អន្តរជាតិ
លោក ប្រាយុទ្ធ បញ្ជាមិនឱ្យករណីអ្នកជំងឺកូវីដ-១៩ ដេកស្លាប់តាមផ្លូវ
23, Jul 2021 , 9:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា។ រូបភាព៖ AFP
ករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅតាមផ្លូវដោយសារមិនអាចចូលព្យាបាលនៅមន្ទីរពេទ្យ បង្កជាការមិនពេញចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាជនថៃ។ ទាក់ទិននឹងបញ្ហានេះ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី២២ ខែកក្កដា បានទទូចឱ្យស្ថាប័ន និងមន្រ្តីពាក់ព័ន្ធ ជួយដោះស្រាយបញ្ហាអ្នកជំងឺកូវីដ-១៩ ដែលមិនទាន់បានចូលព្យាបាលនៅមន្ទីរពេទ្យ។
 
 
អ្នកស្លាប់ចំនួន៣នាក់ ដោយសារជំងឺកូវីដ-១៩ នៅតាមដងផ្លូវ បានធ្វើឱ្យប្រជាជនថៃ រិះគន់រដ្ឋាភិបាលយ៉ាងខ្លាំង និងចោទប្រព័ន្ធសុខាភិបាលថា ដួលរលំ។ ករណីទាំងបីនោះ ត្រូវបានរកឃើញនៅក្នុងក្រុងបាងកកដោយអ្នកស្លាប់ ចំនួន២នាក់មាននៅខណ្ឌ Phra Nakhon និង ១នាក់ទៀត នៅខណ្ឌKlong Toey។ លើសពីនេះ ប្រជាជនថៃ ក៏បានរិះគន់ លើភាពយឺតយ៉ាវនៃរថយន្តសង្រ្គោះបន្ទាន់ផងដែរ។ 
 
បន្ទាប់ពីរងការរិះគន់ជាច្រើននៅលើបណ្តាញសង្គម Facebook នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចា បានអំពាវនាវឱ្យភាគីពាក់ព័ន្ធជួយដោះស្រាយបញ្ហាទាំងនោះ។ ថ្លែងក្នុងកិច្ចប្រជុំមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ច ប្រមុខរដ្ឋាភិបាលថៃ បានសង្កត់ធ្ងន់ថា មន្រ្តីទាំងអស់ ត្រូវតែជួយស្វែងរកដំណោះស្រាយ ក្នុងការកាត់បន្ថយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលស្នាក់នៅផ្ទះ ឬរងចាំរថយន្តសង្រ្គោះបន្ទាន់ ឬរងចាំនៅតាមដងផ្លូវ។ 
 
«រូបភាពទាំងនោះ មិនត្រូវកើតមានទៀតឡើយ»។ លោកប្រាយុទ្ធ បានបន្ថែមបែបនេះ ដោយបន្តថា វាគឺជាការទទួលខុសត្រូវរបស់ទីភ្នាក់ងារពាក់ព័ន្ធទាំងអស់ មិនមែនត្រឹមតែក្រសួងសុខាភិបាលឡើយ។ បើតាមលោកនាយករដ្ឋមន្រ្តី ទីភ្នាក់ងារទាំងអស់ ត្រូវជួយរកវិធីជួយអ្នកជំងឺកូវីដ-១៩ ទៅមន្ទីរពេទ្យ ដើម្បីព្យាបាល។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
 
ករណីឆ្លងនៅថៃ នៅតែបន្តហក់ឡើងជាបន្តបន្ទាប់។ ក្នុងថ្ងៃទី២៣ ខែកក្កដា ថៃ បានរាយការណ៍ករណីឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុតមួយ ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ មក ដោយករណីឆ្លង បានហក់ឡើងដល់ ១៤៥៧៥ករណី និងអ្នកស្លាប់មានចំនួន ១១៤នាក់។ ករណីឆ្លងកូវីដ-១៩ សរុបរបស់ថៃមានចំនួន ៤៦៧៧០៧ករណី និងអ្នកស្លាប់មានចំនួន ៣៧១៧នាក់។ 
 
មកទល់ពេលនេះ ថៃបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាជនខ្លួន ចំនួន ១៥,១លានដូសហើយ ដោយប្រជាជនចំនួន ៣,៥៥លាននាក់ បានទទួលវ៉ាក់សាំងពេញលេញ៕ 
 

Tag:
 ថៃ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com