COVID-19
អន្តរជាតិ
តើកុមារនឹងរងឥទ្ធិពលអាក្រក់បែបណាខ្លះពីជំងឺកូវីដ-១៩?
01, Aug 2021 , 5:59 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ការរីករាលដាលជំងឺកូវីដ-១៩ បានប៉ះពាល់ដល់ការរស់នៅ និងសុខភាពរបស់មនុស្ស​យ៉ាងខ្លាំងទាំងផ្លូវ​កាយ និងផ្លូវចិត្ត។ មិនត្រឹមតែមនុស្សពេញវ័យប៉ុណ្ណោះទេដែល​រងផលប៉ះពាល់ពីជំងឺ​រាតត្បាតនេះ វាក៏ បានបង្កឱ្យមានបញ្ហាសុខភាពផ្លូវចិត្តចំពោះ​កុមារផងដែរ។ តើកុមារនឹងរងឥទ្ធិពលអាក្រក់បែបណា ខ្លះពីជំងឺកូវីដ-១៩?
 
ក្នុងបរិបទជំងឺឆ្លងសកល មនុស្សពេញវ័យជាច្រើន បានជួបប្រទះបញ្ហាផ្លូវចិត្ត ដូចជាកើតជំងឺស្ត្រេស បញ្ហាបាក់ទឹកចិត្ត និងឈានដល់ការធ្វើអត្តឃាតជាដើម។ ចំណែកកុមារ ក៏អាចទទួលរងផលវិបាក ផ្នែកផ្លូវចិត្តដូចមនុស្សពេញ​វ័យដែរ។ ពួកគេ ត្រូវពាក់ម៉ាស់, មិនអាចចេញក្រៅរត់លេង, មិនបានធ្វើពិធីជប់លៀងខួប​កំណើត, មិនបានហាត់កីឡានៅខាងក្រៅ និងមិនអាចសូម្បីតែទៅសាលារៀនអស់រយៈ​ពេលជាច្រើនខែ។ 
 
ទោះយ៉ាងនេះក្តី វាមិនមានន័យថាកុមារសុទ្ធតែមិនសប្បាយចិត្តនឹងជីវិតរស់នៅតែក្នុងផ្ទះ និងជួបបញ្ហាផ្លូវចិត្តដូចគ្នាទាំងអស់ទេ។ កុមារខ្លះចូលចិត្តរៀននៅផ្ទះ ហើយចំណាយ​ពេលច្រើនជាមួយគ្រួសារ។ ចំណែកកុមារផ្សេងទៀត ក៏ជួបផលលំបាកដោយសារការ​សិក្សានៅផ្ទះមិនមានលក្ខណៈរស់រវើកដូចនៅសាលារៀន និងខ្វះខាតការយកចិត្តដាក់​គាំទ្រផ្លូវចិត្តពីគ្រួសារជាដើម។ លោកស្រី Paige Lembeck អ្នកចិត្តវិទ្យានៃមជ្ឈមណ្ឌល​សិក្សាពីកុមារ Yale បានលើកឡើងបែបនេះ។ 
 
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) នៅចន្លោះខែមីនា និងខែតុលា​ឆ្នាំ ២០២០ ការពិនិត្យសុខភាពផ្លូវចិត្តកុមារ​អាយុពី៥ឆ្នាំទៅ១១ឆ្នាំ បានកើនឡើង២៤ភាគរយ ខណៈកុមារអាយុពី ១២ឆ្នាំទៅ១៧ឆ្នាំ តួលេខបានបានកើនឡើង៣១ភាគរយ​ឯណោះ បើប្រៀបធៀបទៅនឹងអំឡុងខែដូចគ្នាកាលពីឆ្នាំ២០១៩។ នេះបើតាមទិន្នន័យ​ដកស្រងពីទំព័រសុខភាពរបស់មន្ទីរពេទ្យ Yale។ 
 
ជាការពិត កុមារជាច្រើន ក៏ជួបបញ្ហាថប់អារម្មណ៍ បាក់ទឹកចិត្ត ឬបញ្ហាសុខភាព​ផ្លូវចិត្តផ្សេងទៀត ក្នុងអំឡុងពេលដ៏លំបាកនេះ។ កុមារខ្លះត្រូវបានបាត់បង់ឪពុកម្តាយ ​ឬក្រុមគ្រួសារដោយ​សារជំងឺកូវីដ-១៩ និងដោយសារមូលហេតុជាច្រើនទៀត។ 
 
លើសពីនេះ កុមារដែលមិនចូលចិត្តសាលារៀន អាចនឹងលែងចង់ត្រឡប់ទៅចូលសាលា​វិញ បើទោះជាការរាតត្បាតជំងឺកូវីដ-១៩ ត្រូវបញ្ចប់។ កុមារខ្លះក៏ពិបាកនឹងសម្របខ្លួន​ទៅតាមការផ្លាស់ប្តូររបៀបរស់នៅឆាប់រហ័ស ពីការរៀននៅសាលា និងរៀននៅផ្ទះ ហើយមិនបានប៉ុន្មានក៏ត្រូវប្តូរទៅរៀននៅសាលាវិញជាដើម។ បើទោះជាស្ថានភាពសង្គម​ត្រឡប់ទៅរកភាពប្រក្រតីវិញ កុមារប្រហែលជាមិនមាន​ការគិតដូចការពីមុនទៀតឡើយ។ 
 
ផ្ទុយទៅវិញ វាក៏អាចមានរឿងល្អជាងមុនដែលទទួលបានពីបទពិសោធរស់នៅក្នុងស្ថាន​ភាពជំងឺរាតត្បាតនេះដែរ ដោយកុមារនឹងដឹងពីតម្លៃនៃពេលវេលា តម្លៃនៃសុខភាពរាងកាយ និងផ្លូវចិត្តជាដើម។ ដូចនេះ កុមារត្រូវបានលើកទឹកចិត្តឱ្យទទួលការចាក់វ៉ាក់សាំងបង្ការ​ដើម្បី​សុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្តដែលបណ្តាលមកពីការរាតត្បាតជំងឺកូវីដ-១៩។ មានតែការ​ចូលរួមចាក់វ៉ាក់សាំងប៉ុណ្ណោះ ដែលអាចជួយឱ្យពិភពលោកឆាប់បិទបញ្ចប់​ជំងឺរាតត្បាតនេះបាន៕
 

Tag:
 កូវីដ-១៩
  កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com