ជាតិ
សង្គមជាតិ
កសិករពង្រីកការដាំដុះគល់ស្លឹកគ្រៃ ខណៈតម្រូវការទីផ្សារកាន់តែទូលាយ
25, Jul 2021 , 9:59 am        
រូបភាព
ដោយ:
 
ភ្នំពេញ៖ ស្លឹកគ្រៃ ជាដំណាំមានរយៈពេលខ្លី ងាយដាំ មិនរើសប្រភេទដី និងមានអត្ថប្រយោជន៍ច្រើន ពិសេសមានតម្រូវការ បានធ្វើឱ្យកសិករកាន់តែច្រើនចាប់ផ្ដើមដាំស្លឹកគ្រៃ។ បច្ចុប្បន្ន ទីផ្សារគល់ស្លឹកគ្រៃ មានតម្លៃ ប្រមាណ ១០០០-១២០០រៀលក្នុងមួយគីឡូក្រាម។ រីឯ ស្លឹកគ្រៃក្រៀម តម្លៃ ១២០០រៀល ក្នុងមួយគីឡូក្រាម ខណៈស្លឹកគ្រៃស្រស់តម្លៃ ១៥០រៀល ក្នុងមួយគីឡូក្រាម។


លោក គៀន សុភា ប្រធាននាយកដ្ឋានដំណាំរួមផ្សំនៃក្រសួងកសិកម្ម បានលើកឡើងថា កាលពីដើម កសិករមិនសូវចាប់អារម្មណ៍ដាំស្លឹកគ្រៃនោះទេ សូម្បីដាំជាលក្ខណៈគ្រួសារនៅតាមផ្ទះ។ ប្រធាននាយកដ្ឋានរូបនេះ បន្តថា បច្ចុប្បន្ន សន្ទុះនៃការដាំស្លឹកគ្រៃ កើនឡើង ដោយសារពលរដ្ឋយល់ដឹងកាន់តែច្រើន ពីអត្ថប្រយោជន៍របស់ស្លឹកគ្រៃ ពិសេសស្លឹកគ្រៃ យកច្នៃធ្វើជាប្រេងជាដើម។

អ្នកជំនាញរូបនេះ នៅតែលើកទឹកចិត្តឱ្យពលរដ្ឋដាំស្លឹកគ្រៃ មិនថា ជាប្រភេទស្លឹកគ្រៃប្រើប្រាស់ជាគ្រឿងផ្សំក្នុងម្ហូបអាហារ ឬស្លឹកគ្រៃច្នៃជាតែ ប្រេង ឬថ្នាំកម្ចាត់មូសនោះទេ ព្រោះជាផ្នែកមួយជួយកាត់បន្ថយការនាំចូលស្លឹកគ្រៃពីខាងក្រៅ។ លោក សុភា បានរៀបរាប់ដូច្នេះ៖«យើងមិនមានតួលេខទេ ថាបច្ចុប្បន្ន កម្ពុជា នាំចូលគល់ស្លឹកគ្រៃប៉ុន្មានក្នុងមួយថ្ងៃឡើយ។ បើប្រៀបធៀបពីមុន វាបានថយចុះច្រើន។ ព្រោះសព្វថ្ងៃ ពលរដ្ឋកាន់តែច្រើន ងាកមកដាំស្លឹកគ្រៃ ដើម្បីផ្គត់ផ្គង់ក្នុងស្រុកផង និងសម្រាប់នាំចេញ»។
លោក នាក់ ភា

ក្រៅពីស្លឹកគ្រៃ អ្នកជំនាញផ្នែកកសិកម្មរូបនេះ ក៏លើកទឹកចិត្តដល់ពលរដ្ឋ ដាំដំណាំរួមផ្សំណា ប្រភេទ ម្ទេស ជី ស្លឹកខ្ទឹម ដែលពលរដ្ឋខ្មែរ និយមប្រើប្រាស់ ប្រចាំថ្ងៃសម្រាប់ធ្វើជាគ្រឿងផ្សំ ក្នុងម្ហូបអាហារ ដើម្បីកាត់បន្ថយចំណាយ ក្នុងគ្រួសារ និងមានសុវត្ថិភាពពេលបរិភោគ។

លោក នាក់ ភា ប្រធានសហគមន៍កសិកម្មមានជ័យស្នួលទ្រេត ក្នុងខេត្តបន្ទាយមានជ័យ កំពុងជំរុញ និងបង្រៀនកសិករ ១០០គ្រួសារ ដាំស្លឹកគ្រៃប្រភេទភ្លុកដំរី ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ បើតាមលោក ភា គល់ស្លឹកគ្រៃ ដែលសហគមន៍ចុះកុងត្រាទិញពីកសិករ តម្លៃ ១០០០រៀល ក្នុងមួយគីឡូក្រាម។ ចំណែក ស្លឹកគ្រៃក្រៀម តម្លៃ ១២០០រៀល ក្នុងមួយគីឡូក្រាម។

ស្លឹកគ្រៃក្រៀមទាំងនោះ ត្រូវនាំចេញទៅប្រទេសថៃ ចំណែកគល់ស្លឹកគ្រៃវិញ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ យ៉ាងណាមិញ ការនាំចេញស្លឹកគ្រៃក្រៀម ទៅប្រទេសថៃ មិនទាន់អាចធ្វើទៅបាន ព្រោះកសិករនៅខ្វះចន្លោះនូវបច្ចេកទេសហាល និងសម្ងួតស្លឹកគ្រៃឱ្យមានគុណភាពល្អ។

