COVID-19
ជាតិ
កំពង់ចាមរកឃើញ​៤៩នាក់ និងស្លាប់៣នាក់ ខណៈត្បូងឃ្មុំ មាន៥៥នាក់
03, Jul 2021 , 4:11 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ​ខេត្តកំពង់ចាម មានអ្នកឆ្លងកូវីដ-១៩ ចំនួន៤៩នាក់ទៀត និង​ចំនួន១១៣នាក់ បានជាសះស្បើយ នៅថ្ងៃទី២ ខែកក្កដា។ ទន្ទឹមនោះមានអ្នកជំងឺ ៣នាក់ បានស្លាប់ដោយសារកូវីដ-១៩។ ​ខេត្តត្បូងឃ្មុំ ក៏បាន​រកឃើញករណីថ្មី៥៥នាក់ទៀតដែរ និងមាន៤នាក់ជាសះស្បើយ​។ ក្រចេះ រកឃើញតែ១ករណីបន្ថែមប៉ុណ្ណោះ។
 
បន្ទាយមានជ័យ៖ ៨៨នាក់បន្ថែម និងជាសះស្បើយ១៦នាក់
 
រដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញមនុស្សចំនួន ៨៨នាក់ មានវិជ្ជមានកូវីដ-១៩ និងមនុស្ស ១៦នាក់បានជាះស្បើយ។ ក្នុងចំណោមមនុស្សទាំង ៨៨នាក់ ដែលឆ្លងកូវីដ-១៩ ភាគច្រើនជាអ្នករស់នៅ ក្រុងប៉ោយប៉ែត និងមួយចំនួនទៀត គឺជាពលរដ្ឋរស់នៅស្រុកសិរីសោភ័ណ។
 
បាត់ដំបង៖ ឆ្លងថ្មី៦៦នាក់ ក្នុងនោះ១១នាក់ទើបត្រឡប់ពីប្រទេសថៃ
 
រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៦នាក់ទៀត ក្នុងនោះ ១១នាក់ជាពលករទើបត្រឡប់ពីប្រទេសថៃ។ ក្នុងចំណោម អ្នកវិជ្ជមានទាំងអស់ មានពលរដ្ឋដែលរស់នៅខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ ក្រចេះ ប៉ៃលិន និងភ្នំពេញ។ គិតត្រឹមថ្ងៃទី២ ខែកក្កដា ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១ ០៥៦នាក់ អ្នកជាសះស្បើយ សរុប ៥៩០នាក់ អ្នកកំពុងសម្រាក់ព្យាបាល សរុប ៤៥៩នាក់ ខណៈអ្នកស្លាប់មានចំនួន ៧នាក់។
 
ឧត្តរមានជ័យ៖ រកឃើញ៦៣នាក់ ក្នុងនោះ៤៨នាក់ជាពលករមកពីប្រទេសថៃ
 
រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសរកឃើញមនុស្សចំនួន ៦៣នាក់ទៀត មានវិជ្ជមានកូវីដ-១៩ ក្នុងនោះ ៤៨នាក់ គឺជាពលករដែលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វាព្រំដែនអន្តរជាតិអូរស្មាច់។ ក្នុងចំណោមមនុស្សទាំង ៦៣នាក់ នោះ មានពលរដ្ឋរស់នៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ព្រៃវែង សៀមរាប ពោធិ៍សាត់ កំពង់ធំ កណ្ដាល និងតាកែវ។ គិតត្រឹមថ្ងៃទី២ ខែកក្កដា ខេត្តឧត្តរមានជ័យ មានអ្នកឆ្លងកូវីដ-១៩ សរុប ៧២៥នាក់ ក្នុងនោះមានករណីនាំចូលពីបរទេស ចំនួន ៦៣៨នាក់។ ដោយឡែក អ្នកកំពុងសម្រាកព្យាបាល សរុប ៥៩៣នាក់ អ្នកជាសះស្បើយ សរុប ១២៩នាក់ ខណៈអ្នកស្លាប់ មានចំនួន ៣នាក់។
 
