កីឡាអន្តរជាតិ
អន្តរជាតិ
Messi ពន្យល់ពីរូបថតជាមួយកីឡាករ PSG ដោយសារភាពថា ការផ្លាស់ទៅ PSG គឺជាជម្រើសមួយ
09, Aug 2021 , 2:43 pm        
រូបភាព
រូបភាព៖ Marca
រូបភាព៖ Marca
ដោយ៖ជា យូគៀង

ក្លិបអ្នកមានបុណ្យ Barcelona បានធ្វើសន្និសីទកាសែត សម្រាប់ប្រធានក្រុម Lionel Messi ដែលជាការលាគ្នាចុងក្រោយបង្អោះ មុននឹងការចាកចេញរបស់រូបគេ នាថ្ងៃទី៨ ខែសីហា។


ក្នុងពេលថ្លែងសារលាមិត្តរួមក្រុមនេះ ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីន Messi ត្រូវបានអ្នកសារព័ត៏មានសួរថា តើការផ្លាស់ទៅកាន់ក្លិប Paris Saint Germain អាចទៅរួចដែរឬយ៉ាងណា? ឆ្លើយនឹងសំនួរដោយលាយឡំនឹងទឹកភ្នែកផងនោះ Messi ក៏បានសារភាពដែរថា ក្លិប PSG នេះ គឺជាជម្រើសមួយសម្រាប់រូបគេផងដែរ។
 
«PSG គឺជាជម្រើសមួយ ប៉ុន្តែនៅពេលនេះមិនទាន់មានការព្រមព្រៀងជាមួយក្លិបណាមួយនៅឡើយទេ។ នៅពេលសេចក្តីថ្លែងការរបស់ក្លិបបានចេញភ្លាម ខ្ញុំទទួលបានការហៅមកកាន់ទូរស័ព្ទខ្ញុំជាច្រើន ហើយក៏មានក្លិបមួយចំនួនដែលបានចាប់អារម្មណ៍។ ខ្ញុំមិនទាន់យល់ព្រមនៅឡើយ យើងកំពុងស្ថិតក្នុងការចរចា»។Messi បាននិយាយឆ្លើយតបក្នុងសន្និសីទសារព័ត៏មានបែបនេះ។
 
ទាក់ទងទៅនឹងរឿងរូបថត ដែលរូបគេបានថតជាមួយក្រុមកីឡាករ PSGនោះ Messi អះអាងថា រូបភាពនោះគឺជារូបក្នុងកម្មវិធីមួយនៅផ្ទះរបស់ Neymar ដែលជាអតីតមិត្តរួមក្រុមខ្លួន មុនថ្ងៃទទួលដំណឹងពីក្លិបមួយថ្ងៃ។ Messi បន្ថែមថា រូបភាពនោះ គ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះ។
 
ម្ចាស់ពានរង្វាន់កីឡាករឆ្នើម Ballon d’Or ៦ សម័យរូបនេះ បានផុតកិច្ចសន្យា និងលែងជាកីឡាកររបស់ក្លិបរហស្សនាមអ្នកមានបុណ្យចាប់តាំងពីថ្ងៃទី១ ខែកក្កដាម្លេះ។ ខ្សែបម្រើវ័យ ៣៤ឆ្នាំរូបនេះបានក្លាយជាកីឡាករគ្មានតម្លៃខ្លួន ហើយរូបគេអាចចេញទៅចូលរួមជាមួយក្លិបផ្សេងបានដោយគ្មានតម្លៃខ្លួនឡើយ។
 
១៨រដូវកាលជាមួយ Barcelona តារាឆ្នើម Messi បានជួយក្រុមលើកពានចំនួន៣៥ រួមមានជើងឯក La Liga ១០លើក Champion Leagues ៤លើក Spanish Super Cup ៨លើក Copa Del Rey ៧លើក Club World Cup ៣លើក និង European Super Cup ចំនួន៣លើក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com