អន្តរជាតិ
មន្រ្តីទូតអាមេរិក៖ ជប៉ុន អាមេរិក និងកូរ៉េខាងត្បូង បានផ្ញើសារទៅកូរ៉េខាងជើង
21, Jul 2021 , 5:41 pm        
រូបភាព
(ពីឆ្វេងទៅស្តាំ) អនុរដ្ឋមន្រ្តីការទូតកូរ៉េខាងត្បូង លោកChoi Jong-kun ជាមួយសមភាគីជប៉ុន លោកTakeo Mori និងសមភាគីអាមេរិក លោកស្រីWendy Sherman។ រូបភាព៖ AFP
(ពីឆ្វេងទៅស្តាំ) អនុរដ្ឋមន្រ្តីការទូតកូរ៉េខាងត្បូង លោកChoi Jong-kun ជាមួយសមភាគីជប៉ុន លោកTakeo Mori និងសមភាគីអាមេរិក លោកស្រីWendy Sherman។ រូបភាព៖ AFP
អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ផ្ញើសារយ៉ាងច្បាស់ជាមួយការសម្របសម្រួលគោលនយោបាយ នៅចំពោះមុខកូរ៉េខាងជើង។ អនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី Wendy Sherman បានលើកឡើងបែបនេះ នៅថ្ងៃទី២១ ខែកក្កដា។

កិច្ចប្រជុំត្រីភាគីរវាងរបស់អនុរដ្ឋមន្រ្តីការបរទេសជប៉ុន អាមេរិក និងកូរ៉េខាងត្បូង ត្រូវបានប្រារព្ធឡើងនៅទីក្រុងតូក្បូនៅថ្ងៃទី២១ ខែកក្កដា។ ជំនួបនេះ ធ្វើឡើងស្របពេលសម្ព័ន្ធមិត្តអាមេរិក គឺជប៉ុន និងកូរ៉េខាងត្បូង កំពុងមើលមុខគ្នាមិនចំ ទាក់ទិននឹងការចាប់បង្ខំកម្លាំងពលកម្មនៅក្នុងសម័យអាណានិគមជប៉ុននៅឧបទ្វីបកូរ៉េ។ 
 
ទោះជាយ៉ាងណា ប្រទេសទាំងបី មានជំហរស្របគ្នាលើបញ្ហាកូរ៉េខាងជើង។ ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាន់ខ្ពស់មួយនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោកស្រី Wendy Sherman បានអះអាងថា ការសម្របសម្រួលដ៏ជិតស្និទ្ធបានផ្ញើសារយ៉ាងច្បាស់ទៅកូរ៉េខាងជើង ដែលធ្វើឱ្យប្រទេសទាំងបីត្រូវប្រកៀកស្មាគ្នាដោះស្រាយ។ 
 
សម្រាប់ជំនួបត្រីភាគី លោក Takeo Mori អនុរដ្ឋមន្រ្តីការបរទេសជប៉ុន បានចាត់ទុកជាកិច្ចសហប្រតិបត្តិការដ៏សំខាន់មួយក្នុងការរំសាយអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង។ បើតាមមន្រ្តីជាន់ខ្ពស់ជប៉ុនរូបនេះ ជំហររបស់កូរ៉េខាងជើងនៅដំណាក់កាលបន្ទាប់ មិនអាចរំពឹងទុកបាន។ យ៉ាងណាមិញ សមភាគីកូរ៉េខាងត្បូង បានហៅបញ្ហាអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងថា ជាល្បែងដែលមានរយៈពេលយូរ ដែលទាមទារឱ្យមានការអត់ធន់។ 
 
ក្នុងកិច្ចប្រជុំត្រីភាគីនេះ អ្នកការទូតអាមេរិក ក៏បានផ្ញើសាររឿងចរចាទៅកូរ៉េខាងជើងផងដែរ។ លោកស្រី Sherman បានសង្កត់ធ្ងន់ថា ក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនរួចហើយ ក្នុងការចរចាជាមួយក្រុងព្យុងយ៉ាង ហើយរដ្ឋបាលក្រុងវ៉ាស៊ីនតោន សង្ឃឹមថា ក្រុងព្យុងយ៉ាង នឹងឆ្លើយតបជាវិជ្ជមាន។ លោកស្រី Sherman បានបន្តថា អាមេរិកមានការអត់ធ្មត់ខ្លះ ប៉ុន្តែមិនខ្លាំងឡើយ។ 
 
ក្នុងឱកាសនោះដែរ មន្រ្តីការទូតជាន់ខ្ពស់របស់ក្រុងសេអ៊ូល និងតូក្យូ បានបង្ហាញក្តីសង្ឃឹមថា ភាគីទាំងពីរ នឹងបន្តជជែកគ្នាបន្ថែមទៀត លើបញ្ហាដែលមិនទាន់ដោះស្រាយរួច។ 
 
សូមបញ្ជាក់ថា កន្លងមកអាមេរិក ក្រោមរដ្ឋបាលលោកចូ បៃឌិន បានផ្ញើសារចង់ចរចាជាមួយកូរ៉េខាងជើងជាញឹបញាប់ ប៉ុន្តែកូរ៉េខាងជើង មិនបានផ្តល់ចម្លើយជាវិជ្ជមានឡើយ។ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង លោកស្រីគីម យ៉ូចុង ធ្លាប់អះអាងថា អាមេរិកមានការរំពឹងទុកខុស ទាក់ទិននឹងកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ហើយការរំពឹងទុកទាំងនោះ មានតែនាំឱ្យខកបំណងតែប៉ុណ្ណោះ៕ 
 

Tag:
 អាមេរិក
  ជប៉ុន
 ​ កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com