សុខភាព
អន្តរជាតិ
ការសិក្សា៖ អ្នកផឹក «តែ» ជាប្រចាំ មានដំណើរការខួរក្បាលល្អជាងអ្នកមិនធ្លាប់ផឹក
10, Jul 2021 , 8:29 am        
រូបភាព
ដោយ: ធីតា
អ្នកដែលនិយមផឹក «តែ» យ៉ាងទៀងទាត់ មានរចនាសម្ព័ន្ធខួរក្បាល ល្អប្រសើរជាងអ្នកដែលមិនចូលចិត្តផឹក «តែ»។ នេះបើតាមលទ្ធផលនៃការសិក្សាមួយនៅសាកលវិទ្យាល័យជាតិសិង្ហបុរី។
 
«លទ្ធផលដំបូងរបស់យើង បង្ហាញផលវិជ្ជមានពីការរួមចំណែកដល់ការរីកចម្រើនខួរក្បាល សម្រាប់អ្នកដែលផឹកតែជាប្រចាំ ហើយវាក៏បានជួយការពារប្រកបដោយប្រសិទ្ធភាពទប់ទល់កុំឲ្យមានកំសោយផ្នែកខួរក្បាល នៅពេលអាយុកាន់តែចាស់ផងដែរ»។ នេះជាការអះអាងរបស់សាស្ត្រាចារ្យជំនួយ Feng Lei នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Yong Loo Lin នៃសាកលវិទ្យាជាតិសិង្ហបុរី (NUS)។
 
ការសិក្សាកន្លងមកក៏បានបង្ហាញផងដែរពីសារប្រយោជន៍របស់តែចំពោះសុខភាពមនុស្ស ជាពិសេសការទប់ទល់នឹងវិបត្តិសម្ពាធឈាម និងបេះដូង។ តាមលទ្ធផលសិក្សាកាលពីឆ្នាំ២០១៧ លោក Feng បានបញ្ជាក់ថា អ្នកផឹកតែរៀងរាល់ថ្ងៃជាប្រចាំ អាចកាត់បន្ថយភាពចាស់មុនអាយុដល់ទៅ៥០ភាគរយ។
 
ក្រោយការរកឃើញបែបនេះ វេជ្ជបណ្ឌិត Feng និងក្រុមការងាររបស់ខ្លួន ពង្រឹងការសិក្សាបន្ថែមលើប្រសិទ្ធភាពរបស់តែសម្រាប់បណ្តាញខួរក្បាល ដោយស្រង់ទិន្នន័យពីមនុស្ស៣៦នាក់ អាយុ៦០ឆ្នាំ និងលើសពីនេះ។ ការសិក្សាផ្តោតលើសុខភាព ការរស់នៅប្រចាំថ្ងៃ និងស្ថានភាពផ្នែកចិត្តសាស្ត្រ។ 
 
ការសិក្សាដែលបានធ្វើឡើងចន្លោះពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ បង្ហាញថា អ្នកដែលផឹកតែបៃតង តែអ៊ូឡុង ឬតែខ្មៅ យ៉ាងហោចណាស់៤លើកក្នុងសប្តាហ៍ នារយៈពេល២៥ឆ្នាំ មានរចនាសម្ព័ន្ធល្អ និងដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់។
 
លោក Feng បានប្រៀបធៀបតំបន់ខួរក្បាលទៅនឹងចរាចរណ៍លើផ្លូវថ្នល់ដ៏ស្មុគស្មាញ។ នៅពេលដែលប្រព័ន្ធផ្លូវថ្នល់មានការរៀបចំដ៏ល្អ ការធ្វើដំណើររបស់មនុស្ស និងយានយន្ត មានប្រសិទ្ធភាពខ្ពស់ និងប្រើប្រាស់ធនធានតិច។ ដូចគ្នាផងដែរ ការភ្ជាប់ទំនាក់ទំនងរវាងតំបន់ក្នុងខួរក្បាល អាចដំណើរការបានល្អ នៅពេលវាមានរចនាសម្ព័ន្ធត្រឹមត្រូវ»។ 
 
លោកបានបញ្ជាក់បន្ថែមថា ការសិក្សាមុនៗ សុទ្ធតែបានរកឃើញដូចគ្នាទាក់ទងនឹងរចនាសម្ព័ន្ធខួររបស់អ្នកផឹកតែ ដែលមានស្ថានភាពប្រសើរជាងអ្នកមិនធ្លាប់ផឹក។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវបន្តការងាររបស់ខ្លួនទៀត ដើម្បីឈ្វេងយល់បន្ថែមពីចរន្តខួរក្បាល និងការរក្សាលំនឹងផ្សេងៗនៅពេលដែលអាយុកាន់តែជ្រេ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com