លោក នាក់ ភា បានរៀបរាប់បែបនេះ៖«យើងមិនទាន់អាចនាំចេញស្លឹកគ្រៃទេ ព្រោះស្ថិតក្នុងដំណាក់ទីមួយនៅឡើយ។ កសិករនៅខ្វះបច្ចេកទេសនៅឡើយ ទាំងការជ្រើសរើសប្រភេទស្លឹកគ្រៃ សម្រាប់កែច្នៃ រយៈពេលនៃការហាល និងការកាត់ស្លឹកគ្រៃជាដើម។ តែសហគមន៍ព្យាយាមបង្ហាត់បង្រៀនពួកគាត់បន្ថែម ដើម្បីឱ្យស្របនឹងអ្វីដែលទីផ្សារត្រូវការ»។

ប្រធានសហគមន៍មានជ័យស្នួលទ្រេត បញ្ជាក់ថា សហគមន៍មិនបានកំណត់នោះទេថា មួយខែត្រូវផលិតស្លឹកគ្រៃ ក្នុងបរិមា ប៉ុន្មាន ព្រោះបច្ចុប្បន្នសហគមន៍ផ្ទាល់ មិនទាន់បានដាំស្លឹកគ្រៃគ្រប់តាមផែនការនៅឡើយ។ សហគមន៍មានផែនការ ប្រមូលទិញស្លឹកគ្រៃពីកសិករ ចំនួន ២ឆ្នាំ និងគ្រោងពង្រីកផ្ទៃដីដាំដុះឱ្យបាន ១០០០ហិកតា ខណៈបច្ចុប្បន្ន សហគមន៍មានផ្ទៃដីដាំដុះស្លឹកគ្រៃ សរុប ត្រឹម ៥០០ហិកតា ប៉ុណ្ណោះ។
ស្លឹកគ្រៃស្ងួត សម្រាប់ច្នៃជាប្រេង តែ និងថ្នាំបាញ់មូស (រូបភាពពី អាស្ប៉ាយ)

ដោយឡែក នៅខេត្តសៀមរាប ឯណោះវិញ កសិករ ក៏បានចាប់ផ្ដើមដាំស្លឹកគ្រៃ សម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្នុងស្រុក និងការនាំចេញ។ លោក ញ៉ សុភាព ប្រធានក្រុមកសិករដាំស្លឹកគ្រៃ ក្នុងខេត្តសៀមរាប ដែលមានសមាជិក ៨គ្រួសារ និងមានផ្ទៃដីដាំដុះស្លឹកគ្រៃ ២៥ហិកតា កំពុងមានគម្រោងពង្រីកផ្ទៃដីដាំដុះឱ្យបាន ១០០ហិកតា ដើម្បីផ្គត់ផ្គង់ស្លឹកគ្រៃក្រៀម ក្នុងបរិមាណតម្រូវការទីផ្សារ ២៥តោន ក្នុងមួយសប្ដាហ៍។

តាមរយៈនៃកម្មវិធីអាស្ប៉ាយ លោក ញ៉ សុភាព បានឱ្យដឹងថា ការដាំស្លឹកគ្រៃសម្រាប់ច្នៃធ្វើតែ ប្រេង និងថ្នាំសម្លាប់មូស ត្រូវបានចុះកុងត្រា ជាមួយក្រុមហ៊ុនស្តង់ដា កំណត់តម្លៃ និងបរិមាណត្រឹមត្រូវ។ ក្នុងនោះ ស្លឹកគ្រៃក្រៀម តម្លៃ ១២០០រៀល ក្នុងមួយគីឡូក្រាម។ ចំណែក ស្លឹកគ្រៃស្រស់ តម្លៃ ១៥០រៀល ក្នុងមួយគីឡូក្រាម។

«ខាងក្រុមហ៊ុន តម្រូវឱ្យសហគមន៍ផ្គត់ផ្គង់ស្លឹកគ្រៃក្រៀម ២៥តោន ក្នុងមួយអាទិត្យ។ តែសព្វថ្ងៃ សហគមន៍ មានលទ្ធភាពផ្គត់ផ្គង់ត្រឹម ១០តោន ប៉ុណ្ណោះក្នុងមួយខែ។ ដូច្នេះ សហគមន៍ គ្រោងពង្រីកផ្ទៃដីដាំដុះឱ្យបាន ១០០ហិកតា ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ»។ នេះជាការបញ្ជាក់របស់លោក ញ៉ សុភាព។

ដំណាំស្លឹកគ្រៃ ត្រូវបានគេចាត់ទុកជាគ្រឿងផ្សំសំខាន់សម្រាប់ប្រើប្រាស់ជាមួយមុខម្ហូបប្រចាំថ្ងៃ។ ក្រៅពីនោះ គេក៏អាចយកស្លឹកគ្រៃ ច្នៃជាតែ ប្រេងលាបខ្លួន និងថ្នាំកម្ចាត់មូស ផងដែរ។ កត្តាទាំងនេះហើយ ជាមូលហេតុ ធ្វើឱ្យដំណាំស្លឹកគ្រៃ កាន់តែមានទីផ្សារខ្ពស់ នាពេលបច្ចុប្បន្ន៕
 
 



Tag:
 ស្លឹកគ្រៃ
  សៀមរាប
  បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com