សង្គមអន្តរជាតិ​
អន្តរជាតិ
ឥណ្ឌា បញ្ជូន​នាវាចម្បាំង​មក​សមុទ្រ​ចិន​ខាងត្បូង ដើម្បី​ប្រឆាំង​ឥទ្ធិពល​ចិន​
04, Aug 2021 , 10:07 pm        
រូបភាព
នាវាចម្បាំងឥណ្ឌា។ រូបភាព៖ AFP
នាវាចម្បាំងឥណ្ឌា។ រូបភាព៖ AFP
​ឥណ្ឌា នឹង​បញ្ជូន​កម្លាំង​ទ័ពជើងទឹក​របស់ខ្លួន មក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង នៅក្នុង​ខែ​នេះ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ផ្នែក​សន្តិសុខ​ជាមួយ​ប្រទេស​ជា​មិត្ត​នៅក្នុង​តំបន់​។ កងទ័ពជើងទឹក​ឥណ្ឌា បានបញ្ជាក់​បែបនេះ នៅ​ថ្ងៃទី​៤ ខែសីហា​។ ការបញ្ជូន​នាវាចម្បាំង​ទៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​បែបនេះ ទំនងជា​ចង់​ទប់ នឹង​ឥទ្ធិពល​ចិន នៅក្នុង​តំបន់​។
 
​នាវា​ចំនួន ៤​គ្រឿង ក្នុងនោះ​រួមមាន​នាវា​ពិឃាដ​ផង នឹង​បញ្ជូនមក​សមុទ្រ​ចិន​ខាងត្បូង​, អាស៊ីអាគ្នេយ៍ និង​តំបន់​សមុទ្រ​បា​ស៊ី​ហ្វិ​ក​ខាងលិច ក្នុង​រយៈពេល​ពីរ​ខែ​។ ក្នុង​រយៈពេល​នោះ នាវាចម្បាំង​ឥណ្ឌា នឹងចូលរួម​ក្នុង​សមយុទ្ធ​ប្រចាំឆ្នាំ​ដៃគូ​សន្ទនា​សន្តិសុខ​ចតុ​ភាគី (Quad) ដែលមាន​អាមេរិក ជប៉ុន និង​អូ​ស្រា្ត​លី នៅក្បែរ​កោះ​ហ្គា​ម​ផងដែរ​។ 
 
«​ការបញ្ជូន​នាវាចម្បាំង​នេះ ជាការ​ស្វះ​ស្វែងរក​ប្រតិបត្តិការ​, សន្តិភាព​, និង​សាមគ្គីភាព​ជាមួយ​ប្រទេស​ជា​មិត្ត​»​។ កងទ័ពជើងទឹក​ឥណ្ឌា បាន​សង្កត់ធ្ងន់​បែបនេះ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ដោយ​បន្ថែមថា ប្រតិបត្តិការ​ខាងលើ នឹង​ជួយ​ធានា​សណ្តាប់ធ្នាប់​ល្អ នៅក្នុង​ដែនសមុទ្រ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​ស្របគ្នា​នេះ កងទ័ពជើងទឹក​ឥណ្ឌា បាន​បន្តថា គំនិត​ផ្តួចផ្តើម​មួយ​នេះ នឹង​ពង្រឹង​ភាពស៊ីសង្វាក់ និង​សហការ​រវាង​កងទ័ព​ឥណ្ឌា ជាមួយ​ប្រទេស​ជា​មិត្ត ដោយ​ផ្អែកលើ​ផលប្រយោជន៍​រួម​លើ​ដែនសមុទ្រ និង​ការប្តេជ្ញា​លើ​សេរីភាព​នៃ​នាវាចរណ៍​ក្នុង​ដែនសមុទ្រ​។ 
 
​សូមបញ្ជាក់ថា សមុទ្រ​ចិន​ខាងត្បូង បាន​ក្លាយជា​តំបន់​ជម្លោះ​មួយ ដែលមាន​ភាគី​ជាច្រើន​ពាក់ព័ន្ធ ក្នុងនោះ​មានដូចជា​បណ្តា​ប្រទេស​អាស៊ាន​មួយចំនួន និង​អាមេរិក​ជាដើម​។ អាមេរិក បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ចម្បាំង ជាច្រើនលើក​មក​ក្នុង​តំបន់​មួយ​នេះ ដើម្បី​ប្រឆាំងនឹង​សកម្មភាព​ចិន ដែល​ធ្វើ​សមយុទ្ធ​យោធា​ជាច្រើនលើក​៕ 

Tag:
 ​ឥណ្ឌា​
  ចិន​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com