ជាតិ
រាជទូតអង់គ្លេសលើកទឹក​ចិត្តកូនខ្មែរក្តាប់ឱកាស​​ប្រជែងយកអាហារូបករណ៍ Chevening
07, Aug 2021 , 7:59 am        
រូបភាព
ភ្នំពេញ៖ អាហារូបករណ៍ Chevening នៅចក្រភពអង់គ្លេស សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចាប់បើកទទួលពាក្យពីថ្ងៃទី៣ ខែសីហា រហូតដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១។ អាហារូបករណ៍នេះ ផ្តល់ជូននិសិ្សតគ្រប់រូបដែលមានការប្តេជ្ញាចិត្តមានជំនាញច្បាស់លាស់ និងឆន្ទៈ ក្នុងការសិក្សារៀនសូត្រ។


 អាហារូបករណ៍ Chevening នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ១០០ភាគរយ ដល់និសិ្សតជ័យលាភី ទៅសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៅសកលវិទ្យាល័យនានាក្នុងចក្រភពអង់គ្លេស។ លោកស្រី Tina Redshaw ជាទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានលើកទឹកចិត្តដល់និស្សិតថា៖«ប្រសិនអ្នក ជាបុគ្គលម្នាក់មានការតាំងចិត្តក្នុងការផ្លាស់ប្តូរ ទោះបីជាការផ្លាស់ប្តូរនោះនៅក្នុងប្រទេស ឬជាសកលក៏ដោយ ហើយអ្នកចង់ទទួលបានលទ្ធផលល្អ ទៅលើអ្វីដែលអ្នកំពុងធ្វើ អាហារូបណ៍Chevening ជាឱកាសដ៏ល្អមួយ សម្រាប់អ្នកក្នុងការសម្រេច​បំណងទាំងនោះ»។
 
 
អ្នកស្រីបន្តថា អាហារូបករណ៍ Chevining មិនគ្រាន់តែជាការសិក្សាថ្នាក់ជាន់ខ្ពស់ឡើយ តែជាការសិក្សាដ៏ស្វិតស្វាញ និងបំពេញនូវបទពិសោធន៍ជីវិតជានិស្សិត នៅសកលវិទ្យាល័យនៃចក្រភពអង់គ្លេស។ លើសពីនេះ សិស្សនិស្សិត នឹងបានជួបមនុស្សជាច្រើន មកពីជុំវិញពិភពលោក ដោយវាជាឱកាសល្អ ក្នុងការជជែកចែករំលែកបទពិសោធន៍ទៅវិញទៅមក។ 


 
សិស្សនិស្សិត ដែលមានបំណងបន្តការសិក្សានៅចក្រភពអង់គ្លេស អាចដាក់ពាក្យប្រឡងតាមរយៈ តំណភ្ជាប់នេះ https://www.chevening.org/apply/។ Chivining ជាអាហារូបករណ៍មួយ ដែលបានបង្កើតក្នុងឆ្នាំ១៩៨៣ និងមានអតីតនិស្សិតដែលមានជំនាញ វីជ្ជាជីវៈជាង៥ម៉ឺននាក់ មានឱកាសអភិវឌ្ឍន៍ជំនាញរបស់ខ្លួន នៅចក្រភពអង់គ្លេស។ អាហារូបករណ៍ចំនួន១.៥០០កន្លែង នឹងផ្តល់ជូនសិស្សនិស្សិតទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។ កន្លងមក ក៏ធ្លាប់មានសិស្សនិស្សិតកម្ពុជាបានបន្តការសិក្សាតាមរយៈ អាហារូបករណ៍នេះដែរ ហើយបច្ចុប្បន្ននិស្សិតកម្ពុជាចំនួន៩រូប កំពុងសិក្សានៅចក្រភពអង់គ្លេស៕
 
 
 

Tag:
 អាហារូបករណ៍
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com