កីឡាអន្តរជាតិ
ពីនេះ ពីនោះ
អន្តរជាតិ
រាល់ជ័យលាភីមេដាយមាសអូឡាំពិកចិន នឹងទទួលបានរថយន្ត Hongqi H9 ម្នាក់១គ្រឿង
09, Aug 2021 , 7:39 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ: ធីតា
ក្រុមហ៊ុនផលិតយានយន្ត China FAW Group នឹងផ្តល់រថយន្តប្រភេទសេដាន Hongqi H9 ដល់រាល់អត្តពលិកចិនដែលបានឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួរ។
 
ក្រុមហ៊ុនយានយន្តដ៏ចំណាស់ និងធំជាងគេនៅចិន បានបញ្ជាក់ថា៖ «រាល់ម្ចាស់មេដាយមាសនឹងត្រូវផ្តល់ឲ្យនូវរថយន្ត Hongqi H9 ម្នាក់១គ្រឿង រីឯក្រុមអត្តពលិកចិនដែលបានឈ្នះមេដាយប្រាក់ និងសំរឹទ្ធ នឹងទទួលបានសិទ្ធិប្រើប្រាស់រថយន្តក្រុមហ៊ុនគ្រប់ពេលវេលាផងដែរ»។ 
 
ចិនបានបញ្ជូនអត្តពលិកជាង៤០០នាក់ទៅចូលប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ លើ៣០ប្រភេទកីឡា។ ពួកគេត្រឡប់ទៅផ្ទះវិញជាមួយនឹងការដណ្តើមបានមេដាយមាស៣៨ ប្រាក់៣២ និងសំរឹទ្ធ១៨ ពោលគឺសរុប៨៨មេដាយ ដោយឈរចំណាត់ថ្នាក់លេខ២ បន្ទាប់ពីសហរដ្ឋអាមេរិក។


 
ក្នុងចំណោមមេដាយដែលចិនទទួលបានមានវិញ្ញាសាខ្លះ បានជាក្រុម និងខ្លះជាឯត្តជន ហើយអត្តពលិកខ្លះក៏ឈ្នះមេដាយស្ទួនផងដែ ក្នុងនោះមានដូចជាកីឡាការិនីហែលហែលទឹក Zhang Yufei ឈ្នះមេដាយមាស២ និងប្រាក់២ រីឯ កីឡាការិនីវ័យកូនបាល់ Chen Meng, កីឡាករវាយកូនបាល់ Ma Long, កីឡាការិនីលោតជ្រមុជទឹក Shi Tingmao, កីឡាករលោកជ្រមុជទឹក Xie Siyi និងកីឡាការិនីបាញ់កាំភ្លើង Yang Qian ជាដើម សុទ្ធតែបានមេដាយមាសម្នាក់២។
 
ដោយឡែកនៅឥណ្ឌា កីឡាករចោលលំពែង Neeraj Chopra បានក្លាយជាវីរបុរសប្រចាំប្រទេស ក្នុងនាមជាជ័យលាភីមេដាយមាសតែម្នាក់គត់ក្នុងចំណោម៧មេដាយដែលឥណ្ឌាទទួលនៅតូក្យូ ក្រៅពីនោះមានប្រាក់២ និងសំរឹទ្ធ។ ជាមួយនឹងប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ពីរដ្ឋ និងបណ្តាក្រុមហ៊ុននានា Chopra ក៏នឹងទទួលបានរថយន្តថ្មី XUV 700 មួយគ្រឿងពីលោក Anand Mahindra ប្រធានក្រុមហ៊ុន Mahindra Group ផងដែរ៕
 


 

© រក្សាសិទ្ធិដោយ thmeythmey.com