COVID-19
អន្តរជាតិ
របបសឹកមីយ៉ាន់ម៉ា ប្រកាសលុបចោលលទ្ធផលបោះឆ្នោតឆ្នាំ២០២០
27, Jul 2021 , 4:29 pm        
រូបភាព
អ្នកគាំទ្របក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ កាន់រូបថតលោកស្រីអ៊ុងសាន ស៊ូជី។ រូបភាព៖ AFP
អ្នកគាំទ្របក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ កាន់រូបថតលោកស្រីអ៊ុងសាន ស៊ូជី។ រូបភាព៖ AFP
គណៈកម្មការរៀបចំការបោះឆ្នោតដែលលើកបន្តុបដោយរបបសឹកមីយ៉ាន់ម៉ា នៅថ្ងៃទី២៦ ខែកក្កដា បានលុបចោលលទ្ធផលបោះឆ្នោតសភាខែវិច្ឆិកា ឆ្នាំ២០២០ ដែលបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី បាមឈ្នះអាសនៈភ្លូកទឹកភ្លូកដី។ យោធាមីយ៉ាន់ម៉ា ចោទការបោះឆ្នោតថា មិនមានលក្ខណៈសេរី និងយុត្តិធម៌។
 
គណៈកម្មការរៀបចំការបោះឆ្នោត ដែលតែងតាំងដោយរបបសឹកមីយ៉ាន់ម៉ា បានបកស្រាយថា ការស៊ើបអង្កេតជាច្រើន បានរកឃើញករណីបន្លំក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ទៅ ១១លានករណី។ 
 
«បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានប៉ុនប៉ងគ្រប់គ្រងអំណាចរដ្ឋពីបក្សផ្សេងៗ ដោយប្រើវិធានការរឹតត្បិតកូវីដ-១៩»។ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត លោក Thein Soe បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា វាមិនមានលក្ខណៈសេរី និងយុត្តិធម៌ឡើយ។ បើតាមលោក Thein Soe ដោយសារហេតុផលបែបនេះហើយ ទើបគណៈកម្មការរៀបចំការបោះឆ្នោត លុបចោលលទ្ធផលបោះឆ្នោតឆ្នាំ២០២០។ 
 
បើទោះមិនទទួលស្គាល់លទ្ធផលបោះឆ្នោតយ៉ាងណាក្តី មន្រ្តីជាន់ខ្ពស់របស់របបសឹករូបនេះ មិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់ជុំវិញការរៀបចំការបោះឆ្នោតឡើងវិញឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
កន្លងមក របបសឹកបានសន្យារៀបចំការបោះឆ្នោតក្នុងរយៈពេលពីរឆ្នាំ បន្ទាប់ពីទម្លាក់រដ្ឋាភិបាលស៊ីវិល ហើយថែមទាំងព្រមានលុបចោលបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យថែមទៀត ជុំវិញការលួចបន្លំសន្លឹកឆ្នោត។ បន្ទាប់ពីរដ្ឋប្រហារ លោកស្រីស៊ូជី ត្រូវរងចោទពីបទល្មើសជាច្រើន ដូចជាពុករលួយ គ្រប់គ្រងវិទ្យុទាក់ទងខុសច្បាប់ បំពានបម្រាមកូវីដ-១៩ និងបទល្មើសជាច្រើនទៀត។ មេដឹកនាំរដ្ឋាភិបាលស៊ីវិលរូបនេះ អាចប្រឈមនឹងជាប់ពន្ធនាគាររហូតដល់ ៧៥ឆ្នាំឯណោះ បើសិនបើតុលាការកាត់ក្តីឱ្យជាប់ពន្ធនាគារលើបទល្មើសម្តងមួយៗ។ 
 
គួររំលឹកថា ចាប់តាំងពីឡើងកាន់អំណាចរបស់យោធា នៅខែកុម្ភៈកន្លងមក មីយ៉ាន់ម៉ា កំពុងមានវិបត្តិជាច្រើននៅក្នុងប្រទេស ស្របពេលជំងឺកូវីដ-១៩ កំពុងតែអុកឡុក។ ក្រុមប្រដាប់អាវុធជនជាតិភាគតិច តែងប៉ះទង្គិចជាមួយយោធាជាញឹកញាប់ ខណៈពេលក្រុមបាតុករ នៅតែបន្តធ្វើបាតុកម្មក្នុងប្រទេស។ លើសពីនេះ ជំងឺកូវីដ-១៩ បានជំរុញឱ្យរដ្ឋាភិបាលយោធា បិទក្រុងមួយចំនួន ខណៈប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេសមួយនេះ កំពុងតែទន់ខ្សោយស្រាប់៕ 
 

Tag:
 មីយ៉ាន់ម៉ា
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com