អន្តរជាតិ
នៅសាកលវិទ្យាល័យអ៊ុលសាន បន្ទោបង់ក្នុងបង្គន់បរិស្ថាន នឹងបានប្រាក់រង្វាន់
17, Jul 2021 , 8:29 am        
រូបភាព
ដោយ: ធីតា
គ្រាន់តែបន្ទោបង់អាចបានប្រាក់ផងដែរ។ នេះជាគំនិតច្នៃប្រឌិតមួយរបស់វិស្វករបរិស្ថានម្នាក់នៅកូរ៉េខាងត្បូង ដើម្បីលើកទឹកចិត្តនិស្សិត និងមនុស្សទាំងអស់នៅសាកលវិទ្យាល័យអ៊ុលសាននាំគ្នាប្រើប្រាស់បង្គន់បរិស្ថាន។
 
លោក Cho Jae-weon បានដាក់ដំណើរការបង្គន់បរិស្ថាននៅក្នុងសាកលវិទ្យាល័យអ៊ុលសាន ដោយបង្គន់នេះ អាចបំប្លែងលាមកទៅជាជីធម្មជាតិ និងសមាសធាតុការពារបរិស្ថានដ៏មានតម្លៃ។ តាមការដកស្រង់របស់ Reuters វិស្វករបរិស្ថានរូបនេះ បានអះអាងថា លាមកក៏ត្រូវបានបំប្លែងទៅជាជីវឧស្ម័នផងដែរ និងរក្សាទុកសម្រាប់តម្រូវការប្រើប្រាស់ក្នុងផ្ទះបាយ និងបន្ទប់ទឹក។


 
លោកបានបញ្ជាក់ថា មនុស្សម្នាក់ដែលបានបន្ទោបង់លាមក៥០០ក្រាមជារៀងរាល់ថ្ងៃ អាចបំប្លែងបានទៅជាឧស្ម័នមេតាន៥០លីត្រ។ ឧស្ម័ននេះអាចប្រើប្រាស់ផ្នែកអគ្គិសនី រីឯជីធម្មជាតិអាចយកទៅប្រើប្រាស់នៅតាមសួនដំណាំ។
 
ជាការលើកទឹកចិត្ត លោក Cho Jae-weon បានបង្កើតប្រាក់អេឡិចត្រូនិកដែលមានឈ្មោះថា Ggool។ អ្នកប្រើប្រាស់បង្គន់អាចស្កេន QR Code ដើម្បីសន្សំពិន្ទុ ដោយ១លើកទទួលបាន១០ Ggool។ 
 
ពិន្ទុដែលអ្នកប្រើប្រាស់បង្គន់បរិស្ថានសន្សំបាន អាចយកទៅទិញនំចំណី ភេសជ្ជៈ និងសម្ភារប្រើប្រាស់ផ្សេងៗនៅក្នុងសាកលវិទ្យាល័យអ៊ុលសាន ដោយវិស្វករ Cho មានជំនឿថា គំនិតនេះ នឹងត្រូវបានយកទៅអនុវត្តទូទាំងពិភពលោក៕
 





Tag:
 បរិស្ថាន
  បង្គន់
© រក្សាសិទ្ធិដោយ thmeythmey.com