័ត៌មាន នៅដេប៉ាតឺម៉ង់ប្រពន្ធ័ផ្សព្វផ្សាយ និងសារគមនាគមន៍។ 
 
លោក  អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ង់ប្រពន្ធ័ផ្សព្វផ្សាយ និងសារគមនាគមន៍ បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលអ្នកសារព័ត៌មានវ័យក្មេងនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសដល់និស្សិតនៅDMC ឱ្យឈ្វេងយល់បានកាន់តែស៊ីជម្រៅក្នុងវិស័យសារព័ត៌មាន តាមរយៈការចុះអនុវត្តការងារដោយផ្ទាល់ជាអ្នកសារព័ត៌មាននៅតាមបណ្តាស្ថាប័នព័ត៌មានដែលមានវិជ្ជាជីវៈនៅក្នុងស្រុក។ កម្មវិធីនេះ អនុវត្តឡើងក្រោមកិច្ចសហការរវាងដេប៉ាតឺម៉ង់ប្រពន្ធ័ផ្សព្វផ្សាយ និងសារគមនាគមន៍និងមូនិធិខុនរ៉ាដអាឌិនណៅអ៊ែរ (KAS)។
 
បើតាម លោក ប៊ុនអ៊ី  ការចុះអនុវត្តការងាររបស់សិស្សDMCនេះ គឺដើម្បីបន្ថែមពីលើការសិក្សាមុខជំនាញសរសេរនិងរាយការណ៍ព័ត៌មាននៅក្នុងថ្នាក់ ខណៈនិស្សិតទាំងនោះ ធ្លាប់មានបទពិសោធន៍សរសេរមួយចំនួន តាមរយៈគម្រោងនានា ដែលគ្រូបានដាក់ឱ្យអនុវត្ត ឬការហាត់ការកន្លងមក។  
  
ប្រធានដេប៉ាតឺម៉ង់ប្រពន្ធ័ផ្សព្វផ្សាយ និងសារគមនាគមន៍រូបនេះ បាននិយាយដូច្នេះ៖« ពួកយើងក៏ចង់បណ្តុះគំនិតឱ្យពួកគាត់ឱ្យងាកចាប់យកអាជីពជាអ្នកសារព័ត៌មានជំនាញឱ្យបានច្រើន បន្ទាប់ពីបញ្ចប់ការសិក្សានៅDMC ដោយហេតុថា ប្រទេសកម្ពុជានៅមានតម្រូវការអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈច្រើនទៀត»។  
 
សម្រាប់កម្មវិធីនេះ ដេប៉ាតឺម៉ង់ប្រពន្ធ័ផ្សព្វផ្សាយ និងសារគមនាគមន៍ បានបញ្ជូននិស្សិតចំនួន៧នាក់ ទៅធ្វើការងារក្នុងរយៈពេល៦ខែ នៅតាមស្ថាប័នសារព័ត៌មានក្នុងស្រុកនានា។ ក្នុងនោះមានសារព័ត៌មានថ្មីៗ,  កាសែតភ្នំពេញប៉ុស្តិ៍, CamboJA, SEA Globe និង VOD។ ការចុះបំពេញកម្មសិក្សារបស់និស្សិតទាំង៧នាក់នៅតាមស្ថាប័នសារព័ត៌មាននានានេះ ក៏ទទួលបានប្រាក់ខែសមរម្យ ណាមួយផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុង ប៊ុនអ៊ី៕ 
 

Tag:
 DMC
© រក្សាសិទ្ធិដោយ thmeythmey.com