សៀមរាប៖ រកឃើញ៤៧នាក់ និងស្លាប់១នាក់
 
រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញ អ្នកឆ្លងកូវីដ-១៩ ៤៧នាក់បន្ថែម និងមានអ្នកស្លាប់ចំនួន ១នាក់។ ទន្ទឹមនឹងការរកឃើញអ្នកឆ្លងកូវីដ-១៩ ៤៧នាក់ ក៏មានអ្នកជាសះស្បើយ ចំនួន២៩នាក់ផងដែរ។ ចំណែកអ្នកស្លាប់ ភេទស្រី មានអាយុ ៦៦ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។ គិតត្រឹមថ្ងៃទី២ ខែកក្កដា ខេត្តសៀមរាប បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១ ៣២០នាក់ អ្នកជាសះស្បើយ សរុប ៥១២នាក់ អ្នកកំពុងសម្រាកព្យាបាល សរុប ៧៩៤នាក់ ខណៈអ្នកស្លាប់ មានចំនួន ១៤នាក់។
 
កោះកុង៖ រកឃើញ៤២នាក់ទៀត
 
រដ្ឋបាលខេត្តកោះកុង បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ៤២នាក់បន្ថែមទៀត។ ក្នុងចំណោមមនុស្សទាំង ៤២នាក់ មានជនជាតិចិន ចំនួន ២នាក់។ អ្នកវិជ្ជមានកូវីដ-១៩ ទាំងនោះ ជាពលរដ្ឋដែលរស់នៅ ស្រុកក្រុងខេមរិន្ទ ស្រុកមណ្ឌលសីមា ស្រុកស្រែអំបិល និងស្រុកគិរីសាគរ។ 
 
ព្រៃវែង៖ រកឃើញ៣៨នាក់បន្ថែម
 
រដ្ឋបាលខេត្តព្រៃវែង បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ៣៨នាក់បន្ថែម ដែលជាករណីឆ្លងក្នុងសហគមន៍។ រដ្ឋបាលខេត្ត កំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធមនុស្សទាំង ៣៨នាក់ ដើម្បីយកសំណាក និងធ្វើតេស្តរកមេរោគកូវីដ-១៩។ មកដល់ពេលនេះ ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១ ៦៨៨នាក់ អ្នកជាសះស្បើយ សរុប ១ ១១៥នាក់ ខណៈអ្នកស្លាប់មានរហូត ២៤នាក់។
 
រតនគិរី៖ មាន២៧នាក់ឆ្លងថ្មី  
 
រដ្ឋបាលខេត្តរតនគិរី រកឃើញមនុស្ស ២៧នាក់បន្ថែមមានវិជ្ជមានកូវីដ-១៩។ ក្នុងចំណោមមនុស្សទាំង ២៧នាក់ គឺជាពលរដ្ឋរស់នៅក្រុងបានលុង និងស្រុកលំផាត់។ គិតមកដល់ពេលនេះ ខេត្តរតនគិរី មានអ្នកឆ្លងកូវីដ-១៩ សរុប ៥៣២នាក់ អ្នកជាសះស្បើយ ៦១នាក់ និងមានអ្នកស្លាប់ ៤នាក់។
 
ព្រះវិហារ៖ រកឃើញ ២៣នាក់បន្ថែម
 
រដ្ឋបាលខេត្តព្រះវិហារ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២៣នាក់បន្ថែម។ ក្នុងចំណោមមនុស្សទាំង ២៣នាក់ ភាគច្រើនជាពលរដ្ឋរស់នៅស្រុកជាំក្សាន្ត និងមួយចំនួនទៀតរស់នៅស្រុកឆែប។ គិតត្រឹមថ្ងៃទី២ កក្កដា ខេត្តព្រះវិហារ មានអ្នកឆ្លងកូវីដ-១៩ សរុប ១២៧នាក់ ខណៈអ្នកជាសះស្បើយ សរុប ៤៤នាក់។
 
