ជាតិ
សង្គមជាតិ
ហេតុអ្វី ករណីពុលស្រាស្លាប់ នៅតែបន្តកើតមាន?
06, Jul 2021 , 11:14 am        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក ប៉ែន សុវិជាតិ (រូបពី AKP), លោក សន ជ័យ (រូបពីហ្វេសប៊ុករបស់លោក), លោក ប៉ា ចន្ទរឿន (រូបពីហ្វេសប៊ុករបស់លោក)
ពីឆ្វេងទៅស្តាំ៖ លោក ប៉ែន សុវិជាតិ (រូបពី AKP), លោក សន ជ័យ (រូបពីហ្វេសប៊ុករបស់លោក), លោក ប៉ា ចន្ទរឿន (រូបពីហ្វេសប៊ុករបស់លោក)
ករណីពុលស្រាលស្លាប់នៅកម្ពុជា នៅតែបន្តកើតមានដដែល។ មកពីអ្នកបិទស្រា និងអ្នកទិញស្រា ខ្វះការយល់ដឹង ឬមកពីស្ថាប័នពាក់ព័ន្ធ មិនមានវិធានការច្បាស់លាស់ ក្នុងការទប់ស្កាត់?


ប្រជាពលរដ្ឋកម្ពុជាមួយចំនួន ជាពិសេសនៅតាមជនបទ នៅតែបន្តជួបគ្រោះថ្នាក់ពីការពុលស្រាស ដោយក្នុងចំណោមអ្នកពុលស្រាទាំងនោះ តែងមានអ្នកបាត់បង់ជីវិត។ ប្រភេទស្រាសទាំងនោះ ជាទូទៅ គឺត្រូវបានបិទនិងផលិតតាមមូលដ្ឋាន ហើយប្រជាពលរដ្ឋ ទិញយកទៅពិសា។ 
 
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា មើលឃើញថា ការកើតឡើងជាញឹកញាប់នូវករណីពុលស្រា គឺដោយសារការធ្វេសប្រហែសរបស់អាជ្ញាធរ គួបផ្សំនឹងកង្វះការយល់ដឹងរបស់ប្រជាពលរដ្ឋ។ លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មើលឃើញមូលហេតុប្រហាក់ប្រហែលនឹងលោក ប៉ា ចន្ទរឿន ដែរ ថា ករណីពុលស្រា ដែលកើតឡើងជារឿយៗ និងដដែលបែបនេះ គឺដោយសារអាជ្ញាធរ មិនបានពិនិត្យគុណភាពនៃការផលិតស្រា។ 
 
លោក ប៉ា ចន្ទរឿន ផ្តល់យោបល់ថា ដើម្បីទប់ស្កាត់មិនឲ្យមានករណីពុលស្រាបន្តកើតមាន អាជ្ញាធរ គួររៀបចំយុទ្ធនាការលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋមូលដ្ឋាន ហើយបង្កើតគណៈកម្មាធិការចំពោះកិច្ចមួយ ដើម្បីដោះស្រាយបញ្ហានេះ។ បើតាមយោបល់របស់លោកដដែល អាជ្ញាធរផ្នែកចំណីអាហារ និងសមត្ថកិច្ចផ្នែកផ្សេងទៀត ត្រូវចុះពិនិត្យចាប់តាំងពីការនាំចូលស្រា មេស្រា ចំណីអាហារ រហូតដល់ទីតាំងចែកចាយតាមមូលដ្ឋាន ហើយដាក់ទោសបន្ទាន់ ចំពោះករណីល្មើសច្បាស់ ឬខុសបទដ្ឋានស្ដង់ដារណាមួយ ដើម្បីការការពារអ្នកប្រើប្រាស់។ 
 
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជារូបនេះ ថ្លែងថា៖«ត្រូវការឆន្ទៈចុះធ្វើការរបស់អាជ្ញាធរ គណនេយ្យភាពរបស់អាជ្ញាធរ និង លុបបំបាត់អំពើពុករលួយ ដោយមានការទទួលខុសត្រូវផ្ទាល់ និងដោយប្រយោលពីមន្រី្តជាប់ពាក់ព័ន្ធ។ បើអាជ្ញាធរ មានឆន្ទៈគឺអាចដោះស្រាយរឿងនេះបាន។ ទោះបីច្បាប់គ្រប់គ្រងគ្រឿងស្រវឹងមិនទាន់ចេញជាធរមាន ក៏យើងមានច្បាប់ចំណីអាហារ និងច្បាប់ការពារអ្នកប្រើប្រាស់ដែរ»។
 
