អន្តរជាតិ
ហុងកុង ចង់យកច្បាប់ប្រឆាំងទណ្ឌកម្មបរទេសរបស់ចិនមកអនុវត្ត
09, Aug 2021 , 3:56 pm        
រូបភាព
លោកស្រី Teresa Cheng រដ្ឋមន្រ្តីយុត្តិធម៌ហុងកុង។ រូបថត Xinhua
លោកស្រី Teresa Cheng រដ្ឋមន្រ្តីយុត្តិធម៌ហុងកុង។ រូបថត Xinhua
រដ្ឋមន្រ្តីយុត្តិធម៌ហុងកុងលោកស្រី Teresa Cheng នៅថ្ងៃទី៨ ខែសីហា លើកឡើថា ច្បាប់ប្រឆាំង ទណ្ឌកម្មបរទេសដែលទីក្រុងប៉េកាំងបានអនុម័តកន្លងមក ក៏អាចយកទៅអនុវត្តក្នុងតំបន់រដ្ឋបាលពិសេសនេះតាមរយៈការបញ្ចូលច្បាប់នេះទៅក្នុងច្បាប់មូលដ្ឋានរបស់ហុងកុងផ្ទាល់។ ប៉ុន្តែ សភាចិនត្រូវបើកផ្លូវជាមុនសិន។

កាលពីខែមិថុនា សភាចិន បានអនុម័តច្បាប់ប្រឆាំងការដាក់ទណ្ឌកម្មរបស់បរទេសលើប្រជាជន ឬ ស្ថាប័ននានារបស់ចិន។ ច្បាប់ថ្មីនេះ ជាមូលដ្ឋានក្នុងការរារាំង ទប់ទល់ និងឆ្លើយតបនឹងការដាក់ ទណ្ឌកម្មរបស់បរទេសដោយខុសចឆ្គងមកលើបុគ្គល ឬអង្គភាពណាមួយរបស់ចិន មិនថាស្ថាប័នរដ្ឋ ឬ ឯកជនឡើយ។ សព្វថ្ងៃ ទណ្ឌកម្មលើប្រជាជន ឬស្ថាប័ននានារបស់ចិន ត្រូវដាក់ចេញដោយអាមេរិក និងប្រទេសនៅសហភាពអឺរ៉ុបជុំវិញជម្លោះពាណិជ្ជកម្ម សិទ្ធិមនុស្សនៅហុងកុង និងស៊ីនជាំងជាដើម។
 
សរសេរលើគេហទំព័រផ្លូវការមួយ លោកស្រី Teresa Cheng រដ្ឋមន្រ្តីយុត្តិធម៌ហុងកុង បង្ហាញជំហរយកច្បាប់នេះមកអនុវត្តក្នុងទីក្រុងផងដែរ។ លោកស្រី Cheng បានលើកឡើងថា វិធីសាស្រ្តដែលសមស្របបំផុត គឺបញ្ចូលច្បាប់នោះជាឧបសម្ព័ន្ធនៃច្បាប់មូលដ្ឋានហុងកុងតែម្ដង។ ដើម្បីសម្រេចការដាក់បញ្ចូល បែបនេះ ជំហានដំបូងបំផុត ត្រូវទទួលបានការអនុម័តគណៈអចិន្រ្តៃយ៍សភាប្រជាជនចិនសិន។ 
 
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ បានរាយការណ៍ថា ការសម្រេចចិត្តលើរឿងនេះ ទំនងត្រូវធ្វើឡើងក្នុង កិច្ចប្រជុំរបស់គណៈអចិន្ត្រៃយ៍សភាប្រជាជននៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី១៧​ ដល់ទី២០ ខែសីហាខាងមុខ។
 
កន្លងទៅ មន្រ្តីហុងកុងជាច្រើនរងទណ្ឌកម្មរបស់អាមេរិករាប់ទាំងប្រមុខរដ្ឋាភិបាល ការី ឡាំ ផងដែរ។ ដោយមិននិយាយចំឈ្មោះអាមេរិក លោកស្រី Cheng អះអាងថា វិធានការបង្ខិតបង្ខំ ដាក់ទណ្ឌកម្ម ឯកតោភាគី ជាសកម្មភាពខុសច្បាប់អន្តរជាតិ ដូចច្នេះចិនមានសិទ្ធិក្នុងការអនុម័តវិធានការតបតទៅ វិញ។
 
យ៉ាងណាមិញ ក្រុមប្រឆាំង ព្រមានថា ការយកច្បាប់របស់ចិនអនុវត្តនៅហុងកុង នឹងបំផ្លាញមុខមាត់ និងកេរ្តិ៍ឈ្មោះរបស់ទីក្រុងនេះនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក និងប៉ះពាល់ទំនុកចិត្តរបស់ ក្រុមហ៊ុនបរទេសដែលកំពុងវិនិយោគផងដែរ៕
 

Tag:
 ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com