ជាតិ
មន្ត្រីកសិកម្ម ឱ្យកសិករ ស្វែងយល់ឱ្យច្បាស់មុននាំយក«ឈើរី»មកដាំនៅកម្ពុជា
31, Jul 2021 , 7:59 am        
រូបភាព
ដោយ:
លោក ហ៊ាន វណ្ណហន អគ្គលេខាធិការនៃក្រសួងកសិកម្ម បានស្នើឱ្យកសិករក្នុងស្រុក ពិចារណា និងស្វែងយល់ពីដំណាំ«ឈើរី»ឱ្យបានច្បាស់លាស់ជាមុន មុននឹងនាំយកដំណាំនេះ មកដាំដុះនៅក្នុងប្រទេសកម្ពុជា។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីមានឈ្មួញឃោសនាលក់ដំណាំនេះនៅបណ្តាញសង្គមហ្វេសប៊ុក ហើយពួកគេអះអាងថា ដំណាំនេះអាចដាំដុះបានផលល្អ នៅក្នុងប្រទេសកម្ពុជាទៀតផង។ មន្ត្រីនៃក្រសួងកសិកម្ម គូសបញ្ជាក់ថា ឈើរី ជាដំណាំរើសដី និងមិនសមស្របនឹងអាកាសធាតុនៅកម្ពុជានោះទេ។ វាជាផ្លែឈើ ដែលពេញនិយមដាំដុះនៅតំបន់អឺរ៉ុបដែលមានអាកាសធាតុត្រជាក់។
 
សព្វថ្ងៃ កសិករមួយចំនួន កាន់តែចាប់អារម្មណ៍ ដាំដំណាំឈើរី  និងដំណាំមួយចំនួនទៀត ដែលមានប្រភពពីប៉ែកអឺរ៉ុប។ ដ្បិតថាធ្លាប់មានកសិករខ្លះ ដាំឈើរីនៅកម្ពុជា ទទួលបានផល តែក្រសួងកសិកម្ម មិនទាន់សិក្សាពីការដាំដំណាំនេះ នៅក្នុងលក្ខខណ្ឌអាកាសធាតុត្រូពិកដូចកម្ពុជានៅឡើយ។
 
លោក ហ៊ាន វណ្ណហនអគ្គលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហោះសារលើគណនីហ្វេសប៊ុកដាស់តឿនដល់កសិករ ដែលមានបំណងដាំឈើរី ឱ្យគិតគូរមុននឹងសម្រេចចិត្តដាំឈើរី ដោយមិនត្រូវដាំតាមការបំផុសបំផុលរបស់ឈ្មួញខិលខូចនោះទេ។ មន្ត្រីកសិកម្មរូបនេះ បានសរសេររៀបរាប់ដូច្នេះ៖«ដំណាំឈើរី ពិតជាមិនរើសដីពិតមែន។
 
តែជាទូទៅ មិនអាចដាំនៅកម្ពុជាបានទេ ព្រោះវានឹងមិនចេញផ្កានិងផ្លែ។ វាអាចដុះនៅស្រុកយើង តែមិនបានផលនោះទេ។ ដូច្នេះកសិករមិនគួរចំណាយលុយទិញកូន តាមការផ្សព្វផ្សាយ យកទៅដាំឡើយ»។
ជុំវិញបញ្ហានេះ លោក គៀន សុភាប្រធាននាយកដ្ឋានដំណាំរួមផ្សំ នៃក្រសួងកសិកម្ម ក៏បានអះអាងដូចគ្នាដែរ។ សម្រាប់លោកគៀន សុភា ការណ៍ដែលឈ្មួញផ្សព្វផ្សាយឱ្យកសិករដាំឈើរី និងដំណាំដែលមានប្រភពពីអឺរ៉ុបដទៃទៀតដើម្បីតែប្រយោជន៍ខ្លួន ជាទង្វើអសីលធម៌មួយ។ ប្រធាននាយកដ្ឋានដំណាំរួមផ្សំ រូបនេះអំពាវនាវឱ្យឈ្មួញទាំងនោះគួរបញ្ឈប់ផ្សព្វផ្សាយផ្ទុយពីការពិតបែបនេះ ព្រោះមិនទាន់មានការសិក្សាច្បាស់លាស់ណាមួយពីការដាំ«ឈើរី»នៅកម្ពុជានៅឡើយ។
 
លោក គៀន សុភា បញ្ជាក់ដូច្នវ៖«យើងមិនបានសិក្សានៅឡើយដោយដំណាំទាំងនេះ ជាដំណាំសម្រាប់តំបន់ត្រជាក់។ យើងមិនដឹងថា តើឈ្មួញនាំចូលពីប្រភពណា?
តើគេបានដាំសាកល្បងនៅប្រទេសយើង ប៉ុន្មានឆ្នាំហើយ? លទ្ធផលទទួលបានដូចម្តេច?អ្នកចង់ដាំ គួរស្វែងយល់ឲ្យច្បាស់សិន មុនសម្រេចចិត្តវិនិយោគ»៕
 

លោក ហ៊ាន វណ្ណហន អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


លោក គៀន សុភា ប្រធាននាយកដ្ឋានដំណាំរួមផ្សំនៃក្រសួងកសិកម្ម

 

Tag:
 ឈើរី
© រក្សាសិទ្ធិដោយ thmeythmey.com