ជាតិ
លោក សុខ ទូច៖ ឧទ្យានជាតិឫស្សីត្រឹប នឹងក្លាយជាទីកម្សាន្តបែបធម្មជាតិ ដ៏ទាក់ទាញ
10, Jul 2021 , 2:35 pm        
រូបភាព
រូបភាពពីរាជបណ្ឌិតសភាកម្ពុជា
រូបភាពពីរាជបណ្ឌិតសភាកម្ពុជា
ដោយ:
រដ្ឋាភិបាលកម្ពុជា កំពុងប្រែក្លាយឧទ្យាជាតិឫស្សីត្រឹប ដែលស្ថិតក្នុងខេត្តព្រះវិហារ ទៅជាកន្លែង កម្សាន្តបែបធម្មជាតិដ៏សម្បូរបែប។ លោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា លើកឡើងថា អ្នកទេសចរ អាចទៅបោះតង់ ទស្សនាសត្វព្រៃ ច្រើនប្រភេទ និងអាចទទួលទានអាហារបែបខ្មែរ និងបរទេស។
 
បើតាមលោក សុខ ទូច គោលបំណងសំខាន់ ក្នុងការប្រែក្លាយឧទ្យានជាតិឫស្សត្រឹប ទៅជាគោលដៅទេសចរណ៍ធម្មជាតិ គឺដើម្បីកែប្រែទម្លាប់រស់នៅ របស់ពលរដ្ឋនៅតំបន់នោះ និងកាត់បន្ថយការធ្វើចំណាកស្រុក។ ប្រធានរាជបណ្ឌិតសភារូបនេះ បន្តថា កន្លងមក ពលរដ្ឋនៅតំបន់នោះ តែងពឹងផ្នែកលើអនុផលព្រៃឈើទាំងស្រុង ដូចជាការកាប់ឈើខុសច្បាប់ និងការបោចវល្លិ៍។ 
 
ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារ ឧទ្យានជាតិឫស្សីត្រឹប ជាទីតាំងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តដែលបានគ្រប់ដណ្ដប់ដោយព្រៃឈើ ១១៤.៣៥គីឡូម៉ែត្រការ៉េ។ លោក សុខ ទូច បានប្រាប់សារព័ត៌មានThmeyThmey25 ថា ការប្រែក្លាយឧទ្យានជាតិឫស្សីត្រឹប ក៏ជាផ្នែកមួយកាត់បន្ថយបទល្មើសព្រៃឈើដែរ។
 
ប្រធានរាជបណ្ឌិតសភាកម្ពុជារូបនេះ បានរៀបរាប់ដូច្នេះ៖«ពលរដ្ឋនៅតំបន់នោះមួយចំនួន ធ្លាប់តែចូលព្រៃរកវល្លិ៍ និងកាប់ឈើ។ ឥឡូវ ពួកគាត់ បានមកធ្វើជាអ្នកមើលគោ ក្របី ចៀម ពពែ ចញ្ចឹមត្រី ក្នុងឧទ្យានវិញ។ ពួកគាត់បានចូលរួមអភិរក្សព្រៃឈើផង និងមានចំណូលជួយគ្រួសារផង»។


 រូបភាពពី រាជបណ្ឌិតសភាកម្ពុជា

ក្នុងឧទ្យានជាតិឫស្សីត្រឹម មិនត្រឹមតែមានដើមឈើប្រភេទធំៗ និងកម្រនោះទេ ក៏ជាកន្លែងមានបរិស្ថាន និងវប្បធម៌ដ៏ល្អផងដែរ។ លោក សុខ ទូច បានបន្ថែមទៀតថា សត្វព្រៃ សត្វស្លាប ជីវៈចម្រុះ ច្រើនប្រភេទ រួមទាំងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ កសិដ្ឋានចិញ្ចឹមពពែ កន្លែងចិញ្ចឹមត្រី និងកន្លែងអភិរក្សពូជត្រី ដែលជិតផុតពូជ សុទ្ធតែជាសម្បិត្តធម្មជាតិ ដែលមានរួចស្រេច នៅក្នុងឧទ្យានជាតិឫស្សីត្រឹប នៅខ្វះតែផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរ។
 
លោក សុខ ទូច អះអាងដូច្នេះ៖«យើងខ្វះតែផ្ទះស្នាក់ទេ ព្រោះមិនទាន់មានលទ្ធភាពសាងសង់។ ដូច្នេះ បើអ្នកទេសចរ ចង់មកគេងកម្សាន្ត គឺត្រូវបោះតង់។ យើងនឹងធ្វើកន្លែងនេះជាកន្លែងព្យាបាលអារម្មណ៍ដ៏ស័ក្ដិសិទ្ធ»។
 
លោក សុខ ទូច រំពឹងថា អ្នកទេសចរ ដែលស្រលាញ់ធម្មជាតិ ពិតជាមិនមើលរំលង នៅទីតាំងធម្មជាតិ និងប្រវត្តិសាស្រ្ត មួយនេះ។ ប្រធានរដ្ឋសភារូបនេះ លើកឡើងបែបនេះ លោកនឹងបង្កើតកន្លែងអភិរក្សពូជត្រី និងសត្វដែលជិតផុតពូជ ព្រមទាំងយកឈើដែលចាប់បាន ច្នៃជាវត្ថុអនុស្សាវរីយ៍។ ដូច្នេះ ទេសចរ ដែលបានមកកម្សាន្តនៅឧទ្យានជាតិឫស្សីត្រឹប អាចទិញត្រី សាច់ ផ្លែឈើ ទឹកគោស្រស់ និងវត្ថុអនុស្សារីយ៍ ជាច្រើន ត្រឡប់ទៅផ្ទះផងដែរ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com