អន្តរជាតិ
កូរ៉េខាងជើង ព្រមានអាមេរិកនិងកូរ៉េខាងត្បូងដែលបន្តធ្វើសមយុទ្ធយោធា
10, Aug 2021 , 12:59 pm        
រូបភាព
ស​មយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូងនាពេលកន្លងមក។ រូបថត Xinhua
ស​មយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូងនាពេលកន្លងមក។ រូបថត Xinhua
ដោយ៖ ងួន សុភាវត្តី

ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង លោកស្រី គីម យ៉ូចុង ចេញសារព្រមានជាថ្មីទៀតទៅកាន់អាមេរិក និងកូរ៉េខាងត្បូងដែលរៀបចំសមយុទ្ធយោធារួមគ្នា ទោះកូរ៉េខាងជើងប្រាប់ឱ្យផ្អាកក្ដី។ ក្នុងសេចក្ដីថ្លែងការណ៍មួយចេញនៅថ្ងៃទី១០ ខែសីហា ប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក គីម ជុងអ៊ុន អះអាងថា ប្រទេសទាំង២នេះ នឹងប្រឈមមុខការគំរាមកំហែងផ្នែកសន្តិសុខកាន់តែខ្លាំងឡើង។

អាមេរិក និងកូរ៉េខាងត្បូង នៅថ្ងៃទី១០ ខែសីហា បានរៀបចំសមយុទ្ធបឋមមួយមុនការធ្វើសមយុទ្ធទ្រង់ទ្រាយធំ។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Yonhap ។ អាមេរិក និងកូរ៉េខាងត្បូង ហាក់មិខ្វល់ការព្រមានរបស់កូរ៉េខាងជើងពីផលប៉ះពាល់អវិជ្ជមានក្នុងទំនាក់ទំនងអន្តរកូរ៉េឡើយ។ 
 
នៅថ្ងៃទី១០ ខែសីហានេះដែរ លោកស្រី គីម យ៉ូចុង ដែលបានព្រមានអាមេរិក និងកូរ៉េខាងត្បូងរួចម្ថហហើយនោះ ក៏ផ្ញើសារព្រមានមួយទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA លោកស្រី គីម អះអាងថា សមយុទ្ធនេះជាសកម្មភាពគំរាមកំហែងប្រជាជនកូរ៉េខាងជើង និងបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ។
 
«អាមេរិកនិងកូរ៉េខាងត្បូង នឹងប្រឈមមុខការគំរាមកំហែងសន្តិសុខកាន់តែធ្ងន់ធ្ងរឡើងតាមរយៈការមិនអើពើនឹងការព្រមានម្តងហើយម្តងទៀតរបស់យើងក្នុងការបន្តធ្វើសមយុទ្ធនេះ»។ ប្អូនស្រីលោក គីម ជុងអ៊ុន បញ្ជាក់បែបនេះ។ មន្រ្តីកូរ៉េខាងជើងរូបនេះ ក៏បានចោទកូរ៉េខាងត្បូងថា មានចេតនាមិនស្មោះត្រង់ក្នុងការស្ដារទំនាក់ទំនងអន្តរកូរ៉េ ព្រោះហ៊ានធ្វើសមយុទ្ធជាមួយអាមេរិកបន្ទាប់ពីបណ្តាញទាក់ទងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូលត្រូវបានតភ្ជាប់ឡើងវិញ។
 
បើតាមលោកស្រី គីម សកម្មភាពយោធាអាមេរិកបានបង្ហាញថា ការពិភាក្សាលក្ខណៈការទូតរបស់ទីក្រុងវ៉ាស៊ីនតោន ជាការលាក់ពុតក្នុងគោលបំណងឈ្លានពាននៅឧបទ្វីបកូរ៉េ។ លោកស្រីក៏ទាមទារឱ្យអាមេរិកដកទ័ពរបស់ខ្លួនចេញពីកូរ៉េខាងត្បូង ព្រោះថា សន្ដិភាពនៅឧបទ្វីបកូរ៉េ អាចមានទៅបានលុះត្រាតែអាមេរិកដកទ័ពចេញ។
 
ទាក់ទងសមយុទ្ធប្រចាំឆ្នាំនេះ ក្រសួងការពារជាតិកូរ៉េខាងត្បូង បញ្ជាក់ថា ពេលវេលា ទំហំ និងទ្រង់ទ្រាយសមយុទ្ធមិនទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ។ 
 
គួរបញ្ជាក់ថា កូរ៉េខាងត្បូងនិងអាមេរិក បានពង្រួមសមយុទ្ធរួមគ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទាំងទំហំ និងគោលបំណង ដើម្បីសម្រួលដល់កិច្ចចរចារវាងអាមេរិក និងកូរ៉េខាងជើងពីបញ្ហានុយក្លេអ៊ែរនិងមីស៊ីលរបស់ព្យុងយ៉ាង។ ប៉ុន្តែការចរចានេះបានជាប់គាំងតាំងពីនៅឆ្នាំ២០១៩ ដោយមិនបានទទួលផលអ្វីឡើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com