អន្តរជាតិ
ប្រមុខការពារជាតិអាមេរិក ធ្វើទស្សនកិច្ចនៅហ្វីលីពីន សិង្ហបុរី និងវៀតណាមក្នុងសប្តាហ៍នេះ
20, Jul 2021 , 10:18 am        
រូបភាព
រដ្ឋមន្រ្តីការពារជាតិអាមេរិក ឡយ អូស្ទីន។ រូបថត AFP
រដ្ឋមន្រ្តីការពារជាតិអាមេរិក ឡយ អូស្ទីន។ រូបថត AFP
ប្រមុខការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) នឹងធ្វើទស្សនកិច្ចនៅសិង្ហបុរី វៀតណាម និងហ្វីលីពីនក្នុងសប្តាហ៍នេះដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងជំរុញគោលនយោបាយឥណ្ឌូ-ប៉ាស៊ីហ្វិក។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បានប្រកាសបែបនេះ នៅថ្ងៃទី១៩ ខែកក្កដា។ លោក អូស្ទីន នឹងក្លាយជាមន្រ្តីជាន់ខ្ពស់បំផុតរបស់រដ្ឋបាលលោក ចូ បៃឌិន ជាន់ទឹកដីអាស៊ីអាគ្នេយ៍។
 
ជាទស្សនកិច្ចលើកដំបូងមកតំបន់អាស៊ីអាគ្នេយ៍ចាប់តាំងពីឡើងកាន់តំណែងមក លោក Lloyd Austin រដ្ឋមន្រ្តីការពារជាតិអាមេរិក អាចចាកចេញពីអាមេរិកនៅថ្ងៃទី២៣ ខែកក្កដា និងឆ្ពោះមកអាស៊ីអាគ្នេយ៍តែម្ដង។ សិង្ហបុរី ជាប្រទេសដែលលោករដ្ឋមន្រ្តី នឹងត្រូវមកទស្សនកិច្ចមុនគេ ហើយលោកក៏ត្រូវចូលរួមក្នុងកម្មវិធីមួយ ដែលរៀបចំដោយវិទ្យាស្ថានអន្តរជាតិសិក្សាយុទ្ធសាស្រ្តផងដែរ។ 
 
ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី១៩ ខែកក្កដា អ្នកនាំពាក្យមន្ទីរបញ្ចកោណ John Kirby បានបញ្ជាក់ថា ទស្សនកិច្ចរបស់លោក អូស្ទីន បញ្ជាក់ពីការប្តេជ្ញារបស់អាមេរិក មកក្នុងតំបន់អាស៊ីអាគ្នេយ៍ និងផលប្រយោជន៍អាមេរិក ក្នុងការប្រកាន់ខ្ជាប់សណ្តាប់ធ្នាប់អាមេរិកនៅក្នុងតំបន់ ក៏ដូចជាលើកកម្ពស់សារៈសំខាន់របស់អាស៊ាន។ 
 
«ទស្សនកិច្ចរបស់លោក អូស្ទីន នឹងបង្ហាញពីភាពចាំបាច់របស់រដ្ឋបាលលោកចូ បៃឌិន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។ លោក Kirby បានសង្កត់ធ្ងន់បែបនេះ។
 
ក្នុងទស្សនកិច្ចនៅហ្វីលីពីន លោក អូស្ទីន អាចជជែកជាមួយរដ្ឋាភិបាលប្រទេសមួយនេះពីការបន្តកិច្ចព្រមព្រៀងយោធាអាមេរិកនៅហ្វីលីពីន បន្ទាប់ពីរដ្ឋាភិបាលក្រុងម៉ានីល បានបញ្ចៀសការសម្រេចចិត្តលើការរក្សា ឬលុបចោលវត្តមានទ័ពអាមេរិកនៅហ្វីលីពីន។ មន្រ្តីជាន់ខ្ពស់អាមេរិក ក៏អាចជជែកពីការលក់ទិញអាវុធផងដែរ។ ចំណែកនៅវៀតណាមវិញ លោក អូស្ទីន អាចជជែកពីការបង្កើនកិច្ចសហប្រតិបត្តិទ្វេភាគី ស្របពេលក្រុងហាណូយ កំពុងប្រឈមមុខជាមួយក្រុងប៉េកាំង។ 
 
ទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិកពេលនេះ ធ្វើឡើងស្របពេលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង កំពុងមិនត្រូវគ្នាលើបញ្ហាជាច្រើន ដោយក្នុងនោះរួមមានបញ្ហាសមុទ្រចិនខាងត្បូង សិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង លទ្ធិប្រជាធិបតេយ្យនៅហុងកុង និងការកើនឡើងឥទ្ធិពលចិនជាដើម។ 
 
ចាប់តាំងពីកាន់តំណែងមក លោករដ្ឋមន្រ្តីបានទស្សនកិច្ចនៅអឺរ៉ុបពីរលើកហើយ និងបានទៅកូរ៉េខាងត្បូង ជប៉ុន រួមទាំងឥណ្ឌាផងដែរ។ ទស្សនកិច្ចទៀតនោះ ធ្វើឡើងក្នុងគោលបំណងស្តារទំនាក់ទំនងជាមួយប្រទេសសម្ព័ន្ធមិត្តឡើងវិញ៕
 

Tag:
 អាមេរិក
  វៀតណាម
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com