ជាតិ
កាលពីខែកក្កដា ភ្នំឱរ៉ាល់ ទទួលបានទេសចរចំនួន១២៤នាក់
06, Aug 2021 , 8:59 pm        
រូបភាព
ដោយ:
ភ្នំឱរ៉ាល់ដែលជាភ្នំខ្ពស់ជាងគេនៅកម្ពុជាសម្បូរទៅដោយធនធានធម្មជាតិ ទេសភាពស្អាត និងមានខ្នងភ្នំតូច ធំជាច្រើន មានទេសចរចំនួន១២៤នាក់ក្នុងខែកក្កដា ធ្លាក់ចុះប្រមាណ៣០ភាគរយ បើធៀបនឹងខែមិថុនា ។ នេះបើតាមលោកឈឺន ឈីម មគ្គុទ្ទេសក៍ទេសចរណ៍ភ្នំឱរ៉ាល់ ។

ក្នុងចំណោមទេសចរ ១២៤នាក់ក្នុងនោះមានភ្ញៀវទេសចរជានារី ៥២នាក់ និងគ្មានភ្ញៀវទេសចរអន្តរជាតិទេ។ លោក ឈឺន ឈឹមបានប្រាប់ ThmeyThmey25 ថា ការធ្លាក់ចុះចំនួនទេសចរឡើងភ្នំឱរ៉ាល់ បណ្ដាលមកពីរដូវភ្លៀង ដែលធ្វើឱ្យទេសចរពិបាកធ្វើដំណើរឡើងភ្នំ។ជាមួយគ្នានេះដែរ ខែកក្កដា មានការកើនឡើងចំនួនអ្នកវិជ្ជមានកូវីដ-១៩ទើបភ្ញៀវទេសចររអាក្នុងការដើរកម្សាន្ត។
 
យ៉ាងណាមិញ អាជ្ញាធរបានសម្រេចឱ្យផ្អាក ការនាំភ្ញៀវឡើងភ្នំឱរ៉ាល់ចាប់ពីថ្ងៃទី២៩កក្កដា ដល់ ១២សីហា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បម្លែងថ្មីដែលតា(Delta) ចូលសហគមន៍។
 
សូមជម្រាបដែរថាភ្ញៀវទេសចរឡើងភ្នំឱរ៉ាល់រយៈពេល ៧ខែក្នុងឆ្នាំ២០២១ មានចំនួន ២,៨៧៧នាក់ក្នុងនោះមានភ្ញៀវអន្តជាតិផ្ទៃក្នុង១១៥នាក់៕
 
 
 

Tag:
 ThmeyThmey25
  ភ្នំឱរ៉ាល់
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com