សម្រាប់លោក សន ជ័យ វិញ លោក មានយោបល់ថា ដើម្បីទប់ស្កាត់ករណីពុលស្រា អាជ្ញាធរ គួរតែធ្វើកិច្ចការឲ្យបានស៊ីជម្រៅ ជាងកិច្ចការដែលអនុវត្តកន្លងមក ដោយកន្លងមក អាជ្ញាធរ គ្រាន់តែអំពាវនាវប៉ុណ្ណោះ។ លោក ចង់ឲ្យអាជ្ញាធរ ពិនិត្យវិធីសាស្រ្តផលិតស្រា និងចុះត្រួតពិនិត្យកន្លែងផលិតស្រាជាប្រចាំ។ បន្ថែមពីនេះ លោក ជំរុញឲ្យអាជ្ញាធរ អប់រំប្រជាពលរដ្ឋពីផលវិបាកនៃការពិសាស្រា។ 
 
នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មានប្រសាសន៍ថា៖«ខ្ញុំ ឃើញគេផលិតស្រាសចុងក្រោយនេះ គឺគេយកមេស្រាមកកូរៗ ហើយចែកគ្នាផឹកចែកគ្នាលក់។ អាជ្ញាធរ ត្រូវពិនិត្យលើគុណភាពការនាំចូល ត្រួតពិនិត្យជាប្រចាំលើដំណើរការផលិតស្រា»។ 
 
ផ្ទុយពីការមើលឃើញរបស់ប្រធានអង្គការក្រៅរដ្ឋាភិបាលទាំង២ខាងលើ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានព្យាយាមរំលេចពីការប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការទប់ស្កាត់ករណីពុលស្រាសនេះ។ លោក យល់ថា អាជ្ញាធរ មិនគួរត្រូវបានស្តីបន្ទោសទាំងស្រុង ដោយសារករណីពុលស្រានេះទេ។  
 
លោក លើកឡើងថា ក្រសួងពាណិជ្ជកម្ម ដោយមានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ជាសេនាធិការ តែងចុះទៅណែនាំជាប្រចាំ ដល់ទីតាំងសិប្បកម្មបិទស្រាក្នុងមូលដ្ឋាន នៅតាមបណ្តារាជធានី-ខេត្ត ដើម្បីឲ្យពួកគេ អាចបិទស្រាបានត្រឹមត្រូវតាមបច្ចេកទេស និងចៀសវាងកុំឲ្យមានករណីពុលស្រា។ លោក លើកឡើងទៀតថា ក្រសួងពាណិជ្ជកម្ម មិនមែនធ្វើកិច្ចការនេះតែម្នាក់ឯងឡើយ ដោយថែមទាំងសហការជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ តាមរាជធានី-ខេត្ត ដើម្បីរួមគ្នាចុះណែនាំទីតាំងសិប្បកម្មបិទស្រា។ 
 
អ្នកនាំពាក្យរូបនេះ ថ្លែងថា៖«ក្រសួងពាជ្ជកម្ម ពិសេស ក.ប.ប. ចាត់វិធានការជាច្រើនដង ពិសេសណែនាំការបិទស្រាឲ្យបានត្រឹមត្រូវតាមបច្ចេកទេស កុំឲ្យប្រើសារជាតិពុលក្នុងការបិទស្រា»។    
 
ជាមួយគ្នានេះ លោក ប៉ែន សុវិជាតិ អះអាងថា អាជ្ញាធរ ក៏បានចាត់វិធានការផ្លូវច្បាប់ផងដែរ ដោយបានចុះទៅបង្រ្កាបនៅទីតាំងបិទស្រា និងរឹបអូសយកស្រា ដែលបណ្តាលឲ្យប្រជាពលរដ្ឋពុល។ បើតាមសម្តីរបស់លោក វិធានការច្បាប់និងវិធានការណែនាំ គឺជាវិធានការដ៏ចាំបាច់ ដែលអាជ្ញាធរ តែងអនុវត្តកន្លងមក ហើយក៏នៅតែត្រូវអនុវត្តបន្តទៀត ដើម្បីទប់ស្កាត់ករណីពុលស្រានេះ។ 
 
