កីឡាអន្តរជាតិ
អន្តរជាតិ
Parchment ទាន់ការប្រកួតហើយឈ្នះមេដាយមាសអូឡាំពិក ដោយសារបុគ្គលិកស្ម័គ្រចិត្តម្នាក់ជួយបង់ថ្លៃតាក់ស៊ី
15, Aug 2021 , 2:39 pm        
រូបភាព
ប្រភពរូបថតទាំងអស់៖ Xinhua
ប្រភពរូបថតទាំងអស់៖ Xinhua
ដោយ: ធីតា
កីឡាករហ្សាម៉ៃអ៊ីក Hansle Parchment បានក្លាយជាម្ចាស់មេដាយមាសលើវិញ្ញាសារត់ឆ្លងឧបសគ្គចម្ងាយ១១០ម៉ែត្រ ពីព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ (Tokyo 2020)។ តាមរយៈវីដេអូមួយ Parchment បានបង្ហាញពីទង្វើដ៏ល្អរបស់បុគ្គលិកស្ម័គ្រចិត្តម្នាក់ដែលបានបង់ថ្លៃតាក់ស៊ីជំនួសខ្លួន ដែលធ្វើឲ្យគេទៅប្រកួតទាន់ពេលវេលា និងឈ្នះមេដាយមាស។
 
កាលពីថ្ងៃទី៥ ខែសីហា Hansle Parchment ត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រវិញ្ញាសារត់ឆ្លងឧបសគ្គចម្ងាយ១១០ម៉ែត្រ ក្នុងព្រឹត្តិការណ៍ Tokyo 2020។ គេស្ទើរតែខកបង្ហាញវត្តមានក្នុងការប្រកួត ដោយបានឡើងជិះរថយន្តខុស និងមានផ្លូវផ្ទុយពីទីតាំងប្រកួត។
 
កីឡាករហ្សាម៉ៃអ៊ីករូបនេះ យល់ថា គេច្បាស់ជាខកការប្រកួត ប្រសិនបើជិះបកក្រោយទៅភូមិកីឡាវិញ ។ ភ្លាមៗ គេបានទាក់ទងទៅរថយន្តផ្លូវការសម្រាប់ព្រឹត្តិការណ៍អូឡាំពិក ប៉ុន្តែអ្នកបើកបរ និងមន្ត្រី អនុវត្តតាមគោលការណ៍តឹងរ៉ឹង ច្បាស់លាស់ ដោយមិនធ្វើតាមសំណូមពររបស់គេបាននោះឡើយ។
 



នៅពេលដែល Parchment កំពុងគិតពីមធ្យោបាយទៅឲ្យទាន់ពេលវេលា បុគ្គលិកស្ម័គ្រចិត្តម្នាក់ឈ្មោះ Tiana ស្ទុះស្ទារយកលុយផ្ទាល់ខ្លួន ឲ្យកីឡាកររូបនេះ បង់ថ្លៃតាក់ស៊ីដើម្បីឆ្ពោះទៅកាន់ទីតាំងប្រកួតផ្ទាល់។ «ខ្ញុំបានឃើញនារីស្ម័គ្រចិត្តរូបនេះ ហើយបានសុំគាត់ឲ្យជួយ ហើយគាត់មិនមានសិទ្ធិធ្វើអ្វីច្រើនឡើយ ក្រោយមក គាត់បានផ្តល់លុយមួយចំនួនដល់ខ្ញុំដើម្បីបង់ថ្លៃតាក់ស៊ី»។ Parchment បានរៀបរាប់យ៉ាងដូច្នេះ ដោយបានអះអាងបន្ថែមថា ទឹកចិត្តមួយនេះ បានធ្វើឲ្យគេទៅកាន់ពេលហ្វឹកហាត់ មុននឹងឈានដល់ការប្រកួតទាន់ពេលវេលា។
 
ក្នុងចំណោមកីឡាករ៨នាក់ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រ Parchment បានទៅដល់ទីមុនគេក្នុងថិរវេលា ១៣.០៤ នាំមុខកីឡាករអាមេរិក Grant Holloway (មេដាយប្រាក់) និងមិត្តរួមជាតិហ្សាម៉ៃអ៊ីក Ronald Levy (មេដាយសំរឹទ្ធ)។ នេះជាមេដាយអូឡាំពិកទី២របស់ Parchment ដោយកាលពីឆ្នាំ២០១២ នៅក្រុងឡុងដ៍ គេបានឈ្នះមេដាយសំរឹទ្ធ។
 
ក្រោយទទួលបានមេដាយមាស Parchment បានវិលទៅរក Tijana Kawashima ដើម្បីអរគុណ និងបង្ហាញមេដាយនាង។ ក្រៅពីយកប្រាក់សងវិញ អត្តពលិករូបនេះ ក៏បានផ្តល់អាវយឺតជាអនុស្សាវរីយ៍ផងដែរ។ «អ្នកពិតជាមានគុណដែលជួយឲ្យខ្ញុំទៅប្រកួតទាន់ពេលវេលា»។ Parchment បាននិយាយយ៉ាងដូច្នេះទៅកាន់ Tiana៕


 ប្រភពរូបថតទាំងអស់៖ Xinhua
 
 

Tag:
 Tokyo 2020
© រក្សាសិទ្ធិដោយ thmeythmey.com