អន្តរជាតិ
ខឹងចាក់ឆ្នោតខុស៤៦ដង បុរសម្នាក់នៅបារាំងប្តឹងក្រុមហ៊ុនឆ្នោតដើម្បីទារជំងឺចិត្ត
09, Jul 2021 , 8:29 am        
រូបភាព
ដោយ: ធីតា
ដោយគិតថា ក្រុមហ៊ុនប្រើប្រាស់ប្រព័ន្ធលេខកូដមិនតម្លាភាពលើឆ្នោតផ្សងសំណាង «My Million» បុរសម្នាក់នៅបារាំង បានដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីទារជំងឺចិត្តវិញ បន្ទាប់ពីបានផ្សងខុសរហូតដល់ទៅ៤៦លើក។ យោងតាមការផ្សាយរបស់ Ouest France គាត់បានចាញ់ក្តីនៅសាលាដំបូង ហើយបន្តចាញ់នៅឧទ្ធរណ៍ថែមទៀត។
 
កម្មវិធីឆ្នោតរង្វាន់ប្រាក់លាន «My Million» របស់ក្រុមហ៊ុន EuroMillions បានធ្វើឲ្យបុរសម្នាក់នៅបារាំងខកចិត្ត ដោយសារតែគាត់គ្មានសំណាងរហូតដល់ទៅ៤៦លើក។ គាត់បានសម្រេចទារប្តឹងទៅភ្នាក់ងារឆ្នោតជាតិបារាំង (FDJ) ដើម្បីទាមទារជំងឺចិត្តចំនួន៤,៦លានអឺរ៉ូ (ជិត៥,៥លានដុល្លារអាមេរិក)។
 
ក្នុងបណ្តឹងរបស់ខ្លួន បុរសរូបនោះ បានលើកឡើងពីភាពមិនប្រក្រតីលើការបែងចែកលេខកូដនៃឆ្នោតប្រាក់លាន «My Million» ដោយបង្ហាញពីការមិនស្មើភាពគ្នារវាងអ្នកចូលរួមផ្សងសំណាង។ នេះបើតាមការផ្សាយរបស់គេហទំព័រ Capital កាលពីចុងខែមិថុនា កន្លងមក ដោយព្យាយាមលើកយកអំណះអំណាងផ្សេងៗ។
 
ឆ្លើយតបករណីនេះ ក្រុមហ៊ុន Euromillions បានអះអាងថា លេខកូដឆ្នោត «My Millions» មានជាស្វ័យប្រវត្តិនៅក្នុងសន្លឹកឆ្នោតនីមួយៗ ដោយគ្រាន់តែកោសផ្ទៀងផ្ទាត់យ៉ាងសាមញ្ញ។ អ្នកឈ្នះនឹងទទួលបានប្រាក់លានអឺរ៉ូ នៅរាល់ការចាប់ម្តងៗ ក្រោមការត្រួតពិនិត្យរបស់ FDJ។ FDI បានបញ្ជាក់បន្ថែមថា យន្តការចាប់ឆ្នោត ពិតជាមានភាពត្រឹមត្រូវច្បាស់លាស់ មិនមានការរៀបចំពីស្តង់ដារដូចជាការចោទប្រកាន់នោះឡើយ។
 
តាមពិតទៅ ករណីនេះ បានកើតឡើងនៅសាលាដំបូងក្រុង Nanterre ប្រទេសបារាំងតាំងពីឆ្នាំ២០១៧មកម្ល៉េះ។ កាលពីថ្ងៃទី១៥ ខែមិថុនា សាលាឧទ្ធរណ៍នៅ Versailles បានសម្រេចច្រានចោលពាក្យបណ្តឹងនេះ ដូចគ្នា ហើយថែមទាំងសម្រេចឲ្យអ្នកចាក់ឆ្នោតបង់៧៥០០អឺរ៉ូ សម្រាប់សេវាកម្មផ្សេងៗផ្នែកច្បាប់ និង៣០០០អឺរ៉ូទៀតទាក់ទងនឹងជំងឺចិត្តលើការរំលោភបំពាននីតិវិធីច្បាប់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com