COVID-19
អន្តរជាតិ
WHO ព្រមានពីផលប៉ះពាល់សុខភាពផ្លូវចិត្តរយៈពេលវែងដោយសារជំងឺកូវីដ-១៩
23, Jul 2021 , 9:41 am        
រូបភាព
តំបន់ផ្នូរអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ។ រូបភាព៖ AFP
តំបន់ផ្នូរអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ។ រូបភាព៖ AFP
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២២ ខែកក្កដា បានព្រមានពីផលប៉ះពាល់រយៈពេលវែង និងធំធេងលើសុខភាពផ្លូវចិត្តបង្កដោយជំងឺកូវីដ-១៩ ។ ដើម្បីជួយកាត់បន្ថយបញ្ហាសុខភាពផ្លូវចិត្តនេះ អង្គការ WHO បានទទូចឱ្យមានសេវាគាំទ្រចិត្តវិទ្យានៅសាលារៀន សកលវិទ្យាល័យ កន្លែងធ្វើការ និងសម្រាប់ក្រុមមនុស្សដែលកំពុងប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ ជាដើម។
 
ជាងរយៈពេល ១ឆ្នាំហើយ ជំងឺកូវីដ-១៩ នៅតែបន្តរីកសាយលើពិភពលោក បើទោះបណ្តាប្រទេសនីមួយៗខិតខំយកចិត្តទុកដាក់លើកម្មវិធីផ្តល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋខ្លួនក៏​ដោយ​។ គិតត្រឹមថ្ងៃទី២២ ខែកក្កដា ករណីឆ្លងជំងឺកូវីដ-១៩ របស់ពិភពលោក បានហក់ឡើងដល់ជាង ១៩៣លានករណី និងអ្នកស្លាប់មានចំនួនជាង ៤ លាននាក់។ ការបិទក្រុង និងតំបន់ នៅតែបន្តកើតមាន ខណៈប្រជាជនមួយចំនួន ត្រូវបានរដ្ឋាភិបាលស្នើឱ្យស្នាក់នៅផ្ទះ ឬដាក់ចត្តាឡីស័ក។ 
 
ទាក់ទិននឹងបញ្ហានេះ អង្គការសុខភាពពិភពលោក បានអង្កេតឃើញថា វិធានការទប់ស្កាត់កូវីដ-១៩ ដូចជាការបិទក្រុង ឬចត្តាឡីស័កជាដើម អាចធ្វើឱ្យប៉ះពាល់ដល់វិបត្តិសុខភាពផ្លូវចិត្ត ស្របពេលប្រជាជនជាច្រើន រងសម្ពាធដោយសារការអត់ការងារធ្វើ បញ្ហាហិរញ្ញវត្ថុ និងការកាត់ផ្តាច់ពីសង្គមមួយ និងសង្គមមួយទៀតជាដើម។ 
 
«ផលប៉ះពាល់សុខភាពផ្លូវចិត្តដោយសារកូវីដ-១៩ នឹងមានរយៈពេលវែង និងក្នុងទំហំធំ»។ អង្គការ WHO បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន នាពេលបើកកិច្ចប្រជុំរយៈពេលពីរថ្ងៃ នៅក្រុងអាតែន ប្រទេសក្រិក ដោយបន្ថែមថា មនុស្សម្នាក់ៗ សុទ្ធតែរងផលប៉ះពាល់ ដោយសារជំងឺសកលមួយនេះ។
 
ក្នុងកិច្ចប្រជុំដដែលនេះ​ លោក Hans Kluge នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុប បានការពារថា សុខភាពផ្លូវចិត្ត គួរតែត្រូវបានចាត់ទុកជាមូលដ្ឋាន នៃសិទ្ធិមនុស្ស។ បើតាមលោក Hans ជំងឺកូវីដ-១៩ បានអុកឡុកពិភពលោក និងឆក់យកជីវិតមនុស្សជាច្រើនលាននាក់ រួមទាំងបំផ្លាញជីវិតគ្រួសារ ការកាត់ផ្តាច់ទំនាក់ទំនងគ្រួសារ ជំនួញត្រូវក្ស័យធន ខណៈពេលប្រជាជនជាច្រើន ត្រូវបាត់បង់ឱកាសរបស់ខ្លួន។ 
 
ដោយមើលឃើញពីបញ្ហាទាំងនោះ អង្គការ WHO បានអំពាវនាវឱ្យមានការពង្រឹងសេវាសុខភាពផ្លូវចិត្តជាទូទៅ និងកែប្រែការថែទាំទាំងនោះ តាមរយៈបច្ចេកវិទ្យា។ មិនតែប៉ុណ្ណោះ អង្គការអន្តរជាតិមួយនេះ បានទទូចឱ្យមានការផ្តល់សេវាគាំទ្រសុខភាពផ្លូវចិត្ត នៅតាមសាលារៀន សកលវិទ្យាល័យ កន្លែងធ្វើការ និងសម្រាប់ក្រុមមនុស្ស ដែលកំពុងប្រយុទ្ធជាមួយជំងឺកូវីដ-១៩ ផងដែរ៕ 
 

Tag:
 WHO
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com