ជាតិ
សុខភាព
JICA និងក្រសួងសុខាភិបាល ព្រមព្រៀងគ្នា ពង្រឹងសមត្ថភាពនិងជំនាញ​គិលានុបដ្ឋាក នៅកម្ពុជា
13, Aug 2021 , 4:38 pm        
រូបភាព
រូបពីហ្វេសប៊ុកគណៈគិលានុបដ្ឋាកកម្ពុជា
រូបពីហ្វេសប៊ុកគណៈគិលានុបដ្ឋាកកម្ពុជា
ក្រសួងសុខាភិបាល និងអង្គការចៃកា(JICA) បានចុះបានសម្រេចចុះកិច្ចព្រមព្រៀងដាក់ឱ្យដំណើការជាផ្លូវការ ​គម្រោងសហប្រតបត្តិការបច្ចេកទេសស្តីពី«គម្រោងពង្រឹងប្រព័ន្ធបណ្តុះបណ្តាលក្នុងពេលបម្រើការងារនៅប្រទេសកម្ពុជា» កាលពីថ្ងៃទី១២ សីហា។ ពិធីចុះកិច្ចព្រមព្រៀងនេះ មានការចូលរួមពីលោក អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រី កាមេយ ហារូកុ(Kamei Haruko) ប្រធានតំណាងការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា។
 
សេចក្តីប្រកាសព័ត៌មានរបស់ JICA នៅថ្ងៃទី១៣ សីហានេះ ឱ្យដឹងថា គម្រោងនេះ​រយៈពេល៥ឆ្នាំ គ្រោង​ចាប់ផ្តើម នាខែវិច្ឆិកា ឆ្នាំ២០២១នេះ។ គោលបំណងនៃគម្រោងនេះ គឺដើម្បីពង្រឹងប្រព័ន្ធបណ្តុះបណ្តាលក្នុងពេលបម្រើការងារសម្រាប់គិលានុបដ្ឋាក នៅក្នុងប្រ​ទេសកម្ពុជា ក្នុងការបង្កើនសមត្ថភាព ក៏ដូចជាជំនាញ ដោយផ្តោតសំខាន់ទៅលើគិលានុបដ្ឋាក ដែលបានចុះបញ្ជីរួច។ 
 
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ទៀតថា៖ «គម្រោងនេះ នឹងរៀបចំសេចក្តីណែនាំថ្នាក់ជាតិ និងផែនការបណ្តុះបណ្តាល ជាប្រព័ន្ធលើមុខវិជ្ជាដោយផ្អែកលើផែន​ការបណ្តុះបណ្តាលរួមទាំងវគ្គបណ្តុះបណ្តាល ដែលមានស្រាប់»។
 
គម្រោងនេះ ក៏នឹងគាំទ្រដល់កិច្ចខិតខំប្រឹប្រែងរបស់រដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃសេវាថែទាំងរបស់គិលានុបដ្ឋាក ស្របតាមប្រព័ន្ធបន្តអាជ្ញាបណ្ណ តាមរយៈការអភិវឌ្ឍ​វិជ្ជាជីវៈបន្ត(CPD) សម្រាប់គិលានុបដ្ឋាកដែលមានស្រាប់៕
 

Tag:
 JICA
© រក្សាសិទ្ធិដោយ thmeythmey.com