លោក មើលឃើញថា មូលហេតុ ដែលបណ្តាលឲ្យករណីពុលស្រាស នៅតែបន្តកើតមាន​ គឺអាចដោយសារអ្នកបិទស្រាស ខ្វះការយល់ដឹងអំពីការបិទស្រា។ លោក បន្តថា ការបិទស្រាតាមបែបបុរាណខ្មែរ ដោយប្រើអង្ករ និងមេស្រាធម្មតា គឺមិនមានជាតិពុលឡើយ ហើយបើមានជាតិពុល ក៏មិនខ្លាំងក្លា រហូតដល់បណ្តាលឲ្យស្លាប់ដែរ។ លោក បន្ថែមថា លើកលែងតែការបិទស្រានោះ មានលាយសារជាតិ ដែលត្រូវហាមឃាត់ ពិសេសសារជាតិមេតាណុលហួសកម្រិត ទើបបណ្តាលឲ្យស្រា មានជាតិពុល និងបណ្តាលឲ្យស្លាប់។ 
 
លោក មើលឃើញទៀតថា កង្វះការយល់ដឹងរបស់អ្នកទិញស្រា ក៏ជាមូលហេតុ ដែលបង្កឲ្យមានករណីពុស្រាដែរ ដូច្នេះហើយ បានជាអាជ្ញាធរ តែងចុះទៅណែនាំប្រជាពលរដ្ឋអំពីការប្រើប្រាស់ស្រានេះ។ លោក អំពាវនាវឲ្យប្រជាពលរដ្ឋ ជ្រើសរើសទំនិញ ដែលមានគុណភាព រួមទាំងស្រាផងដែរ ដោយមិនត្រូវជឿតែទៅលើការឃោសនារបស់អ្នកលក់នោះទេ។ 
 
លោក បញ្ជាក់ថា៖«មិនអាចបន្ទោសអាជ្ញាធរទាំងស្រុងទេ។ យើង ត្រូវប្រើវិធានការអប់រំអ្នកប្រើប្រាស់ទូទៅ។ យើង តែងណែនាំថា ទំនិញដែលមានគុណភាព គឺជាទំនិញដែលគ្មានហានិភ័យ។ អ៊ីចឹងទំនិញអស់ហ្នឹង​ រួមទាំងសុរាផង គឺយើងត្រូវជ្រើសរើសទំនិញ ដែលប្រកបដោយគុណភាព មិនមែនផ្អែកទៅលើតម្លៃថោក ហើយផ្អែកតែទៅលើការជឿជាក់ប្រភពផ្សេងៗទេ គឺត្រូវចេះជ្រើសរើស»។   
 
លោក អធិប្បាយបន្តថា ក្រៅពីអាជ្ញាធរ នៅមានក្រុមការងាររបស់រដ្ឋាភិបាលថែមទៀត ដែលតែងចុះទៅតាមភូមិ ឃុំ សង្កាត់ ដើម្បីជួយអប់រំប្រជាពលរដ្ឋ ជុំវិញការប្រើប្រាស់ស្រានេះ។ លោក ផ្ញើសារជូនប្រជាពលរដ្ឋថា ការទទួលទានស្រា បង្កហានិភ័យដល់សុខភាព ច្រើនជាងការសប្បាយ។ លោក សង្កត់ធ្ងន់ថា៖«យើង មិនលើកទឹកចិត្តឲ្យប្រើប្រាស់សុរាមេរ័យ ឲ្យជោកជាំនៅក្នុងសង្គមយើងទេ»។
 
សូមរម្លឹកថា នៅដើមខែកក្កដា ឆ្នាំ២០២១នេះ ករណីពុលស្រាស ទើបនឹងកើតឡើងសាជាថ្មី នៅស្រុកកំពង់ត្រាច ខេត្តកំពត ដោយមានមនុស្សជិត១០នាក់ បានស្លាប់។ កាលពីខែឧសភា ឆ្នាំ២០២១ មានប្រជាពលរដ្ឋជិត១០នាក់ នៅស្រុកកំពង់ត្រាចដដែល និង មានប្រជាពលរដ្ឋជាង១០នាក់ នៅស្រុកល្វាឯម ខេត្តកណ្តាល បានស្លាប់ដោយសារការពុលស្រាសនេះ។ កាលពីចុងឆ្នាំ២០២០ មានប្រជាពលរដ្ឋជិត១០នាក់ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានស្លាប់ដោយសារពុលស្រាសដែរ។ ករណីស្លាប់ដោយសារពុលស្រាសនេះ មិនមែនមានតែប៉ុណ្ណឹងទេ ដោយនៅមានតាមតំបន់ផ្សេងៗទៀត ដែលបានកើតឡើងនាពេលកន្លងមក៕ 
 
 

Tag:
 ករណីពុលស្រា
© រក្សាសិទ្ធិដោយ thmeythmey.com