កំពង់ធំ៖ រកឃើញ២១នាក់ សះស្បើយ៣០នាក់ និងស្លាប់១នាក់
 
រដ្ឋបាលខេត្តកំពង់ធំ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ២១នាក់ថ្មី អ្នកជាះស្បើយ ៣០នាក់ និងអ្នកស្លាប់ ១នាក់។ ក្នុងចំណោមមនុស្សទាំង ២១នាក់ មាន១នាក់ ជាពលរដ្ឋរស់នៅ ខេត្តកំពង់ចាម។ គិតមកដល់ពេលនេះ ខេត្តកំពង់ធំ មានអ្នកឆ្លងកូវីដ-១៩ សរុប ៩៧០នាក់ អ្នកជាសះស្បើយសរុប ៤៦៥នាក់ អ្នកកំពុងសម្រាកព្យាបាល សរុប ៤៩៤នាក់ និងមានអ្នកស្លាប់សរុប ១១នាក់។
 
មណ្ឌលគិរី៖ ឆ្លង១០នាក់ថ្មី និងជាសះស្បើយ ១១នាក់
 
រដ្ឋបាលខេត្តមណ្ឌលគិរី បន្តរកឃើញមនុស្ស ១០នាក់បន្ថែមមានវិជ្ជមានកូវីដ-១៩ និងមនុស្ស ១១នាក់ បានជាសះស្បើយពីជំងឺកូវីដ-១៩។ ក្នុងចំណោមមនុស្ស ១០នាក់ មាន៧នាក់រស់នៅ ក្រុងសែនមនោរម្យ និង ៣នាក់ទៀត រស់នៅស្រុកកែវសីមា។
 
ស្ទឹងត្រែង៖ មាន៩នាក់បន្ថែម
 
រដ្ឋបាលខេត្តស្ទឹងត្រែង រកឃើញមនុស្ស ៩នាក់បន្ថែម ឆ្លងកូវីដ-១៩ ដែលជាករណីឆ្លងក្នុងសហគមន៍។ មនុស្សទាំង ៩នាក់ ត្រូវបានក្រុមគ្រូពេទ្យរកឃើញមានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី២ ខែកក្កដា នៅមណ្ឌលចត្តាឡីស័កក្រុង និងសាលាបឋមសិក្សាច្រប់។ គិតត្រឹមថ្ងៃទី២ ខែកក្កដា ស្ទឹងត្រែង មានអ្នកឆ្លងកូវីដ-១៩ សរុប ២៨៩នាក់ អ្នកជាសះស្បើយសរុប ២១នាក់ និងអ្នកកំពុងសម្រាកព្យាបាលសរុប ២៦៨នាក់។

