អន្តរជាតិ
ការសិក្សា៖ ការសម្រេចគោលដៅអាកាសធាតុសកល នឹងជួយបង្កើនឱកាសការងារ​​ជាង៨លានកន្លែង
01, Aug 2021 , 10:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា ការសម្រេច​គោលដៅកិច្ចព្រមព្រៀងទីក្រុងប៉ារីស​ស្តីពីបម្រែបម្រួលអាកាសធាតុ នឹងរួម​ចំណែកបង្កើនឱកាសការងារប្រមាណ៨លានកន្លែងនៅលើពិភពលោកត្រឹមឆ្នាំ២០៥០ តាមរយៈកំណើនឧស្សាហកម្មផលិតថាមពលដើរដោយ​ពន្លឺព្រះអាទិត្យ​ និងកម្លាំងខ្យល់។​​ កិច្ចព្រមព្រៀង អាកាសធាតុក្រុងប៉ារីស ត្រូវបានអនុម័តដើម្បីរក្សាកម្តៅ​ផែនដីមិនឱ្យកើន​ឡើងបន្ថែម​លើស២អង្សា។​
 
ភពផែនដីនាពេលបច្ចុប្បន្ន កំពុងជួបប្រទះបញ្ហាកើនឡើងកម្តៅ ដែលបណ្តាលមកពី​សកម្មភាពប្រចាំថ្ងៃមួយចំនួនរបស់មនុស្ស។ កំណើនកម្តៅផែនដី ជាកត្តាបង្កផលវិបាកយ៉ាង​ខ្លាំងដល់ជីវិតជាសកល។ ដូច្នេះការសម្រេចគោលដៅអាកាសធាតុសកល ពិតជាត្រូវធ្វើដើម្បីដោះស្រាយបញ្ហានេះ។ មិនត្រឹមតែប៉ុណ្ណោះ ការសិក្សាបង្ហាញថា ការសម្រេច​គោលដៅអាកាសធាតុសកល​នឹងជួយបង្កើនឱកាសការងារប្រមាណ៨លាន ​នៅត្រឹមឆ្នាំ​២០៥០​ខាងមុខ។ 
 
តាមការចុះផ្សាយនៅលើទិនានុប្បវត្តិ One Earth ការសិក្សាលើឱកាសការងារនេះ បានធ្វើឡើងដោយសេដ្ឋវិទូផ្នែកបរិស្ថាននៃវិទ្យាស្ថានសេដ្ឋកិច្ចអឺរ៉ុប RFF-CMCC  លោក Johannes Emmerling និងក្រុមការងាររបស់លោក ដោយប្រមូលទិន្នន័យការងារពីបណ្តា​ប្រទេសប្រមាណ​ ៥០។ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា ការខិតខំសម្រេចគោលដៅកិច្ចព្រមព្រៀងទីក្រុង​ប៉ារីសស្តីពីអាកាសធាតុសកល នឹងអាចជួយបង្កើនឱកាសការងារប្រមាណ៨លានបន្ថែម​ទៀត នៅត្រឹមឆ្នាំ​២០៥០ តាមរយៈកំណើនឧស្សាហកម្មផលិតថាមពលដើរដោយ​ពន្លឺព្រះអាទិត្យ​ និងកម្លាំងខ្យល់។ 
 
«បច្ចុប្បន្ននេះ តាមរយៈការប៉ាន់ប្រមាណ មានកម្មករប្រមាណ ១៨លាននាក់ កំពុងធ្វើការក្នុង​រោងចក្រផលិតថាមពល ហើយចំនួនការងារនឹងត្រូវកើនឡើងទៅដល់ ២៦លាន ឬលើសពី​នេះប្រសិនបើយើងសម្រេចដល់គោលដៅ​អាកាសធាតុសកល»។ លោក​ Emmerling បានអះអាងបែបនេះ។
 
តាមការស្រាវជ្រាវអំពីអត្រាការងារសរុបក្នុងឆ្នាំ២០៥០ គេរកឃើញថា វិស័យការងារផលិត​ថាមពលប្រើប្រាស់ឡើងវិញមានប្រមាណ ៨៤ភាគរយ ខណៈចំនួនការងារ ១១ភាគរយផ្សេង​ទៀតនឹងស្ថិតក្នុងវិស័យឥន្ធនៈ និង ៥ភាគរយទៀតនៅក្នុងវិស័យ​នុយក្លេអ៊ែរ។ ដោយឡែក ការងារចម្រាញ់ឥន្ធនៈប្រមាណ ៨០ភាគរយនៃចំនួនការងារបច្ចុប្បន្ន អាចនឹងកាត់បន្ថយ ហើយត្រូវបានជំនួសមកវិញដោយការងារក្នុងឧស្សាហកម្មផលិតថាមពលដោយពន្លឺព្រះអាទិត្យនិងកម្លាំងខ្យល់ជាដើម៕
 

Tag:
 អាកាសធាតុ
  ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com