ជាតិ
៧ខែ កម្ពុជានាំ​ចេញម្ទេស​ជិត​៧ម៉ឺនតោនដោយ​ភាគច្រើនទៅថៃ
07, Aug 2021 , 8:59 am        
រូបភាព
រយៈពេល៧ខែ ឆ្នាំ២០២១ កម្ពុជាបាននាំចេញម្ទេសចំនួន ៦៧ ៥៤៧.៣៤តោន ទៅទីផ្សារអន្តរជាតិចំនួន៤ប្រទេស។ ក្នុងនោះ មានម្ទេសស្រស់ជាង៦ម៉ឺនតោន និងម្ទេសក្រៀមជាង១ពាន់តោន បាននាំចេញទៅប្រទេសថៃ។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្ម ដោយបញ្ជាក់ថា ការនាំចេញនេះ បានកើនឡើងជាង៥០ភាគរយ ពីឆ្នាំ២០២០កន្លងទៅ។


របាយការណ៍នាំចេញកសិផល បានបង្ហាញថា ម្ទេសស្រស់ និងម្ទេសក្រៀម ៦៧ ,៥៤៧តោន ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិចំនួន៤ប្រទេស។ ក្នុងនោះ ម្ទេសស្រស់ចំនួន៦៦, ២២៧តោន បាននាំចេញទៅ១,៣២០តោន បាននាំចេញទៅប្រទេសថៃ, ចំនួន ០.២១តោន ទៅប្រទេសប៊ែលហ្ស៊ិក និងទៅប្រទេសកាណាដាចំនួន០.០១តោន។
 
របាយការណ៍ដដែល បានបញ្ជាក់ថា ការនាំចេញម្ទេសស្រស់ បានកើនឡើងចំនួន៤៦ភាគរយ និងម្ទេសក្រៀម កើនឡើងជាង១០ភាគរយ បើធៀបនឹងរយៈពេល៧ខែដូចគ្នា ឆ្នាំ២០២០។
ទន្ទឹមនឹងនេះ ផលិតផលកសិកម្មមួយចំនួនផ្សេងទៀតមាន ចំណិតដំឡូងមីក្រៀម បាននាំចេញជាង១លានតោន, ដំឡូងមីស្រស់ជាង៣៩ម៉ឺនតោន, ម្សៅដំឡូងមីជាង១ម៉ឺនតោន, កាកសំណល់ដំឡូងមីជាង៤ពាន់តោន, គ្រាប់ស្វាយចន្ទីជាង៨៦ម៉ឺនតោន, គ្រាប់ពោតជាង១៤ម៉ឺនតោន, ផ្លែចេកស្រស់ជាង២៧ម៉ឺនតោន, គ្រាប់សណ្ដែកសៀងជាង១ម៉ឺនតោន, ផ្លែក្រូចថ្លុងជាង២ម៉ឺនតោន, ស្វាយស្រស់ជាង១៦ម៉ឺនតោន,តំណាប់ស្វាយជាង១ម៉ឺនតោន, ទឹកស៊ីរ៉ូស្វាយជាង៤ពាន់តោន, ដូងប្រេងជាង២ម៉ឺនតោន, ម្រេចជាង២ម៉ឺនតោន, ថ្នាំជក់ជាង១ពាន់តោន, បន្លែចម្រុះជាង៥ពាន់តោន និងផលិតផលចំនួន៦៦មុខផ្សេងទៀតជាង១លានតោន។ នេះបើតាមរបាយការណ៍នាំចេញរបស់ក្រសួងកសិកម្ម៕
 

Tag:
 ម្ទេសស្រស់
© រក្សាសិទ្ធិដោយ thmeythmey.com