កំពង់ចាម៖ ឆ្លងថ្មី ៤៩នាក់ ជាសះស្បើយ ១១៣នាក់ និងស្លាប់ ៣នាក់
 
​មនុស្ស៤៩នាក់បន្ថែម បានឆ្លងកូវីដ-១៩ និង១៣៣នាក់បានជាសះស្បើយខណៈ អ្នកស្លាប់មានដល់ទៅ៣នាក់ទៀត។  ក្នុងចំណោមអ្នកវិជ្ជមានទាំង ៤៩នាក់នោះភាគច្រើនជាអ្នករស់នៅ​ក្រុងកំពង់ចាម ​ស្រុកកំពង់សៀម ​បាធាយ ​ស្រីសន្ធរ ​ជើងព្រៃ ​ចំការលើ ​ព្រៃឈរ និងស្រុកកងមាស។ អ្នកជំងឺម្នាក់ជាអ្នកខេត្តពោធិ៍សាត់, ម្នាក់ពីខេត្តត្បូងឃ្មុំ និងអ្នកខេត្តក្រចេះមានម្នាក់ដែរ។
ចំពោះអ្នកស្លាប់ទាំង ៣នាក់ គឺសុទ្ធតែជាស្ត្រីទាំងអស់ ដោយម្នាក់មានវ័យ៧៤ឆ្នាំ រស់នៅភូមិរូង ឃុំទំនប់ ស្រុកបាធាយ។ ស្រ្តីរូបនេះ បានចូលព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ នៅថ្ងៃទី១ ខែកក្កដា ក្នុងសភាពហត់ បង្ហក់ ក្រុមគ្រូពេទ្យ បានធ្វើតេស្តរហ័សកូវីដ-១៩ បន្ទាប់ក៏ទទួលបានលទ្ធផលវិជ្ជមាន។ អ្នកជំងឺកាន់តែធ្ងន់ធ្ងរ ទើបបាត់បង់ជីវិត ម៉ោង១០ព្រឹក ថ្ងៃទី២ ខែកក្កដា។ ស្ត្រីម្នាក់ទៀត វ័យ៦០ឆ្នាំ រស់នៅភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់​។ ស្ត្រីរូបនេះបានធ្វើតេស្តរកឃើញមានកូវីដ-១៩ កាលពីថ្ងៃ២២ ខែមិថុនា ហើយស្ថាន​ជំងឺកាន់តែធ្ងន់ធ្ងរឡើង រហូតបាត់បង់ជីវិតនៅម៉ោង៣ទៀតបភ្លឺថ្ងៃទី២ ខែកក្កដា។ អ្នកស្លាប់ម្នាក់ទៀត មានវ័យត្រឹមតែ ២៧ឆ្នាំប៉ុណ្ណោះ និងមានមានផ្ទៃពោះ៦ខែផង។ អ្នកជំងឺរស់នៅភូមិកោះបីពៃ ឃុំកោះពីរ ស្រុកក្រូចឆ្មារ ​និងបានរកឃើញមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៨ ខែមិថុនា។ ដោយសារតែរលាកសួតធ្ងន់ធ្ងរ និងមានវិជ្ជមានកូវីដ​-១៩ ផង អ្នកជំងឺបានស្លាប់នៅទៀបភ្លឺថ្ងៃទី២ ខែកក្កដា។
 
ត្បូងឃ្មុំ៖ រកឃើញ ៥៥នាក់ ជាករណីឆ្លងក្នុងសហគមន៍
 
រដ្ឋបាលខេត្តត្បូងឃ្មុំ បន្តរកឃើញអ្នកវិជ្ជមាន​កូវីដ-១៩ ចំនួន៥៥នាក់បន្ថែម និង​ ៤នាក់បានជាសះស្បើយ។ អ្នកជំងឺទាំង៥៥នាក់ មានអាសយដ្ឋាន នៅស្រុកក្រូចឆ្មារ២៦នាក់, ក្រុងសួង១៥នាក់,ស្រុកតំបែរ៧នាក់, ស្រុកអូររាំងឪ២នាក់, ស្រុកត្បូងឃ្មុំ២នាក់,ស្រុកមេមត់២នាក់ និងស្រុកពញាក្រែក១នាក់។ ដោយសារតែ ស្ថានភាពកូវីដ-១៩ ក្នុងខេត្តត្បូងឃ្មុំ កាន់តែរាលដាលខ្លាំង ទើបរដ្ឋបាលខេត្តសម្រេចបិទខ្ទប់តំបន់មួយចំនួន រួមមានផ្សារមេមត់ , ផ្សារអូររាំងឪ និងរោងចក្រសុស្យេង អ៊ីនដាសស្ទ្រេល ស្ថិតក្នុងក្រុងសួង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងទៅសហគមន៍ផ្សេង។
 
គិតមកទល់ពេលនេះ កម្ពុ​ជា មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៥៣ ៩២៨នាក់ ក្នុងនោះ ២ ៩១៦ ​នាក់​ករណី​នាំចូល​។ អ្នកជា​សះស្បើយ​មាន  ៤៦ ១២៣នាក់ និង​ស្លាប់​សរុប  ៦៩៦ ​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com