អន្តរជាតិ
លោក ស៊ី ជិនភីង ធ្វើទស្សនកិច្ចលើកដំបូងទៅទីបេក្នុងនាមជាប្រធានាធិបតី
23, Jul 2021 , 7:29 pm        
រូបភាព
ប្រធានាធិបតីចិន លោកស៊ី ជិនភីង ទស្សនកិច្ចនៅតំបន់ទីបេ។ រូបភាព៖ រដ្ឋាភិបាលចិន
ប្រធានាធិបតីចិន លោកស៊ី ជិនភីង ទស្សនកិច្ចនៅតំបន់ទីបេ។ រូបភាព៖ រដ្ឋាភិបាលចិន
ប្រធានាធិបតីចិន លោកស៊ី ជិនភីង បានធ្វើទស្សនកិច្ចដ៏កម្រមួយទៅតំបន់ស្វយ័តទីបេ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកក្កដា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងាររដ្ឋចិន Xinhua នៅថ្ងៃទី២៣ ខែកក្កដា។ នេះជាទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំកំពូលចិន ទៅតំបន់ទីបេក្នុងពេល៣ទសវត្សរ៍មកនេះ។
 
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង បានទៅដល់តំបន់ទីបេ នៅថ្ងៃទី២១ ខែកក្កដា ដោយមានការទទួលរាក់ទាក់ពីសំណាក់ប្រជាជនក្នុងស្រុក និងមន្រ្តីពីជនជាតិភាគតិចផ្សេងៗ។ ក្នុងទស្សនកិច្ចលើកដំបូងចាប់តាំងពីកាន់តំណែងជាប្រធានាធិបតី លោកស៊ី បានទស្សនកិច្ចនៅស្ពានឆ្លងទន្លេ Nyang ដើម្បីពិនិត្យពីការថែរក្សាប្រព័ន្ធអេកូឡូស៊ី និងមើលទន្លេនោះ។ 
 
ទន្ទឹមនេះ មេដឹកនាំចិនរូបនេះ ក៏បានទៅពិនិត្យគម្រោងអភិវឌ្ឍក្រុង ឧទ្យាន និងការអភិវឌ្ឍតំបន់ជនបទជាដើម។ នៅថ្ងៃបន្ទាប់ប្រធានាធិបតីចិនរូបនេះ បានទស្សនកិច្ចនៅស្ថានីយរថភ្លើង Nyingchi ដើម្បីមើលពីការរចនាផ្លូវរថភ្លើងពីទីបេមក ខេត្តស៊ីឈ័ន។
 
ក្នុងទស្សនកិច្ចស្ងាត់ៗនេះ លោក ស៊ី ក៏បានទៅវិមាន Potala ក្នុងក្រុង Lhasa ដែលជាទីក្រុងធំរបស់ទីបេ និងតំបន់សាសនា ក៏ដូចជាកន្លែងការពារសម្បត្តិវប្បធម៌ផ្សេងទៀតដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ។ 
 
គួររំលឹកថា កន្លងមក លោកស៊ី ធ្លាប់បានទៅតំបន់ទីបេចំនួនពីរលើករួចហើយ។ នៅក្នុងឆ្នាំ១៩៩៨ លោកស៊ី បានទៅទស្សនកិច្ចម្តង ក្នុងនាមជាលេខាបក្សខេត្តហ្វជាន និងនៅក្នុងឆ្នាំ២០១១ ជាអនុប្រធានាធិបតីចិន។ ប្រធានាធិបតីចិន ចុងក្រោយ ដែលទៅទស្សនកិច្ចនៅតំបន់ទីបេ គឺលោក Jiang Zemin នៅក្នុងឆ្នាំ១៩៩០។ 
 
សូមបញ្ជាក់ថា ប្រជាជន នៅក្នុងតំបន់ទីបេ តែងតែបាតុកម្មជាច្រើនលើកប្រឆាំងនឹងចិន ទាមទារសេរីភាព និងការអភិវឌ្ឍចិននៅក្នុងតំបន់មួយនេះ ដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌របស់ពួកគេ៕
 

Tag:
 ចិន
  ទីបេ
© រក្សាសិទ្ធិដោយ thmeythmey.com